Tuesday, April 28, 2015

លោក ​​ប៉ែន ​បូណា​៖ “គួរ​​​ឱ្យ​​​ស្ដាយ​​​​​​​គ្មាន​​​បេក្ខ​ភាព​​ជា​​ស្ត្រី​​ឈរ​​ឈ្មោះ​​បោះ​​ឆ្នោត​​​​សមា​ជិក​​គណៈ​​នាយក​​​​​​​”

ប្រភពមកពី៖ news.sabay.com.kh
លោក​ ប៉ែន បូណា​ និពន្ធនាយក​​នៅ​ស្ថានីយ​ទូរទស្សន៍ PNN ដែល​​​ត្រូវ​បាន​សមាជិក​​​ក្លឹប​អ្នក​ការ​សែត​បោះ​​ឆ្នោត​​ឱ្យ​ក្លាយ​ជា​ប្រធាន​​​អាណត្តិ​​ទី​៥​ ​មាន​អារម្ភ​សោក​ស្ដាយ​ដែល​​អ្នក​ឈរ​ឈ្មោះ​ជា​សមាជិក​គណៈ​នាយក​​ក្លឹប​អ្នក​កាសែត​​​​គ្មាន​​បេក្ខភាព​ស្ត្រី។ ​

“តាម​ពិត​យើង​បាន​​ខិត​​ខំ​ស្វែង​រក ​​ស្រាវ​ជ្រាវ…​ក្លឹប​អ្នក​កាសែត​កម្ពុជា​​មិន​បាន​បំភ្លេច​ទេ ​​អំពី​បេក្ខភាព​នារី​​។ យើង​បាន​​ប្រកូក​ប្រកាស​ ហើយ​បាន​​បញ្ចុះ​បញ្ចូល​​បេក្ខភាព​ជា​ស្រ្តី​ហ្នឹង​​ច្រើន​​ដើម្បី​​ឱ្យ​គាត់​មក​ឈរ​ឈ្មោះ​ ប៉ុន្តែ​ជា​លទ្ធផល​យើង​គួរ​ឱ្យ​សោក​ស្តាយ​​ដោយ​សារ​យើង​មិន​បាន​បេក្ខនារី​មក​ឈរ​ឈ្មោះ​​ជា​សមាជិក​គណៈ​នាយក​”​។ ​​នេះ​បើ​តាម​ប្រសាសន៍​លោក​ ប៉ែន បូណា​។ លោក​បាន​​អំពាវ​នាវ​ និង​ស្វាគមន៍​ដល់​​​​បេក្ខនារី​​ ត្រូវ​ត្រៀម​ខ្លួន​ឈរ​ឈ្មោះ​​សម្រាប់​​ការ​បោះ​ឆ្នោត​អាណត្តិ​ក្រោយ​ៗ​ទៀត​។

ការ​បោះ​ឆ្នោត​កាល​ពី​​ព្រឹក​មិញ​​ លោក​ ប៉ែន បូណា​​ ទទួល​បាន​​សម្លេង​គាំទ្រ ១៣៤​ ជាប់​ជា​ប្រធាន​ក្លឹប​អ្នក​កាសែត​ជំនួស ​លោក ប៉ែន​ សមិទ្ធិ ដែល​​ទទួលមរណៈភាព​​​កាល​​ពី​ពេល​ថ្មី​ៗ​នេះ​។ លោក​ ឆាយ​ សុផល​ ​សាស្ត្រាចារ្យ​ផ្នែក​ព័ត៌មាន​ទទួល​បាន​​សម្លេង​​គាំទ្រ​​ ១២៥ ​ត្រូវ​បាន​តែង​តាំង​​ជា​នាយក​ប្រតិបត្តិ​​​ក្លឹប​អ្នក​កាសែត​។​ ចំណែក​លោក​ ពុយ​ គា​ អ្នក​កាសែត​ជើង​ចាស់​​ទទួល​បាន​សម្លេង​គាំទ្រ​​ ១១៧​ ត្រូវ​តែង​តាំង​ជា​អគ្គលេខាធិការ​ក្លឹប។

ក្លឹប​អ្នក​កាសែត​​កម្ពុជា​ត្រូវ​បាន​បង្កើត​​ឡើង​កាល​ពី​ឆ្នាំ​២០០០ ​ដែល​គិត​មក​ដល់​ពេល​​នេះ​មាន​​អាយុ​កាល​ ១៥ ឆ្នាំ​ហើយ​៕

CCJ-Election

CCJ-Election-1

CCJ-Election-2

CCJ-Election-3

CCJ-Election-5

អត្ថបទ៖មៃ សុខលីម

Wednesday, April 22, 2015

មិននឹកស្មានថា​ ផ្លែខ្នុរ មានប្រយោជន៍ ចំពោះសុខភាព ច្រើនដល់ថ្នាក់ នេះសោះ!

ប្រភពមកពី៖ khmerload
ផ្លែខ្នុរ ជាផ្លែឈើមួយប្រភេទ ដែលមាន រសជាតិផ្អែម ជាប់ចិត្ត ហើយមនុស្សភាគច្រើន ក៏តែងតែ ចូលចិត្តទទួលទានវា ហើយមិនតែប៉ុណ្ណោះ វាក៏បាន ជួយទៅដល់សុខភាព ផងដែរ។
តើអ្នកដឹងទេថា ផ្លែខ្នុរ មានអត្ថប្រយោជន៍ អ្វីខ្លះ?
១) ធ្វើឲ្យសម្ពាធឈាមថេរ៖  តាមការសិក្សាជាច្រើន បានរកឃើញថា អាហារណាដែលសម្បូរ ជាតិប៉ូតាស្យូម អាចជួយកាត់បន្ថយ សម្ពាធឈាម ឡើងខ្ពស់។ ចំពោះខ្នុរ មានជាតិប៉ូតាស្យូម ចំនួន ៣០៣មីលីក្រាម ក្នុងខ្នុរ ចំនួន ១០០ក្រាម ដូច្នេះប្រសិនបើអ្នក ទទួលទានវាជាប្រចាំ នឹងជួយឲ្យ សម្ពាធឈាម ស្ថិតក្នុងស្ថានភាពថេរ ហើយក៏អាច ជួយឲ្យធូរស្រាល ចំពោះអ្នកដែលមានបញ្ហា សម្ពាធឈាមខ្ពស់ ផងដែរ។
២) ល្អចំពោះស្បែក៖ ខ្នុរសម្បូរទៅដោយ ជាតិវីតាមីន A និង C ដែលជួយឲ្យ ស្បែករបស់អ្នក ក្មេង ជាងវ័យ។ បន្ថែមពីនេះទៅទៀត វាក៏បានផ្ទុក នូវជាតិ សារធាតុប្រឆាំង នឹងអុកស៊ីតកម្ម ដែលជួយឲ្យ កោសិកា លូតលាស់ បានល្អប្រសើរ។ មិនតែប៉ុណ្ណោះ ខ្នុរ បានដើរតួនាទី យ៉ាងសំខាន់ ក្នុងការ ពង្រឹង ប្រព័ន្ធភាពស៊ាំ និងការពារ ការឆ្លងមេរោគស្បែក ផ្សេងៗផងដែរ។
៣) ល្អចំពោះបេះដូង និងឆ្អឹង៖ ខ្នុរ គឺជាប្រភព ដែលផ្តល់នូវ ជាតិវីតាមីន B6 ល្អបំផុត ដែលអាចកាត់បន្ថយ អត្រា homocysteine ( អាស៊ីតអាមីណូ ដែលគ្មានជាតិប្រូតេអ៊ីន) នៅក្នុងឈាម។ បន្ថែមពីនេះទៅទៀត វាមានប្រយោជន៍ ចំពោះសុខភាពឆ្អឹង ព្រោះសម្បូរទៅដោយ ជាតិម៉ាញ៉េស្យូម និងកាល់ស្យូម ដែលជួយពង្រឹងឆ្អឹងរបស់អ្នក ឲ្យកាន់តែរឹងមាំ។ មិនតែប៉ុណ្ណោះ ផ្លែខ្នុរនេះ អាចការពារ ការប្រឈមនឹងជម្ងឺ ខះទឹកសន្លាក់ និង ជម្ងឺពុកឆ្អឹង។
៤) ទប់ទល់នឹងជម្ងឺហឺត៖ ខ្នុរមានជាតិប៉ូតាស្យូម វីតាមីនB កាល់ស្យូម ជាតិដែក ស័ង្កសី និងសារធាតុ ផ្សេងៗ ទៀតជាច្រើន។ ចំពោះអ្នករងនូវ ជម្ងឺហឺត អាចស្ងោរ មើមខ្នុរ ហើយទាញយក អាហាររូបត្ថម្ភពីវា ដើម្បីជួួយទប់ទល់នឹង ជម្ងឺហឺត។ ក្នុងនោះដែរ មើមខ្នុរ ក៏អាចព្យាបាល នូវជម្ងឺរាគ ក្តៅខ្លួន និងបញ្ហាស្បែក ផងដែរ។
៥) ជួយប្រព័ន្ធរំលាយអាហារ៖ ផ្លែខ្នុរ មានវីតាមីន C ខ្ពស់ ដែលមិនត្រឹមតែជួយ លើប្រព័ន្ធភាពស៊ាំ ប៉ុណ្ណោះទេ ថែមទាំងជួយលើ ប្រព័ន្ធរំលាយ អាហារ ថែមទៀត។ ម្យ៉ាងវិញទៀត ពិសារផ្លែខ្នុរ ក៏អាចជួួយ ការពារ បញ្ហាទល់លាមក ផងដែរ។
ទាំងនេះ ជាអត្ថប្រយោជន៍ របស់ផ្លែខ្នុរ ចំពោះសុខភាព៕  


ប្រភព បរទេស
ដោយ៖ កា

ភាព​​​ភ្ញាក់​ផ្អើល​លើ​ឆាក​ចំណេះ​ដឹង​ពិភពលោក​ថ្មី​ៗ​៤​​ របស់​ក្រុម​យុវជន​​ឆ្នើម​​ខ្មែរ​

ប្រភពមកពី៖ news.sabay.com.kh
ស៊ូ ហ្សូលីដា ​តែង​សេចក្ដី​ជាប់ Top 10 ពិភពលោក​​
វា​មិន​មែន​ជា​រឿង​​យក​បាន​ផុយៗ​ទេ ​សម្រាប់​ការ​​​​​​ក្លាយ​​​​​ជា​​​ អត្ថបទ​​ ​ទឹក​ដៃ​ល្អ​​ៗ​​​កំពូល​ទាំង​១០ (Top 10) ក្នុង​ការ​ប្រកួត​តែង​សេចក្ដី​​ពិភពលោក ​​​មាន​​​បេក្ខជន​សរុប​ជាង​៨០០​នាក់ មក​ពី​៣០​ប្រទេស​ជុំ​វិញ​ពិភពលោក​ចូល​រួម​ ផ្ដោត​លើ​​​​ប្រធាន​បទ ​​​បញ្ហា​យុវវ័យ​ប្រឈម​ចំពោះ​សុខភាព​​។ កញ្ញា​ ស៊ូ ហ្សូលីដា ​បាន​បង្កើត​ការ​​ភ្ញាក់ផ្អើល​​សម្រាប់​​យុវជន​កម្ពុជា​​​ទាំង​មូល​​ ​នៅ​ពេល​​ដែល​​​សំណេរ​​​តែង​សេច​ក្ដី​ភាសា​អង់​​គ្លេស​របស់​នាង​​ចំណង​ជើង​ថា​ «ការ​ធ្វើ​ទុក្ខ​​បុក​ម្នេញ​ខាង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត» ​ឬ​​ជា​ភាសា​អង់គ្លេស​ថា​​  «Bullying» ត្រូវ​បាន​ជ្រើសរើស​​ឲ្យ​ជាប់​អត្ថបទ​ឆ្នើម​ទាំង​១០ ​ក្នុង​ការ​ប្រកួត​តែង​សេចក្ដី​​អន្តរជាតិ​​នៃ​កម្មវិធី  Akili Initiative ឆ្នាំ​២០១៤​​​នោះ​។

Sou-Solida-wins-essay-competition1

ហ្សូលីដា បាន​ការ​អញ្ជើញ​ទៅ​ចូល​រួម​សន្និបាត​​យុវជន​ពិភពលោក​នៅ​ស្ត្រីលង្កា​​​ដើម្បី​ស្ដាប់​ការ​ប្រកាស​ជយលាភី​ ប៉ុន្តែ​​​ជា​ទី​បញ្ចប់​​​ជើង​ឯក​​បាន​​ធ្លាក់​​​​លើ​ដៃ​បេក្ខជន​​ឥណ្ឌា។ «តែ​ យ៉ាង​ហោច​ណាស់​​ ខ្ញុំ​អាច​ជាប់​ជា​ជម្រើស​១០​នាក់​ចុង​ក្រោយ​នៅ​ក្នុង​កម្មវិធី​ ហើយ​បាន​ជួយ​លើក​​ស្ទួយ​ឲ្យ​​វិស័យ​អប់​រំ​របស់​កម្ពុជា​​​​​មាន​មុខ​លើ​ឆាក ​អន្តរជាតិ​​ផង​ដែរ។ ​ខ្ញុំ​សង្ឃឹម​ថា​​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​អាច​មាន​សមត្ថភាព​​លើក​ស្ទួយ​ ការ​អប់រំ​នៅ​កម្ពុជា​ឲ្យ​បាន​ល្បី​ឈ្មោះ​ផង​ដែរ​​»​។ កញ្ញា​ ស៊ូ ហ្សូលីដា​​ រៀប​រាប់​ជា​ចុង​ក្រោយ​ដូច្នេះ។ ហ្សូលីដា​ អតីត​និស្សិត​វិទ្យាស្ថាន​ភាសា​បរទេស ​បញ្ជាក់​​​ក្នុង​បទ​សម្ភាស​មក Sabay កន្លង​មក។​

