ប្រភពមកពី៖ news.sabay.com.kh
Facebook បានចេញមុខងារថ្មីមួយ ដែលអាចឱ្យអ្នកប្រើប្រាស់ទាំងអស់ រាយការណ៍ដល់ខ្លួន ប្រសិនបើពួកគេបានឃើញ Status ឈឺចាប់ចង់សម្លាប់ខ្លួនរបស់បុគ្គលណាមួយនៅលើ Facebook ដើម្បីផ្ដល់ប្រឹក្សាលើកទឹកចិត្តដល់អ្នកទាំងនោះ។

Facebook បានសហការជាមួយអង្គការសុខភាពផ្លូវចិត្តជាច្រើនដូចជា Forefront, Now Matters Now, the National Suicide Prevention Lifeline, Save.org និងអង្គការមួយចំនួនផ្សេងទៀត ដើម្បីស្វែងរកដំណោះស្រាយមួយជួយដល់អ្នក ដែលមានបំណងចង់សម្លាប់ខ្លួន ដោយការបង្ហោះ Status ឈឺចាប់ផ្សេងៗលើ Facebook។
ដូច្នេះ នៅពេលបានឃើញ Status ឈឺចាប់របស់ជនណាម្នាក់ អ្នកអាចរាយការណ៍ទៅខាងក្រុមហ៊ុន Facebook ជាបន្ទាន់ ដោយប្រើប្រាស់មុខងារថ្មីមួយនេះ ដើម្បីផ្ដល់ប្រឹក្សាយោបល់ដល់អ្នកទាំងនោះ ចៀសឱ្យពួកគេគិតខ្លីធ្វើបាបខ្លួនឯងដោយប្រការណាមួយ។
ដោយសារវាជាដំណើរការថ្មីថ្មោង មុខងារថ្មីនេះនឹងអាចប្រើប្រាស់បាននៅអាមេរិកសិន ក្នុងអំឡុងពេលប៉ុន្មានខែខាងមុខ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុន Facebook នឹងព្យាយាមធ្វើឱ្យអ្នកប្រើប្រាស់ទាំងអស់ទូទាំងពិភពលោក អាចប្រើប្រាស់មុខងារថ្មីនេះ ដើម្បីចូលរួមផ្ដល់ប្រឹក្សាដល់បុគ្គលដែលមានបញ្ហាផ្លូវចិត្ត។
Facebook សង្ឃឹមថា មុខងារថ្មីនឹងអាចជួយកាត់បន្ថយការប្រព្រឹត្តអំពើមិនគប្បីណាមួយ ពីសំណាក់អ្នកប្រើប្រាស់មានបញ្ហាផ្លូវចិត្ត ដែលគិតចង់ធ្វើបានខ្លួនឯង ឬឈានដល់ការសម្លាប់ខ្លួន ហើយក៏ជាការលើកទឹកចិត្តមួយដល់អ្នកដែលមិនសូវទទួលបានការស្រឡាញ់រាប់អានផងដែរ៕
0 comments:
Post a Comment