គម្រោង​​អាជីវកម្ម​​​ Smart Food  ឈ្នះ​ពាន​រង្វាន់​ពិភពលោក​

ពិភព​សហគ្រិន​ខ្មែរ​​បើក​ភ្នែក​ធំ​ៗ​​​មិន​តិច​ទេ​ដែល «Smart Food» គម្រោង​​អាជីវកម្ម​​ សរសេរ​​​​ដោយ​​សិស្ស​វិទ្យាល័យ​​​ភ្នំពេញ​​​៨​នាក់​ និង​សិស្ស​ស្រី​ពីរ​នាក់​មក​ពី​ កំពង់​ចាម និង បន្ទាយ​មានជ័យ ​បាន​​​ឈ្នះ​​ពាន​​ដល់​ទៅ​ពីរ​ គឺ​​ពាន​​ អាស៊ី​​ប៉ាស៊ីហ្វិក និងពាន​​​ពិភពលោក ​​​​​ដ៏​​​ធំ​បំផុត​​​របស់​មជ្ឈមណ្ឌល GEC​ ឆ្នាំ​មុន​នេះ​​​​​។ ​ស្នាដៃ​របស់​​យុវជន​វិទ្យាល័យ​ខ្មែរ ​បាន​វាយ​ផ្ដួល​​ក្រុម​គូ​ប្រជែង​មក​ពី​ប្រទេស​​ជឿន​លឿន​ជា​ច្រើន​​ទាំង​មហា​អំណាច អាមេរិក អាល្លឺម៉ង់ ជប៉ុន​ ម៉ិកស៊ីកូ កាណាដា អូស្ត្រាលី ហ្វីលីពីន​​ ជា​ដើម ដើម្បី​​ច្បាម​​យក​ពាន​រង្វាន់​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា។

54920140625074808

Smart Food ​ជា​គម្រោង​អាជីវកម្ម​ ដែល​ដើរ​​តួ​​​ជា​ឈ្មួញ​​​​​​កណ្ដាល​​ សហការ​​​ឲ្យ NGO ជំនាញ​កសិកម្ម​ ចុះ​ផ្ដល់​បច្ចេកទេស​និង​​បង្រៀន​​កសិករ​ខ្មែរ ឲ្យ​​ដាំដុះ​បន្លែ និង​ចិញ្ចឹម​សត្វ​​បែប​ធម្មជាតិ​​​ទទួល​​​​ផល​ខ្ពស់។​ ​​​ផល​បន្លែ​​​​សាច់ នឹង​​​ត្រូវ​ប្រមូល​ទិញ​​​ យក​ទៅ​ដាក់​​លក់​​​​​តាម​បច្ចេកទេស​ទំនើប​ ​ដោយ​រៀប​ចំ​ជា​ឈុត​ៗ ​​រួច​​ជា​ស្រេច​​ ដួច​​ក្នុង​ផ្សារ​ទំនើប​អីចឹង​ ​​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អតិជន​គោលដៅ​ដែល​ពុំ​មាន​ពេល​ច្រើន ​​ក្នុង​ការ​​រក​​​​​ម្ហូប​​អាហារ​​មាន​សុវត្ថិភាព​​។ ​ប្រាក់​ចំណេញ​១០​%​ ​នឹង​ត្រូវ​​​ច្រៀក​​​ឲ្យ NGO ​ដើម្បី​​​​សកម្មភាព​សហ​ការងារ​នេះ។
បន្លែ ​សាច់​​នឹង​​​ផ្គត់ផ្គង់​អតិថិជន​​ទាំង​នៅ​ឆៅ​ស្រស់ និង​ចម្អិន​​ជូន ដោយ​មាន​​បរិមាណ​៣​​​កម្រិត​ទៅ​តាម​​តម្រូវការ​​។ ​ការ​​ដាក់​លក់​​ផលិតផល​ គឺ​​​គ្រប់គ្រង​​​​ទំនើប​តាម​បែប​បច្ចេកវិទ្យា​​ចុង​ក្រោយ​ព្រោះ​​ថា Smart Food មាន​​បំពាក់​​ Board Code ​នៅ​តាម​​គោលដៅ​​​​សម្បូរ​មនុស្ស​។ ​គេ​​​អាច​​​បញ្ជា​ទិញ​​​ បន្លែ​​ម្ហូប​​ Smart Food ​នៅ​គ្រប់​​កន្លែង​​មាន Board Code ​​តាម​រយៈ​ការ​ប្រើ​​​ទូរសព្ទ​​ Smartphone ​ស្ដេន​​​មុខ​ម្ហូប​ឬ​​ឈុត​បន្លែ​សាច់​​ដែល​​ពេញ​ចិត្ត​​។

ប៉ែន សុខអាន​​ជើង​​ឯក​អាស៊ីប៉ាស៊ីហ្វិក​

វ័យ​មិន​​​ដល់​២០​​ឆ្នាំ​​ឡើយ​កញ្ញា ​ប៉ែន សុខអាន ​​​​​ជា​ជើង​ឯក​ថ្នាក់​ជាតិ​នៃ​ការ​​ប្រកួត​​វោហារ​សព្ទ​ជា​សាធារណៈ​​រៀប​ចំ​ដោយ​ JCI កម្ពុជា​ សាខា​​ចតុមុខ​​ឆ្នាំ​ទៅ​មិញ​​។ ​សុខអាន ​​​បាន​​​​​​​​​បន្ត​ទៅ​​កាន់​​ការ​ប្រកួត​ថ្នាក់​តំបន់​នៅ​ JCI  Asia Pacific Conference នៅ​​ប្រទេស​ជប៉ុន​​ ​និង​បាន​ពុះ​​​ហែក​ភាព​រំជើបរំជួល​​ ដោយ​​​​​ក្លាយ​ខ្លួន​​​ជា​​​​​​ម្ចាស់​ពាន​​​ប្រចាំ​​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​​​ ​ដោយ​ការ​ផ្ដួល​​​តាម​រយៈ​ចំណេះដឹង​ប្រើ​ថ្វី​មាត់ លើ​យុវជន​ពី​ប្រទេស​​ផ្សេង​ៗ​ដូច​ជា ម្ចាស់​ផ្ទះ​ជប៉ុន ម៉ុងហ្គោលី ​ម៉ាឡេស៊ី ហ្វីលីពីន និង​ ឥណ្ឌា ជា​​ដើម។​ សុខអាន បាន​​​ក្លាយ​ជា​បេក្ខជន​ម្នាក់​ចំណោម​ដៃ​​​គូ​​ឆ្នើម​​ៗ​៣​នាក់​ទៀត​ដែល​ជា​ជើង​ឯក​ប្រចាំ​ទ្វីប​ អាមេរិក អឺរ៉ុប និង អាហ្វ្រិក​​​​ នា​​​​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​​កម្រិត​ពិភពលោក​ក្នុង​ សន្និសីទ​​ពិភពលោក​របស់ JCI ​នៅទីក្រុង​ Leipzig ប្រទេស​អាល្លឺម៉ង់​កាល​ចុង​ឆ្នាំ​មុន។ ប៉ុន្តែ​ សុខអាន មិន​​អាច​ចាប់​យក​​ចំណាត់​ថ្នាក់​ជើង​ឯក​​បាន​ឡើយ ពោល​​ទី​បញ្ចប់​ Paul Akingbola​​​ សញ្ជាតិ​​​​នីហ្សេរីយ៉ា តំណាង​ទ្វីប​អាហ្វ្រិក​​​បាន​ឈ្នះ​​​​ជើង​​​​​ឯក​ពិភពលោក​​​។  ​​

1795919_1645915598968829_3815325086489416522_o
ប៉ែន សុខអាន ជាមួយ​ដៃគូ​ជើងឯកប្រចាំ​ទ្វីប អាមេរិក អឺរ៉ុប និង អាហ្វ្រិក
​គំរូអាជីវកម្ម​បុណ្យ​សព​ ​
កំពុង​បន្ត​​បរិញ្ញាបត្រ​​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​​ឆ្នាំ​ទី​៣​ដូច​គ្នា ​ហោ ស៊ីវហុង និង​ ឡាយ ឈុនយី ​​ក្លាយ​ជា​​ម្ចាស់​មេដាយ​មាស​​ប្រចាំ​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​ជា​ប្រវត្តិសាស្ត្រ​ ក្នុង​វេទិកា​​ប្រកួត​ប្រជែង​ គំរូ​អាជីវកម្ម​ Menkong Business Challenge នៅ​ទី​ក្រុង​ហាណូយ​ប្រទេស​វៀតណាម​កាល​ខែ​​កុម្ភៈ។ សីវហុង និង ឈុនយី នឹង​​​នាំ​គំរូ​អាជីវកម្ម​ឆ្នើម​​ខ្លួន​​ ដែល​មាន​ឈ្មោះ​ថា «​សេវាកម្ម​បុណ្យ​សព​ ឬ RIP Funeral ​Service Agency »ទៅ​ប្រកួត​​ប្រកួត​ប្រជែង​កម្រិត​ពិភពលោក​ International Business Model Competition  ​នៅ​សាកលវិទ្យាល័យ​​​​ Brigham Young University រដ្ឋ​​យូតា​​​​ថ្ងៃ​ទី ១​ឧសភា​ខាង​មុខ​​។ ​ទី​នោះ​​ ក្រុម​យុវតី​ខ្មែរ​នឹង​ ប្រកួត​ប្រជែង​​​​ជាមួយ​​ក្រុម​និស្សិត​​​ជាង​៥០​ក្រុម​ទៀត មក​ពី​​​សាកលវិទ្យាល័យ​​ល្បីៗ​​​​តាម​ប្រទេស​​ផ្សេង​ៗ​ ​មាន​ទាំង​សាកលវិទ្យាល័យ​​លំដាប់​ពិភពលោក Harvard និង Stanford។

Business-Plan-4
សីវហុង (ឆ្វេង) និង ឈុនយី
អត្ថបទ៖ ប៉ែន សុផាន់ណា​

អ្នកជំនាញមហារីក៖ ការប្រើប្រាស់ ថ្នាំវីតាមីន ច្រើនពេក អាចធ្វើឲ្យ កើតជំងឺបេះដូង និង មហារីក

ប្រភពមកពី៖ khmerload
សុខភាព៖ មនុស្សភាគច្រើន បានប្រើប្រាស់ ថ្នាំបំប៉ន និង ថ្នាំគ្រាប់ វីតាមីនផ្សេងៗ ក្នុងការជឿជាក់ថា នឹងអាចជួយជំរុញ ឲ្យមានសុខភាពល្អ ហើយការពាររាងកាយ ប្រឆាំងទប់ទល់ ជំងឺផ្សេងៗ ។
តែយ៉ាងណាមិញ តាមប្រភពព័ត៌មាន បានឲ្យដឹងថា មានការសិក្សាថ្មីមួយ របស់អ្នកជំនាញ ផ្នែកមហារីក បានរកឃើញថា ការប្រើប្រាស់ ថ្នាំវីតាមីន សំរាប់បំប៉នសុខភាព ច្រើនហួសប្រមាណ ជារៀងរាល់ថ្ងៃ  លើសពីការណែនាំ អាចផ្តល់ជាផលប៉ះពាល់ ចំពោះសុខភាព ទៅវិញ ហើយ អាចបណ្តាលឲ្យ កើតជំងឺបេះដូង និងមហារីក ទៀតផង។
លោក វេជ្ជបណ្ឌិត Tim Byers  ជាគ្រូពេទ្យជំនាញ ផ្នែកព្យាបាលជំងឺ មហារីកម្នាក់ នៅសាកលវិទ្យាល័យ Colorado សហរដ្ឋអាមេរិក ដែលបាន ធ្វើការសិក្សា ស្រាវជ្រាវ អស់រយៈពេល ៣០ឆ្នាំ មកហើយនោះ  បានព្រមានថា ការប្រើប្រាស់នូវ ថ្នាំបំប៉ន និង ថ្នាំវីតាមីន ដូចជាវីតាមីន E ជាដើម ក្នុង ចំនួនច្រើនពេក ជារៀងរាល់ថ្ងៃ ហួសពីការណែនាំ អាចនឹងបណ្តាលឲ្យ កើតជំងឺមហារីក។ លោក វេជ្ជបណ្ឌិតរូបនេះ បានបន្តថា “យើងមិន ប្រាកដថា ហេតុអ្វី បានវាកើតឡើង បែបនេះទេ ប៉ុន្តែភស្តុតាង បានបង្ហាញថា មនុស្សដែល ប្រើថ្នាំបំប៉ន ច្រើនហួសកំរិត នឹងអាច ប្រឈម មុខខ្ពស់ នឹងការកើតជំងឺ មហារីក”  ។  
វេជ្ជបណ្ឌិត Tim បន្តថា ក្នុងរយៈពេល ពីរសតវត្ស កន្លងទៅនេះ ការស្រាវជ្រាវបាន ចង្អុលបង្ហាញថា មនុស្សដែល ពិសា ផ្លែឈើ និងបន្លែ ច្រើន  អាចនឹងកាត់បន្ថយ កំរិតនៃការ កើតមហារីក បាន ។ ដូច្នេះ វេជ្ជបណ្ឌិត Tim ក៏ធ្វើការស្រាវជ្រាវ  ថាតើ ការប្រើប្រាស់ ថ្នាំគ្រាប់ បំប៉ន ឬ វីតាមីន អាចជួយ កាត់បន្ថយ ការប្រឈម មិនឲ្យ មនុស្សកើតមហារីក បាន ដែរ ឬយ៉ាងណា។
គាត់ប្រាប់ថា ដំបូងឡើយ ក្រុមការងារគាត់ បានធ្វើតេស្ត ថ្នាំ វីតាមីនបំប៉ន ទាំងនោះជាមួយ សត្វ ហើយបានរកឃើញលទ្ធផល ចេញមក ដូចការ ប៉ានស្មានមែន ។ បន្ទាប់មក គាត់បានធ្វើការ សិក្សាតាមដាន មនុស្សរាប់ពាន់នាក់ ដែលបានប្រើប្រាស់ ថ្នាំបំប៉ន និង វីតាមីន ក្នុងរយៈពេល ១០ឆ្នាំ ជាលទ្ធផល គាត់រកឃើញថា វីតាមីន និង ថ្នាំបំប៉ន មិនមានប្រយោជន៍ ទប់ស្កាត់មហារីក នោះទេ ពីព្រោះ មនុស្សមួយចំនួន បានកើត មហារីក នៅពេល ពួកគេកំពុង ប្រើថ្នាំបំប៉ន និង វីតាមីន។
ក្នុងនោះ វេជ្ជបណ្ឌិតរូបនេះ បានលើកយក ឧទាហរណ៍ឲ្យឃើញ អំពីឥទ្ធិពលរបស់ ថ្នាំបំប៉ន បេតាការ៉ូតែន (beta-carotene) ដែលជាប្រភេទថ្នាំ ដែលជួយដល់ សុខភាពភ្នែក និងរាងកាយ មកបង្ហាញថា ការប្រើប្រាស់ថ្នាំនេះ លើសពីចំនួនកំណត់ អាចប្រឈមមុខ នឹងជំងឺ មហារីកសួត និង បេះដូង ក្នុងកំរិត ២០ភាគរយ ។
ប៉ុន្តែ ទោះបីជាយ៉ាងណា វេជ្ជបណ្ឌិត រូបនេះ បង្ហាញថា ការរកឃើញនេះ មិនមែនឲ្យ មនុស្ស ភ័យខ្លាចឈប់ ប្រើប្រាស់ ថ្នាំបំប៉ន និងវីតាមីន នោះទេ ប៉ុន្តែ គាត់ណែនាំ ឲ្យ មនុស្សគ្រប់គ្នា ត្រូវប្រើប្រាស់ ថ្នាំបំប៉ន និង វីតាមីន ក្នុងកម្រិតត្រឹមត្រូវ ដែលបានណែនាំ ពីគ្រូពេទ្យជំនាញ។ គាត់ និង អ្នកជំនាញដទៃ ក៏បានណែនាំ ថា ការពិសា អាហារ បែបធម្មជាតិ និងរបបអាហារ ត្រឹមត្រូវ ជាជម្រើសល្អ តែមួយគត់ ដើម្បីទទួលបាន សុខភាពល្អ ។
គួរបញ្ជាក់ដែរថា ការសិក្សា ដែលបានរកឃើញថ្មីនេះ ក៏ត្រូវបានលើកយក ទៅបង្ហាញ ក្នុងកិច្ចប្រជុំ ប្រចាំឆ្នាំរបស់ សហគមក្រុមស្រាវជ្រាវ ជំងឺ មហារីក អាមេរិក ប្រចាំឆ្នាំ ២០១៥ ផងដែរ ៕

ប្រភេទថ្នាំគ្រាប់វីតាមីន ផ្សេងៗ

ការពិសា អាហារ បែបធម្មជាតិ និងរបបអាហារ ត្រឹមត្រូវ ជាជម្រើសល្អ សំរាប់សុខភាពល្អ
ប្រភព Dailymail | Mirror
បកប្រែដោយ៖ ទីន

Tuesday, April 21, 2015

គូ​ដណ្តឹង​ស្រវឹង​កើត ​ភ្លើង​ប្រចណ្ឌ ចាប់​នាង​អារ​.​ក​ នឹង​ផ្លែ​ឡា​ម​ ក្នុង​បន្ទប់ទឹក

ប្រភពមកពី៖ khmerload
ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់ត្រូវបាន កម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការ ដ្ឋាននគរបាលខេត្ត ឃាត់ខ្លួនបន្ទាប់ ពីធ្វើសកម្មភាព ចាប់ក្រៀកនារី ជាគូដណ្តឹង រួចយកផ្លែឡាម អារ.ក នាងបណ្តាលឱ្យ រងរបួស ជាច្រើនកន្លែង ។ ហេតុការណ៍ផ្តើម ចេញពី ភ្លើងប្រចណ្ឌនេះ កើតឡើងកាល ពីវេលាម៉ោង ៧និង៣០នាទី យប់ ថ្ងៃទី១១ មេសា នៅភូមិដំណាក់ព្រីង ឃុំស្វាយជុក ស្រុកសាមគ្គីមាន ជ័យ ។

យោង តាមរបាយការណ៍ របស់នគរបាលខេត្ត ដែលបានរាយការណ៍ ទៅលោកព្រះរាជអាជ្ញាអមសាលា ដំបូងខេត្ត ឱ្យដឹងថា ជនសង្ស័យ ឈ្មោះ ឯល ម៉ឹក អាយុ២១ឆ្នាំ មានទីលំនៅ ក្នុងភូមិឃុំ កើតហេតុខាងលើ ចំណែកនាង ជាគូដណ្តឹងឈ្មោះ សាន់ ម៉ាស់ អាយុ២២ឆ្នាំ ទាំងពីរ នាក់ជា ខ្មែរអ៊ិស្លាម រស់នៅភូមិឃុំ ជាមួយគ្នា ។ មុនពេលកើតហេតុ ជនសង្ស័យបាន ផឹកស្រាស្រវឹង ហើយបានទៅផ្ទះនារី ដែលជាគូដណ្តឹង ។ ពេលទៅដល់ បានជួបនាង ហើយពេលនិយាយ ទៅកាន់នាងដោយ មានធុំក្លិនស្រា នាងស្រែកថា ស្អប់ណាស់អ្នកផឹកស្រា រួចនាងបាន គេចឡើងទៅ លើផ្ទះបាត់ទៅ ។ បន្ទាប់មក ជនសង្ស័យបាន ត្រឡប់មកផ្ទះវិញ ប្រហែលកន្លះម៉ោង ក្រោយមកក៏ ត្រឡប់ទៅផ្ទះ នាងគូ ដណ្តឹង ម្តងទៀត ឃើញនាងចូល បន្ទប់ទឹក ក៏ដើរតាម ពីក្រោយ និងចាប់ក្រៀក នាងជាប់ហើយ សម្លុតសួរថា «ស្រឡាញ់ខ្ញុំឬអត់» ? នាងឆ្លើយថា «អញអត់ស្រឡាញ់ទេ អាអ្នកផឹកស្រា» ពេលនោះ ជនសង្ស័យ ក៏ចាប់នាង អារ.ក នឹងផ្លែឡាមបណ្តាល ឱ្យរងរបួស។ ព្រម ពេល ជាមួយគ្នានោះ នារីរងគ្រោះ បានស្រែកឱ្យ ឪពុកម្តាយនាងជួយ ខណៈដែលម្តាយ នាងរត់ទៅដល់ ជនសង្ស័យ បានរត់គេចខ្លួន បាត់ ទៅហើយ តែក្រោយមក ត្រូវចាប់ខ្លួនបន្ទាប់ ពីមានបណ្តឹងពីអ្នក អាណាព្យាបាល ជន រងគ្រោះ ។ 

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ខ្លួនពិតជាបានអារ.កនាងនឹងផ្លែឡាមមែន ព្រោះ សង្ស័យថា នាងមានប្រុសថ្មី និងខឹងនាង ពេលចាប់សួរ នាងស្រែកថា «អាឆ្កែអញអត់ ស្រឡាញ់អ្ហែងទេ» ទើបរូបគេទប់ កំហឹងមិនបាន ។

ទោះ យ៉ាងណាក្តី នៅឯមន្ទីរពេទ្យខេត្ត ម្តាយនារីរងគ្រោះ ហាក់ទទួលនូវ គំនាបអ្វីមួយ ឬ អាចថា ប្រហែល ជាបានទទួល សំណងណាមួយ ពីគ្រួសារជនសង្ស័យ ទើបស្នើសុំ ឱ្យនគរបាលជួយ កុំយកទោសទណ្ឌអ្វី តែសមត្ថកិច្ចប្រាប់ថា នេះជាអំពើហិង្សា ដោយចេតនា មានស្ថាន ទម្ងន់ទោស ត្រូវកសាងសំណុំ រឿងបញ្ជូនទៅ សាលាដំបូងចាត់ការ តាមផ្លូវច្បាប់ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ម៉ូតូ ឡាន រំលោភ​គន្លង​ផ្លូវ​គ្នា​គ្មាន​មេត្តា​ ​រឹត​កក​ស្ទះ​ចរាចរណ៍​ខ្លាំង​ឡើង

ប្រភពមកពី៖ news.sabay.com.kh
គន្លង​ផ្លូវ សំដៅ​ដល់​ចំណែក​មួយ​នៃ​ទ្រូង​ផ្លូវ​ខណ្ឌ​ដោយ​គំនូស​ ឬ​បរិក្ខារ​បែង​ចំណែក​ផ្លូវ តាម​បណ្ដោយ​ទ្រូង​ផ្លូវ​ដែល​មាន​ទទឹង​គ្រប់​គ្រាន់​អាច​ឲ្យ​យាន​ជំនិះ​គ្រប់​ប្រភេទ​ធ្វើ​ដំណើរ​បាន​មួយ​ជួរ។ តែ​សព្វ​ថ្ងៃ​បើ​គេ​ក្រឡេក​មើល​ឡាន ម៉ូតូ​លើ​ដង​ផ្លូវ​វិញ គឺ​មិន​បាន​គោរព​ត្រឹម​ត្រូវ​ឡើយ គឺ​ចរាចរណ៍​បំពាន​គន្លង​គ្នា​ទៅ​វិញ​ទៅ​មក។

ប្រជាជន​ភាគ​ច្រើន​​រអ៊ូ​ថា ជួន​កាល​គេ​ឃើញ​ម៉ូតូ​ជិះ​ក្នុង​គន្លង​ផ្លូវ​ឡាន​ក៏​មាន។ ហើយ​ឡាន​វិញ​ ពេល​ខ្លះ​ជិះ​ដល់​ទៅ​បី​ឬ​បួន​ជួរ អត់​មាន​ផ្លូវ​សល់​សម្រាប់​ម៉ូតូ​ឬ​កង់​ជិះ​ឡើយ រហូត​ដល់​ពួក​គាត់​បែរ​ជា​ត្រូវ​ទៅ​ជិះ​លើ​ចិញ្ចើម​ផ្លូវ​ឬ​ខឿន​មុខ​ផ្ទះ​គេ​ទៅ​វិញ ធ្វើ​ឲ្យ​រឹត​តែ​ស្ទះ គ្មាន​សណ្ដាប់ធ្នាប់ ​និង ​គ្រោះថ្នាក់​ចរាចរណ៍​ថែម​ទៀត។

Traffic-today12

ជួប​ជាមួយ​អ្នក​ស្រី រ័ត្ន គ្រូ​បង្រៀន​នៅ​វិទ្យាល័យ​ទួល​ទំពូង ប្រាប់​ថា​ រាល់​ថ្ងៃ​ពេល​ជិះ​ម៉ូតូ​ទៅ​បង្រៀន​ម្ដង​ៗ​ អ្នក​ស្រី​តឹង​ចិត្ត​ផង ខឹង​ផង រឿង​ឡាន​ម៉ូតូ​ជិះ​ដណ្ដើម​ផ្លូវ​គ្នា គ្មាន​គន្លង​ច្បាស់​លាស់។

អ្នក​ស្រី​បន្ត​ថា ​ជិះ​សព្វ​ថ្ងៃ​ គឺ​ប្រយ័ត្ន​ណាស់ ព្រោះ​ពេល​ជិះ​ខាង​ផ្លូវ​ម៉ូតូ​ តែ​ជួន​កាល​អាច​មាន​ឡាន​ចូល​មក​ ជិះ​ប៊ិះ​ឆាប​ម៉ូតូ​អ្នក​ស្រី​ទៀត​ក៏​មាន ព្រោះ​ឥលូវ​ចំណី​ផ្លូវ​ម៉ូតូ​ក៏​ឡាន​ជិះ​ដែរ។ ជា​ទូ​ទៅ​ផ្លូវ​មួយ​​គេ​បែង​ចែក​គន្លង​ឡាន​និង​ម៉ូតូ តែ​ឡាន​ខ្លះ​ឲ្យ​តែ​មាន​ចន្លោះ​ផ្លូវ​ទំនេរ​នៅ​សល់​ដឹង​តែ​ប្រជ្រៀត​ជិះ​តែ​ម្ដង មិន​គិត​ពី​គំនូស​អាទិភាព​ថា​ជា​របស់​ម៉ូតូ​អី​ឡើយ ដែល​ពេល​ខ្លះ​ពេញ​មួយ​ផ្លូវ​មាន​តែ​ឡាន​ជិះ​ ហើយ​ម៉ូតូ​ទៅ​ជា​ជិះ​លើ​ខឿន​ចិញ្ចើម​ថ្នល់​ទៅ​វិញ ធ្វើ​ឲ្យ​រឹត​​ស្ទះ​កាន់​តែ​ខ្លាំង។
​​
ងាក​មក​និស្សិត​ឆ្នាំ​ទី​មួយ ជំនាញ​អក្សរ​សាស្ត្រ​អង់គ្លេស ប៉ែន សុ​ភី​យ៉ា និយាយ​ថា ករណី​បែប​នេះ​ភាគ​ច្រើន​នៅ​រាជធានី​ភ្នំពេញ តែង​ឃើញ​នៅ​ពេល​ព្រឹក​និង​ ល្ងាច ស្ទើរ​មិន​ដែល​ខាន​ទេ។ ពេល​ខ្លះ​មិន​ត្រឹម​តែ​ឡាន​បើក​ចូល​គន្លង​ផ្លូវ​ម៉ូតូ​ជា​ពីរ​បី​ជួរ​ទេ សូម្បី​ម៉ូតូ​ក៏​ចូល​គន្លង​ឡាន​ដូច​គ្នា។ ទាំង​ឡាន ​និង​ ម៉ូតូ ជិះ​ប្រសាច​ពេញ​ផ្លូវ​មិន​គិត​គន្លង​មួយ​ណា​ទេ ឲ្យ​តែ​ទំនេរ​ជ្រៀត​បាន គឺ​បើក​ចូល​ទាំង​អស់ ដែល​ពេល​ខ្លះ​ទៅ​បុក​អ្នក​ថ្មើរ​ជើង​ទៀត​ក៏​មាន។​
 
និស្សិត​រៀន​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​រូប​នេះ បញ្ចេញ​មតិ​ថា ពួក​គាត់​ធ្វើ​បែប​នេះ​ដោយ​សារ​តែ​ស្ទះ​ផ្លូវ​ពេក​ មិន​ចង់​រង់​ចាំ​យូរ ម្ល៉ោះ​ហើយ​គាត់​ចង់​ទៅ​មុន ក៏​ចេះ​តែ​ប្រ​ជៀត​គ្រប់​តែ​ផ្លូវ​ឲ្យ​តែ​ទៅ​មុខ​បាន ដោយ​មិន​បាន​គិត​ពី​អ្នក​ផ្សេង​ៗ ។​ តែ​ភី​យ៉ា​ថា ការ​ធ្វើ​បែប​នេះ​មិន​បាន​ជួយ​ឬ​ចំណេញ​ពេល​វេលា​គាត់​ឡើយ ​ផ្ទុយ​ទៅ​វិញ​រឹត​តែ​ស្ទះ​ខ្លាំង​ជាង​មុន ឬ​អាច​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ថែម​ទៀត ហើយ​ស្រួល​មិន​ស្រួល​អ្នក​ជិះ​ក្បែរ​នោះ​គេ​ស្អប់ គេ​មើល​ងាយ​លើស​ដើម។


simple 2015 copy

លោក ពៅ ម៉ាលី អគ្គ​លេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក បាន​ប្រាប់ Sabay ថា លោក​តែង​ប្រទះ​ឃើញ​ករណី​បែប​នេះ​កើត​ឡើង​ជា​ញឹក​ញយ​ពិសេស​នៅ​ភ្នំពេញ​តែ​ម្ដង តាមរយៈ​​បណ្ដាញ​សង្គម​ និង​ ផ្ទាល់​ភ្នែក ហើយ​សូម្បី​លោក​ផ្ទាល់​ក៏​ធ្លាប់​រង​គ្រោះ​ដោយសារ​គេ​ជិះ​ខុស​គន្លង​មក​ប៉ះ​ពារ​លោក​ដែរ។
 
អគ្គ​លេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​បន្ថែម​ថា កន្លងមក ខាង​លោក​តែង​តែ​ចុះ​ផ្សព្វផ្សាយ និង​ចុះ​បង្រៀន​នៅ​តាម​បណ្ដា​ខេត្ត​ពី​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ជា​ហូរហែ ប៉ុន្តែ ​ទង្វើ​ទាំង​អស់​នេះ ​នៅ​តែ​​កើត​ឡើង​ ដោយសារ​ខ្វះ​ការ​យោគ​យល់​ និង​ មិន​គោរព​ច្បាប់​ចរាចរណ៍ ។ ជួន​កាល​ពួក​គាត់​បាន​ដឹង​រួច​ហើយ​ថា​បើកបរ​បែប​នេះ​មិន​ត្រឹម​ត្រូវ តែ​ពួក​គាត់​នៅ​តែ​បំពាន។
 
យោង​តាម​មាត្រា ​១០ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី ចែង​ថា នៅ​លើ​គន្លង​ផ្លូវ​តម្រូវ​សម្រាប់​យាន​ជំនិះ​ប្រភេទ​ណា​មួយ អ្នក​បើកបរ​យាន​ជំនិះ​ប្រភេទ​ដទៃ​ មិន​ត្រូវ​បើក​ចូល​គន្លង​នេះ​ទេ លើក​លែង​តែ​ត្រូវ​ចាក​ចេញ​ ឬ​ចូល​ទៅ​ក្នុង​គន្លង​ផ្លូវ​របស់​ខ្លួន។




អត្ថបទ៖ លឹម​ សុ​នា

IT មាន​ច្រើន​ជំនាញ​សិក្សា តិច​ឬ​ច្រើន​​អ្នក​សិក្សា​មួយ​ចំនួន​អាច​មិន​ទាន់​ដឹង​

ប្រភពមកពី៖ news.sabay.com.kh
ប្រិយមិត្ត​មួយ​ចំនួន​គ្រាន់​តែ​ដឹង​ថា​ពាក្យ​ថា​ IT សំដៅ​ទៅ​លើ​ផ្នែក​បច្ចេកវិទ្យា​ និង​កុំព្យូទ័រ​ តែ​មិន​បាន​ដឹង​ទេ​ថា​តើ IT ​នេះ​មាន​ពាក្យ​ពេញ​​បែប​ណា​ហើយ​ចែក​ចេញ​ជា​ប៉ុន្មាន​ផ្នែក​នោះ​ទេ​។ IT មក​ពី​ពាក្យ​ពេញ​ថា​ Information Technology ហើយ​វា​មាន​មុខ​វិជ្ជា​គោល​៥​ធំៗ​ដែល​ក្នុង​នោះ​មាន​ដូច​ជា​ Network Engineering (គ្រប់​គ្រង​បណ្ដាញ​ Network) Software Development (ការ​បង្កើត​កម្ម​វិធី) Web Design (រចនា​គេហទំព័រ) IT Management (ការ​គ្រប់​គ្រង​មុខ​ជំនួញIT) និង Database Management (គ្រប់គ្រង​ទិន្នន័យ)។ នេះ​ជា​ការ​រៀប​រាប់​របស់​លោក កៀន ​តាក់ សាស្ត្រាចារ្យ​ប្រចាំ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំ​ពេញ​។

Techno (2)

មុខ​វិជ្ជា​ Network Engineering គឺ​ផ្តោត​សំខាន់​ទៅ​លើ​មេរៀន​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ត​បណ្ដាញ​Network និង​ការ​កំណត់​ប្រព័ន្ធ​សុវត្ថិភាព​ទៅ​លើ​បណ្ដាញ​នោះ​។ ចំណែក​ឯ Software Development​គឺ​សិក្សា​អំ​ពី​ការ​សរសេរ​កម្ម​វិធី​ដោយ​ប្រើ​ប្រាស់​ភាសា​ C# និង​ C++ ជា​ដើម ដែល​វា​អាច​ប្រើ​សម្រាប់​សរសេរ​កម្ម​វិធី​ទូរសព្ទ​ផង​និង​កម្ម​វិធី​កុំព្យូទ័រ​ផង​។

ដោយ​ឡែក Web Design គឺ​និយាយ​ពី​ការ​បង្កើត​និង​រចនា​គេហទំព័រ​ដោយ​ប្រើ​ភាសា​ HTML និង PHP ជា​ដើម។ IT Managementគឺ​ការ​គ្រប់​គ្រង​មុខ​ជំនួញ​ដោយ​ប្រើ​ប្រាស់​ប្រព័ន្ធ ​ITផ្ទាល់​ហើយ​មុខ​វិជ្ជា​​នេះ​គឺ​ល្អ​សម្រាប់​និស្សិត​ណា​​មាន​គំនិត​ដែល​ប្រកប​ដោយ​យុទ្ធសាស្ត្រ។ ចំពោះ​Database Management គឺ​បង្រៀន​ពី​ការ​គ្រប់​គ្រង​ព័ត៌មាន​របស់​ទិន្នន័យ​ណា​មួយ​អោយ​មាន​ភាព​ងាយ​ស្រួល​និង​មាន​របៀប​រៀប​រយ​គួប​ផ្សំ​និង​សុវត្ថិភាព​ផង​ដែរ​។ ​​​​

លោក​បាន​បន្ថែម​ទៀត​ថា ចាប់​ពី​ឆ្នាំ​ទី​១​ដល់​ឆ្នាំ​ទី​៤​ការ​សិក្សា​​មាន​លក្ខណៈ​ច្របល់​ចូល​គ្នា​ទាំង​អស់​ ដោយ​ឡែក​ប្រសិន​បើ​សិស្ស​ម្នាក់​ណា​ពេញ​ចិត្ត​នឹង​មុខ​វិជ្ជា​ណា​មួយ​គេ​អាច​ផ្ដោត​សំខាន់​ទៅ​លើ​មុខ​វិជ្ជា​នោះ​បាន ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​តែ​ធ្លាក់​មុខ​វិជ្ជា​ដទៃ​ទៀត​ទៅ​បាន​ហើយ​។

សម្រាប់​មុខ​វិជ្ជា​សិក្សា សាស្រ្តាចារ្យ​រូប​នេះ​​ប្រាប់​ថា​អាច​ខុសគ្នា​អាស្រ័យ​តាម​ប្រព័ន្ធ​សិក្សា​របស់​សាលា​នីមួយៗ។

អត្ថបទ​៖​ហៃ ​សុខ​ហេង

Monday, April 20, 2015

គួរដឹង! ភាពស្គមស្គាំង ក្នុងវ័យកណ្តាល អាចឲ្យអ្នក ប្រឈមមុខ នឹងជំងឺឆ្កួត រវើរវាយបាន

ប្រភពមកពី៖ khmerload
អង់គ្លេស៖ កាលពីពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រ បានបញ្ចេញ របាយការណ៍ថ្មី មួយទៀត ទាក់ទងទៅនឹង មនុស្សក្នុងវ័យកណ្តាល មួយចំនួន អាចប្រឈមមុខ ខ្ពស់នឹងជំងឺ ឆ្កួតរវើរវាយ ប្រសិនណាបើ ពួកគេមានភាព ស្គមស្គាំងជ្រុលពេក។
យោងតាមប្រភព របាយការណ៍របស់ ក្រុមអ្នកវិទ្យាសាស្ត្រ នៃសាលាសុខវិទ្យា និងវេជ្ជសាស្ត្រ ក្នុងទីក្រុង ឡុងដ៍ របស់ប្រទេស អង់គ្លេស បានឲ្យដឹងថា នៅពេលដែល មនុស្សឈានចូលដល់ វ័យកណ្តាល ហើយពួកគេ មានទម្ងន់ដែល ស្រាលជ្រុល និងមានភាព ស្គមស្គាំង នោះនឹងអាច ធ្វើឲ្យពួកគេ ប្រឈមមុខ នឹងជំងឺជាច្រើន ដូចជា ជំងឺឆ្កួត រវើរវាយ, ជំងឺភ្លេចភ្លាំង ច្រើនជាង អ្នកដែលមាន ទម្ងន់ធម្មតា ឬអ្នកដែល លើសទម្ងន់ ទៅទៀត។
របាយការណ៍នេះ មានឡើងបន្ទាប់ ពីមានការស្រាវជ្រាវ និងតាមដាន រយៈពេល៩ឆ្នាំ ទៅលើ មនុស្សចំនួន ១,៩៥៨,១៩១នាក់ ដែលមានវ័យកណ្តាល គឺអាយុចាប់ពី ៤០ទៅដល់ ៦៥ឆ្នាំ ហើយក្នុងនោះ មាន២៦.៥% គឺជាអ្នកដែល លើសទម្ងន់ ឬក៏មាន ភាពធាត់ លើសកម្រិត។ ក្រោយមកក្រុម អ្នកវិទ្យាសាស្ត្រ បានប្រទះឃើញថា មានមនុស្សចំនួន ៤៥,៥០៧នាក់ ត្រូវបានគេ រកឃើញថាមាន កើតជំងឺឆ្កួត រវើរវាយ ដែលក្នុងនោះ ភាគច្រើនគឺជា អ្នកដែលមាន ភាពស្គមស្គាំង ឬមានទម្ងន់ ស្រាលជ្រុល។

ភាពស្គមជ្រុល សម្រាប់មនុស្ស ក្នុងវ័យកណ្តាល អាចធ្វើឲ្យ ពួកគេមានជំងឺ ឆ្កួតរវើរវាយ
លោកសាស្ត្រាចារ្យ Stuart Pocock អ្នកដឹកនាំ ក្នុងការស្រាវជ្រាវ នេះបាននិយាយថា “លទ្ធផលនៃ ការស្រាវជ្រាវ របស់ពួកយើង គឺអាចធ្វើការ ក្រើនរំឭកសាជាថ្មី ព្រោះថានាពេល កន្លងមក មានការយល់ថា ភាគច្រើនមនុស្ស ក្នុងវ័យកណ្តាល ដែលមានភាព ធាត់ជ្រុល ឬក៏លើសទម្ងន់ គឺអាចប្រឈមមុខ ខ្ពស់ជាមួយនឹង ជំងឺផ្សេងៗ ក្នុងនោះ ក៏មានជំងឺ ភ្លេចភ្លាំង និងឆ្កួតរវើរវាយ ផងដែរ។ ដូច្នេះហើយ ទាមទារឲ្យ មានការប្រុងប្រយ័ត្ន សាជាថ្មីទាក់ទង ទៅនឹងទម្ងន់ របស់មនុស្ស ក្នុងវ័យកណ្តាលនេះ”។
គួរបញ្ជាក់ផងដែរថា ការស្រាវជ្រាវ ជាច្រើនរបស់ ក្រុមអ្នកវិទ្យាសាស្ត្រ កន្លងមក គឺចង់បង្ហាញឲ្យ ឃើញថា ការទទួលទាន អាហារដែល មានសុខភាពល្អ និងតុល្យភាព ព្រមទាំង ហាត់ប្រាណ ជាប្រចាំ និងមិនជក់បារី ជាដើមនោះ គឺជារឿងដ៏ សំខាន់បំផុតមួយ សម្រាប់មនុស្ស ពេលដែលពួកគេ ឈានចូលវ័យកណ្តាល ព្រោះថាកត្តាទាំងនេះ អាចឲ្យពួកគេ តាមដានដឹង និងរក្សា ទម្ងន់ក៏ដូចជា សុខភាព របស់ខ្លួន បានយ៉ាងល្អប្រសើរ៕

ការថែរក្សា ទម្ងន់និង សុខភាព ឲ្យបានល្អ គឺជារឿង ដ៏សំខាន់សម្រាប់ មនុស្សក្នុង វ័យកណ្តាល
ប្រភព៖ ដេលីម៉េល
ដោយ៖ Xeno

Wednesday, April 8, 2015

ត្រៀមរថយន្ត​​ហែ​ម្ចាស់​មេដាយ​មាស​ពិភពលោក នៅ​ទីក្រុង​ភ្នំពេញ រសៀល​នេះ

ប្រភពមកពី៖ sabay.com
រថយន្ត​សម្រាប់​ដឹក​ម្ចាស់​មេដាយ​មាស​ពិភពលោក គឺ​កីឡា​ការិនី កែ ឡេង ​របស់​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​កីឡា ​Women’s Pétanque World Championships 2013 នៅ​រសៀល​ថ្ងៃទី៩ ខែ មេសា បាន​រៀបចំ​រួចរាល់​ហើយ ដែល​កំពុង​ចត​ចាំ​នៅ​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ។
 
Car

រថយន្ត​ត្រៀម​ហែ​កីឡា​ការិនី កែ ឡេង នៅ​រសៀល​នេះ

Car 01
 
សម្ដេច​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន នឹង​បំពាក់​គ្រឿង​ឥស្សរិយយស ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​មហា​សេរី​វឌ្ឍន៍ ដល់​កីឡាការិនី កែ ឡេង នៅ​រសៀល​ថ្ងៃ​ទី ៩ ខែ មេសា នេះ មុន​រៀបចំ​ហែ​បង្ហាញ​មុខ​ដល់​មហាជន​តាម​ដង​ផ្លូវ​សំខាន់ៗ ក្នុង​រាជធានី​ភ្នំពេញ អម​ដោយ​ម៉ូតូ​នគរបាល​ ១២​គ្រឿង បើក​ផ្លូវ។
 
យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា ក្រសួងអប់រំយុវជន​និង​កីឡា និង សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា ក្បួន​ដង្ហែ​នឹង​ចេញដំណើរ​ពី​វិមាន​សន្តិភាព​ឆ្ពោះ​ទៅ​សាកលវិទ្យាល័យ​ជាតិ​​គ្រប់គ្រង​“NUM”​រួច​ឆ្ពោះទៅ​ព័ទ្ធ​វត្តភ្នំ​មួយ​ជុំ​រួច​ឆ្ពោះ​ទៅតាម​មហាវិថី​នរោត្តម​សំដៅ​ទៅ​​វិមានឯករាជ្យ បន្ត​បត់​ទៅខាង​កើត​តាមផ្លូវ​ព្រះសីហនុ ដល់​ផ្លូវ​សុធារស បត់​ត្រឡប់​វិញ​​តាមផ្លូវ ព្រះ​សុរា​ម្រឹត  ឆ្ពោះ​មកដល់​ស្តុ​ប​ពេទ្យ​ចិន បត់​ស្តាំ​ទៅតាម​មហាវិថី​មុនី​វង្ស រួច​បត់​ឆ្វេង​ស្តុ​ប BS (ផ្សាថ្មី​ជ្រុង​ផ្លូវ​កម្ពុជា​ក្រោម) ចូល​ផ្លូវ​កម្ពុជា​ក្រោម  មក​បត់​ត្រង់​ស្តុ​ប​ដេ​អិន (​បណ្ណាគារ IBC) មក​រង្វង់​មូល​អាងទឹក​អូឡាំពិក រួច​ចូល​ពហុកីឡាដ្ឋាន​ជាតិ។

ke leng

កីឡា​ការិនី កែ ឡេង ពេល​ដណ្ដើម​បាន​មេដាយ​មាស នៅ​មីយ៉ាន់ម៉ា (រូបថត៖ Kem Sovanna)

ឯកឧត្តម ថោង ខុន ប្រធាន​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា និង ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី​ក្រសួងអប់រំយុវជន​និង​កីឡា នឹង​ចូលរួម​ដង្ហែ​កីឡា​ការិនី កែ ឡេង នៅ​រសៀល​នេះ​ផង​ដែរ។
 
ឧបនាយករដ្ឋមន្រ្តី សុខ អាន ជា​ប្រធាន​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា ធ្លាប់​លើក​ឡើង​ថា៖ «មិន​មែន​ជា​រឿង​ងាយ​ទេ ដែល​កីឡា​ការិនី កែ ឡេង ធ្វើ​ឱ្យ​ពិភពលោក​បាន​ស្គាល់​ប្រទេស​កម្ពុជា កាន់​តែ​ច្បាស់​តាម​រយៈ​កីឡា​ប៉េតង់។ យើង​ត្រូវ​រៀបចំ​ការ​ហែ​នេះ​ឱ្យ​សម​នឹង​សមិទ្ធផល​របស់​គាត់​»។

ដំណើរ​ក្នុង​ការ​​ឈ្នះ​មេដាយ​ពិភពលោក​របស់​កីឡា​ការិនី កែ ឡេង៖
 
ព្រឹត្តិការណ៍​កីឡា​ប៉េតង់​លំដាប់​ពិភពលោក​សម្រាប់​ស្រ្ដី Women’s Pétanque World Championships 2013 រៀបចំ​នៅ​ទីក្រុង Montauban ប្រទេស​បារាំង ចាប់​ពី​ថ្ងៃ​ទី ៤ ដល់ ៦ តុលា ឆ្នាំ ២០១៣ ដោយ​ ​មាន​វិញ្ញាសា​ប្រកួត​ចំនួន ២ គឺ​​វិញ្ញាសា​សា​​វាយ​យក​ពិន្ទុ និង វិញ្ញាសា វាយ​​ក្រុម​៣​នាក់។ ជា​លទ្ធផល​កីឡា​ការិនី​កម្ពុជា​ដណ្ដើម​បាន​មេដាយ​មាស​ក្នុង​​​វិញ្ញាសា​​វាយ​យក​ពិន្ទុ និង មេដាយ​សំរឹទ្ធ​ក្នុង​វិញ្ញាសា វាយ​​ក្រុម​៣​នាក់។
 
កីឡា​ការិនី កែ ឡេង ជើង​ខ្លាំង​ខាង​កីឡា​ប៉េតង់​របស់​កម្ពុជា បាន​ចេញ​មុខ​​ប្រកួត​ក្នុង​វិញ្ញាសា​វាយ​​យក​ពិន្ទុ រហូត​ដណ្ដើម​បាន​មេដាយ​មាស។ ជំហាន​ដំបូង​កីឡា​ការិនី កែ ឡេង បាន​ប្រកួត​វាយ​សន្សំ​ពិន្ទុ​​ជាប់​ចំណាត់​ថ្នាក់​លេខ ៦ ខណៈ​គណៈកម្មាធិការ​ប្រកួត​ជ្រើស​យក ១៦ នាក់​ឡើង​ទៅ​ប្រកួត​វគ្គ ១ / ៨។ ចំណែក​ឯ​កីឡា​ការិនី​ជាប់​ចំណាត់​ថ្នាក់​ពី​លេខ ១៧ ដល់ ៤៣ ត្រូវ​ប្រកួត​គ្នា​ដណ្ដើម​ពាន​ចំណាត់​ថ្នាក់​ទី២ គឺ​ Coupe De Nations ឬ Nation Cup។
 
វគ្គ​ពាក់​ ៨ នាក់​​ចុង​ក្រោយ កែ ឡេង របស់​កម្ពុជា​បាន​ផ្ដួល​ កីឡា​ការិនី Simona Bagala របស់​អ៊ីតាលី ដើម្បី​យក​កៅអី​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ ចូល​ដល់​វគ្គ​ ១/២ ផ្ដាច់ព្រ័ត្រ​កីឡា​ការិនី​​របស់​កម្ពុជា​នៅ​តែ​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​ដោយ​យក​ឈ្នះ​កីឡា​ការិនី Josepha Randriamiandrisoa របស់​ប្រទេស​ Madagascar មក​ពី​ទ្វីប​អាហ្វ្រិក។ នៅ​​វគ្គ​ផ្តាច់​ព្រ័ត្រ​ កីឡា​កែ ឡេង បំបាក់​កីឡា​ការិនី Mouna Baji របស់​ប្រទេស​​ទុយណេស៊ី​ក្នុង​លទ្ធផល ៣៨ ពិន្ទុ ទល់​នឹង ២៧ ដើម្ប​ក្រសោប​បាន​មេដាយ​មាស​​ពិភព​លោក​​ជួន​ជាតិ។

Womens-Pétanque-World-Championships-2013

កែ ឡេង ពេល​ឈ្នះ​មេដាយមាស នៅ​បារំាង

សរុប​លទ្ធផល​វិញ្ញាសា​នេះ កែ ឡេង របស់​កម្ពុជា​ឈ្នះ​មេដាយ​មាស ខណៈ​មេដាយ​ប្រាក់​​បាន​ទៅ កីឡា​ការិនី Mouna Baji របស់​​ទុយណេស៊ី។ មេដាយ​សំរឹទ្ធ​ស្ទួន​បាន​ទៅ កីឡា​ការិនី Randriamiandrisoa របស់​ប្រទេស​ Madagascar ​និង កីឡា​ការិនី Muriel Hess របស់​អាល្លឺម៉ង់។
 
ចំពោះ​​វិញ្ញាសា​វាយ​ក្រុម​៣​នាក់​ ក្រុម​កីឡា​ការិនី​កម្ពុជា​​​មាន​ឱកាស​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​តែ​​បែរ​ជា​​​ភ្លាត់​​នៅ​​ក្រោម​ថ្វី​ដៃ​ជម្រើស​ជាតិ​ថៃ ក្នុង​លទ្ធផល ១៣ ពិន្ទុ ទល់ ៧ ពិន្ទុ។ ដូច្នេះ​កម្ពុជា​ និង កាណាដា ឈរ​នៅ​លេខ ៣ ស្ទួន ទទួល​បាន​មេដាយ​សំរឹទ្ធ ខណៈ​ថៃ ដណ្ដើម​បាន​មេដាយ​មាស។ ចំណែក​ម្ចាស់​ផ្ទះ បារាំង​ ខក​ចិត្ត​បាន​ត្រឹម​មេដាយ​ប្រាក់៕
 
អត្ថបទ៖ ម៉ឺន រស្មី
រូបថត៖ FB

អុជ​ធូប​ប៉ុន្មាន​សរសៃ​​ដើម្បី​ឲ្យ​​ត្រូវ​ក្បួន​ពេល​ទទួល​ទេវតា​ឆ្នាំ​ថ្មី?

ប្រភពមកពី៖ sabay
ជា​រៀង​រាល់​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ប្រជាជន​ខ្មែរ​តែង​តែ​មាន​ទំនៀម​ទម្លាប់​អុជ​ធូប​​​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ និង​បន់​ស្រន់​សុំ​សេចក្ដី​សុខ​ចម្រើន​ ​ប៉ុន្តែ​​​​យុវវ័យ​ខ្លះ​បែរ​ជា​​ងឿង​ឆ្ងល់​ថា​​មិន​ដឹង​ត្រូវ​អុជ​ធូប​ប៉ុន្មាន​សរសៃ​​ឲ្យ​ត្រឹម​ត្រូវ​ឡើយ​ គឺ​ដឹង​​តែ​​​អុជ​​​តាម​តែ​ចិត្ត​​​។

«​ខ្ញុំ​​ពុំ​សូវ​ដឹង​ច្បាស់​ពី​ការ​អុជ​ធូប​​ហ្នឹង​ដែរ​​​​ ប៉ុន្តែ​ពេល​​ចូល​ឆ្នាំ​គឺ​អុជ​ដើម្បី​អបអរសាទរ​​ទេវតា​ឆ្នាំ​ថ្នី»​។ នេះ​ជា​ការ​លើក​ឡើង​​របស់​​​យុវជន​ ធារិទ្ធិ និស្សិត​ឆ្នាំ​ទី៤​ នៃ​សាកលវិទ្យាល័យ​ន័រតុន។

​ងាក​ទៅ​​កញ្ញា​​​ វ៉ាន់ណេង និស្សិត​ឆ្នាំ​ទី​១​នៃ​សាកល​វិទ្យាល័យ​អាស៊ី អឺរ៉ុប​ក៏​បាន​លើក​ឡើង​ស្រដៀង​គ្នា​​​ដែរ​ថា៖ «”​​ចូល​ឆ្នាំ​ថ្មី​ គឺ​ខ្ញុំ​អុជ​ធូប​ទទួល​ទេវតា​ឆ្នាំ​ថ្មី គឺ​​​មិន​​ដឹង​ច្បាស់​ពី​ទំនៀម​ទម្លាប់​នៃ​ការ​អុជ​ធូប​នេះ​​ទាល់​តែ​សោះ​​»​។

​ដើម្បី​​ស្រាយ​ចម្ងល់​​នេះ​​​ភិក្ខុ​សង្ឃ ​អួង​ សុខ​អេង​ ​​គង់​នៅ​វត្ត​មហា​មន្រ្តី​​មាន​សង្ឃដីកា​​ថា​​ ការ​អុជ​ធូប  ទទួល​ទេវតា​ ​មិន​ប្រកាន់​ថា​ត្រូវ​អុជ​ប៉ុន្មាន​សរសៃ​នោះ​ទេ។ ប៉ុន្តែ​តេជគុណ​​មាន​ដីកា​ថា​​​​ការ​អុជ​ធូប​គឺ​អាស្រ័យ​លើ​​​ការ​ឧទ្ទិស​របស់​អ្នក​បន់​ស្រន់ ដូច​​​អុជ​ធូប​បី​សរសៃ​សំដៅ​លើ​ ការ​ឧទ្ទិស​ដល់​ព្រះ​ពុទ្ធ​ ព្រះធម៌​ និង​ព្រះ​សង្ឃ។ ចំណែក​អុជ​ធូប​៥​សរសៃ​​​​ឧទ្ទិស​ដល់​ព្រះពុទ្ធ​រូប​៥ ព្រះអង្គ ​ឬ​ឋាន​ទាំង​៥។ ឯ​​​អុជ​ប្រាំពីរ​សរសៃ​​វិញ គឺ​ឧទ្ទិស​ដល់​ញាតិកា​ប្រាំពីរ​សន្តាន​។

​លោក អ៉ឹម បូរិន ​​មន្ត្រី​ទទួល​បន្ទុក​ផ្នែក​រៀប​ចំ​បុណ្យ​ជាតិ​និង​អន្តរជាតិ​​ ក៏​ស្រាយ​បំភ្លឺ​​​មិន​ខុស​ពី​តេជគុណ​ អួង សុខអេង ដែរ។ លោក​ថា​​ ការ​អុជ​ធូប​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ គឺ​មិន​​បាន​​កំណត់​ថា​​​មាន​​​​​​ចំនួន​ធូប​​ប៉ុន្មាន​សរសៃ​​​នោះ​ឡើយ។ ​លោក​ថា​ក្បូន​អុជ​​ គេ​​​អាច​អុជ​១​សរសៃ​ដល់​៩សរសៃ​។ ​ប៉ុន្តែ​​អ្វី​ដែល​​សំខាន់​គឺ​ការ​ឧទ្ទិស​​បន់ស្រន់​​ សុំ​សុខ​ចម្រើន​​ប៉ុណ្ណោះ។ ​លោក​ពន្យល់​ថា​​​​ថា​​ធូប​៣​សរសៃ​​គឺ​​ឧទ្ទិស​ដល់​ព្រះ​ពុទ្ធ​ ព្រះធម៌​ និង​ព្រះ​សង្ឃ។៥​សរសៃ​តំណាង​ដល់  ព្រះពុទ្ធ​រូប​៥ ព្រះអង្គ និង​៩​សរសៃ​តំណាង​ឲ្យ​ភព​ផ្កាយ​ព្រះ​គ្រោះ​។


family_shrine4
រូបភាព៖ alisoninasia
អ្វី​ដែល​រៀប​រាប់​ខាង​លើ តេជគុណ អួង សុខអេង រួម​ទាំង​លោក អ៉ឹម បូរិន ​សុទ្ធ​តែ​​​​​​​មាន​សង្ឃ​ដីកា​និង​​បក​ស្រាយ​​ថា​អុជ​ធូប​ទទួល​ទេវតា​​ គឺ​​មិន​កំណត់​ថា​ប៉ុន្មាន​សរសៃ ហើយ​​​ក៏​​​ពុំ​​​​បាន​​បញ្ជាក់​ថា​ត្រូវ​អុជ​ប៉ុន្មាន​សរសៃ​ឲ្យ​ច្បាស់​លាស់​ទេ​​​។ ប៉ុន្តែ​បើ​យោង​​តាម​សៀវភៅ​​មហា​សង្ក្រាន​ឆ្នាំ​ថ្មី​​ ថា​​ចំណោម​​គ្រឿង​រណ្ដាប់​​​ផ្សេង​ៗ​ ​គឺ​ត្រូវ​មាន​រៀប​ធូប​ប្រាំ​សរសៃ​និង​ទៀន​​ប្រាំ​ដើម​ផង​សម្រាប់​ថ្វាយ​ទេវតា​ឆ្នាំ​ថ្មី។

នា​សម័យ​ព្រហ្មញ្ញសាសនា ​គេ​ប្រើ​ភ្លើង​ដើម្បី​បូជា​គ្រឿង​​ដង្វាយ​​ទៅ​ដល់​​ទេវរាជ​​​ ​ដោយ​មាន​ជំនឿ​ថា​ផ្សែង​ភ្លើង​នឹង​អាច​ហោះ​ហើរ​ ដល់​ឋាន​សួគ៌។​​ លុះ​ក្រោយៗ​មក​​គេ​ប្រើ​ផ្សែង​ធូប​ជា​តំណាង​វិញ។ លុះ​ខ្មែរ​យើង​ត្រលប់​មក​កាន់​ព្រះពុទ្ធ​សាសនា ​ក៏​ជាប់​មក​ទំនៀម​ទម្លាប់​នេះ​រហូត​មក​ដល់​សព្វ​ថ្ងៃ៕

អត្ថបទ៖ មាន រតនា

ឆក់​កា​បូ​ប​បាន​ហើយ​ជិះ​ម៉ូតូរ​ត់ ទៅ​បុក​ នឹង​រថយន្ត​រ៉​ង់​រ៉ូ​វែ​ ដួល​ ទើប​ ចាប់ខ្លួន​បាន (មានវីដេអូ)

ប្រភពមកពី៖ khmerload
រាជធានីភ្នំពេញ ៖ បុរសជនសង្ស័យជាចោរឆក់កាបូបពីរនាក់ ត្រូវបានកម្លាំងមាន សមត្ថកិច្ចនគរបាល ធ្វើការឃាត់ ខ្លួនបាន ក្រោយពី ពួកគេជិះម៉ូតូ មួយគ្រឿង ធ្វើសកម្មភាពឆក់ កាបូបពីស្ត្រី អ្នកធ្វើដំណើរ តាមផ្លូវម្នាក់ បានហើយ ជិះម៉ូតូគេចខ្លួន ទៅបុកនឹង រថយន្តរ៉ង់រ៉ូវែរ មួយគ្រឿងដួល ។ ករណីនេះ បានកើតឡើង កាលពីម៉ោង ១និង ៥២នាទីរសៀល ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៥ នៅចំណុចខាង មុខផ្ទះលេខ៦B ផ្លូវលេខ៣០២ ក្នុងសង្កាត់ បឹងកេងកងទី១ ខណ្ឌចំការមន ។
  
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ដែលបាន ឃាត់ខ្លួននេះ មានទី១ឈ្មោះម៉េង ពិសី អាយុ១៩ឆ្នាំ ជាអ្នកធ្វើសកម្មភាព ឆក់ និងទី២ ឈ្មោះហេង សុភ័ក្រ អាយុ២១ឆ្នាំ មានមុខរបរជា អ្នកលក់កាហ្វេ ជាអ្នកបើកបរ ម៉ូតូធ្វើសកម្មភាព ពួកគេមាន ទីលំនៅក្នុង សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បានជិះម៉ូតូ ម៉ាកឌ្រឺមសង់ សេ១២៥ ព៌ណខ្មៅ ពាក់ស្លាក លេខភ្នំពេញ ១BL-២៣៩៣ មួយគ្រឿង បានធ្វើ សកម្មភាព ឆក់កាបូបពីនារី រងគ្រោះមានឈ្មោះ កែវ ខេមរិន្ទ អាយុ២៧ឆ្នាំ ជាបុគ្គលិក ក្រុមហ៊ុនឯកជនមួយ មានទីលំនៅក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅពេលដែល កំពុងតែជិះម៉ូតូ មួយគ្រឿងម៉ាកណិច ព៌ណស ពាក់ស្លាកលេខ ភ្នំពេញ១BL-៨២៩២ តែម្នាក់ ឯងទៅផ្ទះ ។ 

តាមប្រភពដដែលបានប្រាប់បន្តទៀតថា មុនពេលកើតហេតុស្ត្រីរងគ្រោះបានធ្វើ ដំណើរតាម ម៉ូតូតែម្នាក់ឯង ចេញពី កន្លែងធ្វើការ សំដៅទៅផ្ទះ ក្នុងទិសដៅពីលិចទៅ កើតតែម្នាក់ ឯង លុះដល់ កន្លែងកើតហេតុ ក៏មានជន សង្ស័យពីរនាក់ ជិះម៉ូតូ មួយគ្រឿង មកពីក្រោយ ធ្វើសកម្មភាពឆក់ យកកាបូបពី នារីរងគ្រោះទៅបាត់តែម្តង ។ ពេលដែលឆក់ កាបូបពីនារីរងគ្រោះ បានហើយ ជនសង្ស័យទាំងពីរ នាក់ ក៏ព្យាយាម ជិះម៉ូតូដើម្បី រត់គេច ពីកន្លែងកើតហេតុ លុះដល់ចំណុច ភ្លើងស្តុបផ្លូវបំបែកលេខ ២៩៤និង ផ្លូវព្រះនរោត្តម ដែលនៅ មិនឆ្ងាយប៉ុន្មានពី កន្លែងកើតហេតុនោះ ក៏បានទៅ បុកនឹងរថយន្ត ម៉ាករ៉ង់រ៉ូវែរ ដួលតែម្តង ។ ពួកគេទាំង ពីរនាក់ត្រូវបានក្រុម ប្រជាពល ដែលបានឃើញ ហេតុការណ៏នោះ នាំគ្នាស្ទុះទៅចាប់ និងវាយម្នាក់ មួយដៃ មួយជើង ឡើងទ្រមខ្លួន ទើបយក ទៅប្រគល់ អោយកម្លាំងនគរបាល ព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ដែលនៅ ប្រចាំការជិត នោះទៅ ។
  
កាបូបត្រូវបានប្រគល់ជូនទៅនារីរងគ្រោះវិញ ចំណែកឯជនសង្ស័យជាចោរឆក់ទាំងពីរនាក់ ត្រូវបានបញ្ចូន ទៅកាន់ ការិយាល័យព្រហ្មទណ្ឌកំរិត ស្រាលរាជធានីភ្នំពេញដើម្បី ចាត់ការទៅ តាមនីតិវិធី នៃច្បាប់ជាបន្ត ទៅទៀត៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព

ខឹង​បង​ថ្លៃ ​វាយ​ធ្វើ​បាប​ប្អូន​ស្រី និង​ជេ​រ​ម្តាយ ទាញ​ពូថៅ​កាប់​ក្បាល​ ១០​ពូថៅ​ស្លាប់​ ក្នុង​ថ្លុក​ឈាម

ប្រភពមកពី៖​ khmerload
ខេត្តព្រះវិហារ ៖ បុរសម្នាក់ដែលជាប្អូន ថ្លៃឈាមរាវខឹងបងថ្លៃ វាយទាត់ធាក់ធ្វើបាប ប្អូនស្រីរបស់ខ្លួន និង ជេរម្តាយខ្លាំង ពេកក៏ទាញពូថៅ កាប់បងថ្លៃ ចំនួន១០ពូថៅ ចំក្បាល និងកញ្ចឹង-ក បណ្តាលឱ្យស្លាប់ក្នុង ថ្លុកឈាមយ៉ាង អាណោចអាធម៌ ។ ហេតុការណ៍ដ៏ សាហាវព្រៃផ្សៃ នេះបានកើតឡើង កាលពីវេលាម៉ោង ៩យប់ថ្ងៃ ទី០៦ ខែមេសា ឆ្នាំ២០១៥ នៅខាងក្រោយ ផ្ទះជនរងគ្រោះ ស្ថិតនៅ ភូមិឈើទាល គង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
លោកវរសេនីយ៍ត្រីព្រំ ក្អូង នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញ និងដឹកនាំផ្ទាល់ពីលោក កែវ ចំរើន ស្នងការរង និងជាប្រធានការិយាល័យ កណ្តាលព្រហ្មទណ្ឌ សមត្ថកិច្ចឈានទៅ ដល់ការចាប់ខ្លួនជនសង្ស័យ រួមនឹងវត្ថុ តាង ពូថៅនៅនឹងកន្លែងកើតហេតុ ។
លោកប្រធានការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិត ធ្ងន់បានឱ្យដឹងទៀត ថា ជនសង្ស័យមានឈ្មោះ គិន ហ៊ុច ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាកសិករ រីឯជនរងគ្រោះដែល ត្រូវបងថ្លៃ មានឈ្មោះទឹម ហេង ហៅណាល់ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរឡើង ភ្នំកាប់ឈើ អ្នក ទាំង២មានទី លំនៅភូមិ-ឃុំកើតហេតុ ។
ប្រភពបានឱ្យដឹងទៀតថា ជនរងគ្រោះជាបងថ្លៃត្រូវជនសង្ស័យ ជាប្អូនថ្លៃកាប់នឹងពូថៅចំនួន ១០ពូថៅ ត្រង់កញ្ចឹង-ក និងក្បាលរហូត ស្លាប់ភ្លាមៗក្នុង ថ្លុកឈាមយ៉ាង អាណោចអាធម៌ នៅជិត ពាងទឹកក្រោយផ្ទះ របស់ជនរងគ្រោះ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ខណៈខ្លួនមកពីស្រែមិន ទាន់ទាំងបានបាយ ហូបផង ក៏ឃើញម្តាយ អង្គុយយំនៅ មុខផ្ទះ ហើយបាន ប្រាប់ខ្លួនថា បងថ្លៃឯងបានធ្វើបាប បងស្រីឯងរហូត ដេកពេទ្យ ហើយថែមទាំង ជេរម៉ែទៀត ។ ដោយខឹង បងថ្លៃ ដែល ហ៊ានជេរម្តាយ ខ្លួនខ្លាំងពេក ខ្លួន(ជនសង្ស័យ)ក៏បានទាញ ពូថៅហើយឡើង ទៅលើផ្ទះបម្រុង កាប់ជនរង គ្រោះ តែជន រងគ្រោះ(បងថ្លៃ) បានរត់ចុះ មកក្រោម ខ្លួនក៏ចុះតាមដល់ ក្រោមផ្ទះកាប់ ១ពូថៅចុះក្បាល តែជនរងគ្រោះ នៅតែបម្រុងងើបរត់ ទៅហៅឱ្យ គេជួយទៀត ខ្លួនក៏ កាប់៩ពូថៅ ថែមទៀតបណ្តាល ឱ្យស្លាប់ភ្លាមៗទៅ ។
ក្រោយពីការឃាត់ខ្លួន និងវត្ថុតាង ព្រមទាំងចម្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចជំនាញ បាន កសាងសំណុំ រឿងបញ្ជូនទៅ តុលាការ ដើម្បីចាត់ការ ច្បាប់ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

Tuesday, April 7, 2015

ពិធី​ដង្ហែ​​ វីរនារី កែ ឡេង​ កក្រើក​រាជ​ធានី​ភ្នំពេញ​ចាប់​ផ្តើម​ស្អែក​

ប្រភពមកពី៖ news.sabay.com.kh
ម្ចាស់​មេដាយ​មាស​ប៉េតង់​ពិភព​លោក​ អ្នក​ស្រី កែ ឡេង​ នឹង​ទទួល​បាន​នូវ​ពិធី​ដង្ហែ​ដ៏​​​អធិកអធមមួយ​នៅ​រាជ​ធានី​ភ្នំពេញ​វេលា​ម៉ោង​២:៣០​​រសៀល ថ្ងៃ​ស្អែក ​ដើម្បី​ជា​សក្ខីភាព​នៃ​ការ​លើក​កម្ពស់​ និង​អបអរសាទរ​ចំពោះ​ស្នាដៃ​ដែល​អ្នក​ស្រី​ទទួល​បាន​កន្លង​មក​សម្រាប់​មុខ​មាត់​ប្រទេស​ជាតិ​នៅ​ឆាក​អន្តរជាតិ។

World Gold Medalist Ke Lengអ្នក​ស្រី កែ ឡេង

តាមរយៈ Page របស់ NOCC ថា ពិធី​ដង្ហែ​ដ៏​ធំ​នេះ​នឹង​ចាប់​ផ្ដើម​ដំបូង​នៅ​វេលា​ម៉ោង​២:៣០​​រសៀល​ ថ្ងៃ​ទី​៩ ខែ​មេសា​ ចេញ​ពី​វិមាន​សន្ដិភាព​ឆ្ពោះ​ទៅ​កាន់​​វិមានឯករាជ្យ​ ហើយ​បន្ដ​ទៅ​សួរ​ច្បារ​សម្ដេចតេជោ​ ហ៊ុន សែន​ មុន​ពេល​បន្ត​ដង្ហែ​ទៅ​បញ្ចប់​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា។ នៅ​ទៅ​នោះ​ក៏​នឹង​មាន​ការ​ចូល​រួម​ពី​ ប្រជា​ពលរដ្ឋ​ និង​លោក​ ថោង ខុន រដ្ឋ​មន្ដ្រីក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​ NOCC, ​លោក​ ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ព្រម​ទាំង​​កីឡាករ​ ការិនី​​ជា​ច្រើន​ទៀត។

ប៉ុន្តែ​មុន​ មុន​កម្មវិធី​ដង្ហែ​ក្បួន​អបអរសារទ​ចេញ​ដំណើរ ម្ចាស់​មេដាយ​មាស​ប៉េតង់​ពិភព​លោក​ កែ ឡេង​ នឹង​ទទួល​បាន​ការ​អនុញ្ញាត​ចូល​ជួប​សម្តេច​ ហ៊ុន សែន​ និង​អត្តពលិក​ពីរ​ប្រភេទ​ទៀត​គឺ​កីឡា​យូដូ និង​សីប៉ាក់តាក្រ​ក៏​ចូល​រួម​ដែរ​នៅ​វិមាន​សន្តិភាព។ សម្ដេច​ ហ៊ុន​ សែន​ នឹង​សំណេះ​សំណាល​​ជា​មួយ​កីឡាករ-កីឡា​ការិនី​ទាំង​ ៣ប្រភេទ ព្រម​ទំាង​​មាន​កញ្ចប់​ប្រាក់​រង្វាន់​លើក​ទឹ​កចិត្ត​​​ចំនួន​៦៤​លាន​រៀល និង​បំពាក់​គ្រឿងឥស្សរិយយស​ជាតិ​ថ្នាក់មហា​​សេរីវឌ្ឍន៍​​ដល់ កែ ឡេង។

កីឡា​ការិនី​ប៉េតង់​ជម្រើស​ជាតិ កែ ឡេង​ បានឈ្នះ​មេដាយ​មាស​ប៉េតង់ពិភព​លោក​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ ​Women’s World Championship of petanque នៅ​ប្រទេស​បារាំង​ កាល​ពីឆ្នាំ២០១៣ និង​ឈ្នះ​មេដាយ​លក្ខណៈ​អន្តរជាតិ​ជា​ច្រើន​ទៀត។ កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ អ្នកស្រី​​ក៏​ទើប​ឈ្នះ​បាន​មេដាយ​មាស​ពីរ​គ្រឿង​ទៀត​ពី​ព្រឹត្តិការណ៍​ជើងឯក​ប៉េតង់​អាស៊ាន​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់។ ពិធី​ដង្ហែ​នេះ​រៀប​ចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រម​ទាំង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក និង​សហព័ន្ធ​ប៉េតង់​កម្ពុជា៕
ke leng release

អត្ថបទ៖ ជាន ចាន់រ៉ា

ត្រួស​ៗ​ពី​អ្នក​ជំនាញ​ “ធ្វើ​ម៉េច​ឲ្យ​ Website មួយ​ដំណើរ​បាន”

ប្រភពមកពី៖ news.sabay.com.kh
សព្វ​ថ្ងៃ​មាន​គេហទំព័រ​ជា​ច្រើន​​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​ដែល​ប្រិយមិត្ត​តែង​តែ​ចូល​ទស្សនា​ព័ត៌មាន​ផ្សេង​ៗ​ដែល​កើត​មាន​ហើយ​ក៏​មាន​ការ​ងឿងឆ្ងល់​ថា​ហេតុ​អី​បាន​ជា​គេហទំព័រ​ទាំង​នោះ​អាច​មើល​បាន​ដោយ​សារ​អ្វី?

khmer view

រាល់​ចម្ងល់​ទាំង​នេះ​មាន​អ្នក​ជំនាញ​បង្ហាញ​ត្រួស​ៗ​ថា​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​គេហទំព័រ​មួយ​ដំណើរការ​បាន។

លោក​ ហេង​ សាមឌី អ្នក​ប្រឹក្សា​យោបល់​ព័ត៌មានវិទ្យា​នៃ ICS ​បាន​ឲ្យ​ដឹង​ថា ដើម្បី​ឲ្យ​គេហទំព័រ​មួយ​ដំណើរការ​បាន​លុះ​ត្រា​តែ​មាន Domain និង Hosting។ Domain និង Hosting ​មាន​ ២ គឺ មួយ​មិន​ចំណាយ​លុយ និង មួយ​ទៀត​ត្រូវ​ការ​ចំណាយ​លុយ ដើម្បី​ទិញ​ពី​ក្រុម​ហ៊ុន​ដែល​មាន​សេវាកម្ម​លក់ Domain និង Hosting។

សម្រាប់ Domain គឺ​​ប្រិយមិត្ត​អាច​ទិញ​សេវាកម្ម​នេះ​ក្នុង​ស្រុក ឬ ក្រៅ​ស្រុក​បាន តម្លៃ​ប្រហែល ១០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ដែល​អាច​សំគាល់​កន្ទុយ​ក្រោយ​ដូច​ជា (.Com) (.edu) ជា​ដើម តែ​បើ​ Domain មាន​កំណត់​សំគាល់ (.kh) គឺ​ត្រូវ​បំពេញ​បែប​បទ​សុំ​សិទ្ធ​ទិញ​នៅ​ក្រសួង​ប្រៃសណីយ៍​ផ្ទាល់​និង​ត្រូវ​ចំណាយ​លុយ​មួយ​តង់​ទៀត។ ម្យ៉ាង​ទៀត​ការ​ដែល​ចង់​បាន .kh គឺ​ជា​ការ​សំគាល់​គេហទំព័រ​មួយ​នោះ​ស្ថិត​ក្នុង​ប្រទេស​កម្ពុជា​ដូច​គេហទំព័រ​សប្បាយ​ www.sabay.com.kh។

ចំណែក Hosting វិញ​គឺ​ប្រិយមិត្ត​អាច​ទិញ​សេវាកម្ម​នេះ​ក្នុង​ស្រុក​ ឬ ក្រៅ​ស្រុក​បាន​ចំណែក​តម្លៃ​ទាប​បំផុត​ក៏​តម្លៃ ៣០ ដុល្លារ​ក្នុង​ ១ ឆ្នាំ។ Hosting គ្មាន​កំណត់​សំគាល់​ជា​អក្សរ​អ្វី​ទេ​គ្រាន់​តែ​មាន​នាទី​យក​ទិន្នន័យ​ផ្ទុក​លើ Server មួយ។ ​​​
​​​​
អ្នក​ប្រឹក្សា​រូប​នេះ​បន្ត​ថា ការ​ទិញ​ Domain និង Hosting នៅ​ក្រៅ​ស្រុក​ និង ក្នុង​ស្រុក​ខុស​គ្នា​ត្រង់​ថា​ ក្រៅ​ស្រុក​ពិបាក​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ម្យ៉ាង​ទៀត​ត្រូវ​ប្រើ Visa Card ឬ Master Card ដើម្បី​ទិញ។ សម្រាប់​ក្នុង​ស្រុក​គឺ​ប្រិយមិត្ត​ងាយ​ស្រូល​ទាក់​ទង​គ្នា​ពេល​មាន​បញ្ហា និង គ្រាន់​តែ​ទៅ​​ដល់​ក្រុមហ៊ុនផ្ទាល់​ដើម្បី​ទិញ​ ឬ​អាច​បង់​តាម​សេវាកម្ម​ក្នុង​ស្រុក​។

សាមឌី បន្ថែម​ថា សម្រាប់​គេហទំព័រ​មាន​ ២ ប្រភេទ គឺ​គេហទំព័រ​លក្ខណៈ​ជា Web blog ប្រៀប​ដូច​ទៅ​ការ​ជ្រក​នៅ​ក្រោម​ដំបូល​ផ្ទះ​គេ​ដែរ ព្រោះ​គ្មាន​ការ​ចំណាយ​លុយ , បិទ​សិទ្ធិ​មិន​ឲ្យ​រៀប​ចំ​ feature ឬ Upload រូបភាព​កន្លែង​ដែល​​អ្នក​ប្រើប្រាស់​​ចង់​បាន ជា​ពិសេស​មិន​អាច​ឲ្យ​រក​លុយ​តាម Google AdSense។

មួយ​វិញ​ទៀត​គឺ​គេហទំព័រ​ធម្មតា​ដែល​ចែក​ចេញ​ជា​ ២ គឺ​​លក្ខណៈ​ជា CMS ដូច​ជា Joomla, WordPress, Druple ជា​ដើម​ដែល​មាន​គំរូ​ឲ្យ​រើស​ស្រាប់​ៗ, កែ​កូដ​បាន, ងាយ​ស្រួល​ក្នុង​ការ​ដាក់​បញ្ចូល​រូប​ភាព។ ហើយ​មួយ​ទៀត​​គេ​ហទំព័រលក្ខណៈ​សរសេរ​កូដ​ទាំង​ស្រុង ទាម​ទារ​ឲ្យ​មាន​ការ​រចនា​តាម​កូដ​ដែល​ចង់​បាន និង​ពិបាក​ក្នុង​ការ​ដាក់​បញ្ចូល​រូបភាព។


អត្ថបទ៖ ដារ៉ាឆានី​

​បួន​ឆ្នាំ​​​ចុង​ក្រោយគ្រោះ​ថ្នាក់​ចរាចរណ៍​​ឆក់​យក​ជីវិត​មនុស្ស​​​ប៉ុន្មាន​​នាក់ ​​​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​​?​​​

ប្រភពមកពី៖ news.sabay.com.kh
មនុស្ស​ម្នា​​រាប់​​ម៉ឺន​នាក់​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​​​​ស្រុក​​កំណើត​​​ក៏​ដូច​ទី​រមណីដ្ឋាន​​នានា​ ក្នុង​ឱកាស​​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណីជាតិ​​នៅ​ចុង​សប្តាហ៍​នេះ​ និង​ដើម​សប្តាហ៍​ក្រោយ​។​ ទន្ទឹម​គ្នា​នេះ​​សុវត្ថិភាព​ចរាចរណ៍​​​ជា​បញ្ហា​ចម្បង​មួយ​​ ខណៈ​​​ចំនួន​គ្រោះ​ថ្នាក់​ស្លាប់​ និង​រង​របួស​​បាន​កើត​​ឡើងច្រើន​​​ ក្នុង​ឱកាស​បុណ្យ​ជាតិ​ធំ​​ៗ ​​​មាន​​​ជា​អាទិ៍​បុណ្យ​ភ្ជំ​បិណ្ឌ និង​បុណ្យ​ចូល​​ឆ្នាំ​ខ្មែរ​។​ ថ្ងៃ​នេះ​ Sabay នឹង​បង្ហាញ​​តួលេខ​​គ្រោះ​ថ្នាក់​ចរាចរណ៍​​​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​រយៈ​ពេល​៤​ឆ្នាំ​ចុង​ក្រោយ​​ដល់​ប្រិយ​មិត្ត​អ្នក​អាន​បាន​ជ្រាប​ និង​ទុក​ជា​ការ​ប្រុង​ប្រយ័ត្ន​។

២០១១​

នៅ​ក្នុង​រយៈពេល៥​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ឆ្នាំ​២០១១​កន្លង​ទៅ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន​ ២១១​ករណី ​បាន​បណ្ដាល​ឲ្យ​មនុស្ស​៥៨​នាក់ស្លាប់ ​របួសធ្ងន់​ចំនួន​២៧៩​នាក់​ របួសស្រាល​២០៥​នាក់។ ​សរុប​ទៅ គិត​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​គឺ​មាន​មនុស្ស​ជាង​១១នាក់​បាន​ស្លាប់​ដោយសារ​ គ្រោះថ្នាក់​ចរាចរណ៍។ ​

Traffic on Khmer news year

២០១២​

​គ្រោះ​ថ្នាក់​ចរាចរណ៍​​​​​នៅ​ក្នុង​​ឱកាស​​​​ចូល​ឆ្នាំ​ ខ្មែរ​​​ប្រពៃណី​​​ជាតិ​​ចាប់ពី​ថ្ងៃទី​១២ ​ដល់​​​​ថ្ងៃទី​១៦ ​មេសា​​​ ​២០១២ ​ឆ្នាំ​កន្លង​ទៅ​​គ្រោះ​ថ្នាក់​​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​​កើត​ឡើង​​សរុប​​ ​ចំនួន​១៦​​លើក​ ​ក្នុង​នោះ​មនុស្ស​​​ចំនួន​៤៨នាក់​ស្លាប់​​​និង​របួស​​​ធ្ងន់​-ស្រាល​​ចំនួន​​៣៤៤នាក់ ។​​ ​

២០១៣​

គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល ៥​ថ្ងៃ នា​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ បាន​ធ្វើ​ឱ្យ​​មនុស្ស​ស្លាប់​ចំនួន ៦៦​នាក់និង​របួស ៣០៥​នាក់ គឺ​ច្រើន​ជាង​ឆ្នាំ​២០១២ ​ចំនួន ​១៨​នាក់ ​ដែល​នៅ​ឆ្នាំ​២០១២ មាន​មនុស្ស​ស្លាប់​ចំនួន៤៨​នាក់។​ មូលហេតុ​ដែល​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​កើត​ឡើង​រហូត​ដល់​ស្លាប់​ នោះ ភាគ​ច្រើន​មក​ពី​អ្នក​បើកបរ​លើស​ល្បឿន​កំណត់ និង​បើកបរ​ក្នុង​ពេល​ស្រវឹង មិន​ប្រកាន់​ស្ដាំ ជែង​គ្នា បត់​ឆ្វេង​ស្ដាំ​មិន​ប្រយ័ត្ន​ជាដើម។

Traffic on Khmer news year01

២០១៤​
 
មនុស្ស​ ៣០​នាក់ស្លាប់​​​​​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃ​​​បុណ្យ​ចូល​ឆ្នាំ​ថ្មី​។​ ​ចំនួន​នេះ​គិត​ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ខែ​មេសា ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​​​កើត​ឡើង​នៅ​ទូទាំង​ប្រទេស​ជិត ១០០​ករណី និង​បណ្ដាល​ឲ្យ​​របួស​ជាង ២០០​នាក់។  ​បញ្ហា​​គ្រោះ​ថ្នាក់​ភាគ​ច្រើន​កើត​ឡើង​ដោយសារ​អ្នក​បើកបរ​មិន​គោរព​ច្បាប់ គឺ​បើកបរ​ក្នុង​ល្បឿន​លឿន និង​បើក​ប្រជែង​គ្នា៕

អត្ថបទ៖មៃ សុខលីម

គិត​ស្រួល​បួល​មុន​សម្រេច​ចិត្ត​​រើស Laptop ឬ​ Tablet

ប្រភពមកពី៖ news.sabay.com.kh
វិស័យ​បច្ចេកវិទ្យា​ចេះ​តែ​រីក​ចម្រើន​ទៅ​ជា​លំដាប់​ ដោយ​បាន​ផ្ដល់​ភាព​ងាយ​ស្រួល​ជា​ច្រើន​ដល់​ប្រជាជន​ទូទាំង​ពិភព​លោក​​។ ដូច​ជា​កុំព្យូទ័រ​ Desktop​ ជា​ដើម​ ពី​មុន​អាច​ប្រើ​បាន​តែ​នៅ​លើ​តុ​មួយ​កន្លែង​តែ​ប៉ុណ្ណោះ​ តែ​ឥលូវ​មាន ​Laptop ​ដែល​អាច​ប្រើ​ប្រាស់​ផ្លាស់​ទី​បាន​គ្រប់​ទី​កន្លែង​។ ស្រប​គ្នា​នេះ​ដែរ​ក្រុម​ហ៊ុន​ធំៗ​មួយ​ចំនួន​ក៏​បាន​បង្កើត​ Tablet ដែល​កាន់​តែ​មាន​រូប​រាង​តូច​ជាង​Laptop​ទៅ​ទៀត​ ចំណែក​ឯ​មុខ​ងារ​វិញ​ស្ទើរ​តែ​ដូច ​Laptop ទៅ​ហើយ​។

73

បើ​ដូច្នេះ ​តើ​រវាង Laptop និង​Tablet យុវវ័យ​ចូល​ចិត្ត​ប្រើ​ប្រាស់​មួយ​ណា​ជាង​?

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ខាង​លើ​ យុវជន​ មាន​ រតនា និស្សិត​ឆ្នាំ​ទី​២ នៃ​វិទ្យាស្ថាន​អភិវឌ្ឍន៍​និស្សិត​ ផ្នែក​អក្សរ​សាស្ត្រ​អង់គ្លេស​ បាន​រៀប​រាប់​ប្រាប់​ Sabay ថា​ខ្លួន​ចូល​ចិត្ត​ប្រើ​ប្រាស់ Laptopជាង​ Tablet ។

យុវជន​ដែល​ប្រើ​ប្រាស់​ Laptop រាល់​ថ្ងៃ​ប្រាប់​ថា​៖ “ថ្វី​ត្បិត​តែ​ Tablet អាច​ធ្វើ​ការ​បាន​ស្ទើរ​តែ​​ដូច​​ Laptop​មែន​ តែ​ Laptop​ វា​មាន​សមត្ថភាព​ខ្ពស់​ជាង ហើយ​ការ​ប្រើប្រាស់​ក៏​ងាយស្រួល​ជាង​”។

ស្រដៀង​គ្នា​នេះ​ដែរ​យុវជន​ ព្រីង សុភានី​ ជា​និស្សិត​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៃ​សកល​វិទ្យាល័យ​ន័រតុន​បាន​លើក​ឡើង​ថា​៖ ” ខ្ញុំ​រៀន​ខាង​ផ្នែក ​IT ប្រាកដ​ជា​ចូល​ចិត្ត​ប្រើ​Laptop ​ជាង​ហើយ​” ។

យុវជន​រូប​នេះ​បញ្ជាក់​ថា​ បើ​គិត​ពី​តម្លៃ Laptop និង Tablet តម្លៃ​អាច​ប្រហាក់​ប្រហែល​ប៉ុន្តែ​សមត្ថភាព​ការ​ប្រើប្រាស់​មិន​ដូច​គ្នា​ទេ។ Laptop មាន​សមត្ថភាព​ខ្ពស់​ជាង​ អាច​ផ្ទុក​ទិន្នន័យ​បាន​ច្រើន ងាយស្រួល​ក្នុង​ការ​បញ្ចូល​កម្ម​វិធី​នានា​សម្រាប់​ការ​ប្រើប្រាស់។

តែ​ទោះ​បី​ជា​យ៉ាង​ណា​បុគ្គលិក​នៅ​ក្រុម​ហ៊ុន​ឯកជន​មួយ​បែរ​ជា​ចាប់​អារម្មណ៍​ Tablet ជា​ជម្រើស​ក្នុង​ការ​ទិញ​ប្រើប្រាស់​។

កញ្ញា ម៉ាលីដា​ បាន​ឲ្យ​ដឹង​ថា សម្រាប់​ការ​ធ្វើការ​រាល់​ថ្ងៃ​ត្រឹម​តែ Word និង Excel គិត​ថា​ Tabletគ្រប់គ្រាន់​ហើយ អាច​បំពេញ​តម្រូវ​ការ​ប្រើប្រាស់​បាន​។ ណា​មួយ​​វា​តូច​ ស្រាល​ងាយ​ស្រួល​បំផុត​ក្នុង​ការ​យក​តាម​ខ្លួន​ ចំណែក​តម្លៃ​ក៏​សមរម្យ​ផង​ដែរ។

ដោយ​ឡែក​អ្នកនាង នារី អ្នក​គ្រប់​គ្រង​ទូទៅ​ប្រចាំ​ហាង​លក់​កុំព្យូទ័រ​ចន្រ្តា​ បាន​មាន​ប្រសាសន៍​ប្រាប់​Sabay ​ថា៖ “Tablet មិន​អាច​យក​ឈ្នះ​Laptop​បាន​ទេ សម្រាប់​ទីផ្សារ​ទិញ​ប្រើប្រាស់។

ម្ចាស់​ហាង​រូប​នេះ​បញ្ជាក់​ថា Laptopអាច​ប្រើប្រាស់​បាន​ទូលំទូលាយ​ជាង ដោយសារ​វា​មាន​សមត្ថភាព​ផ្ទុក​ទិន្នន័យ​បាន​ធំ​ ងាយស្រួល​ក្នុង​ការ​ដំឡើង​កម្ម​វិធី​នានា ជាពិសេស​សម្រាប់​ការ​ប្រើប្រាស់​ក្នុង​ការ​បំពេញ​ការងារ​នានា​ជំនួស​ឲ្យ Desktop។ មួយ​វិញ​ទៀត​តម្លៃ​របស់ Tablet ហាក់​មាន​ថ្លៃ​ជាង​ Laptop​។​

ចំពោះ​ប្រិយ​មិត្ត​វិញ​តើ​ពេញ​ចិត្ត​មួយ​ណា​ជាង​ ?

អត្ថបទ៖ ហៃ សុខ​ហេង