រាជធានីភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅមុននេះបន្តិច ខណៈដែលរថយន្តដឹកទំនិញប្រភេទកូរ៉េមួយគ្រឿង ពណ៌.ស បើកចុះពីលើស្ពាន៧មករាក៏ដាច់ហ្វ្រាំង ពេលនោះត្រូវអ្នកបើកបរបានលោតចុះពីលើរថយន្តយករួចខ្លួន បណ្តាលឱ្យរថយន្តនោះរអិលចុះក្រោមបុករះម៉ូតូ២គ្រឿង, រថយន្តតាកូម៉ាមួយគ្រឿង និងរបួសធ្ងន់មនុស្ស២នាក់ ដែលហេតុការណ៍នេះ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង០២ និង៣០នាទីរសៀលថ្ងៃទី២៩ មករា ២០១៦ នេះ ស្ថិតនៅចំណុចស្ពាន៧មករា បត់មកផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។ប្រភពឱ្យដឹងថា បន្ទាប់ពីកើតហេតុភ្លាម ធ្វើឱ្យអ្នកដំណើរនិងអ្នករត់ម៉ូតូឌុបជាច្រើននាក់ មានការខឹងសម្បារទៅលើម្ចាស់រថយន្តនោះ ដោយចាប់មកវាយម្នាក់មួយដៃមួយជើង ធ្វើឱ្យអ្នកបើកបរខាងលើរបួសហូរឈាមពេញខ្លួន និងប៉ោងមុខមាត់ ព្រោះមិនបាននៅបញ្ជាចង្កូតរថយន្តរបស់ខ្លួន ។
អ្នកបើកបររូបនោះមិនត្រូវស្គាល់អត្តសញ្ញាណនោះទេ បើករថយន្តប្រភេទកូរ៉េ ពណ៌.ស ពាក់ស្លាកលេខភ្នំពេញ 3C-6862 មានដឹកទំនិញរបស់ឯកជន ។ ចំណែកឯអ្នករងរបួស២នាក់ ក្នុងនោះម្នាក់ឈ្មោះសិម ស្រីភក្រ័ អាយុ១៦ឆ្នាំ ជាសិស្ស ស្នាក់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ជិះម៉ូតូម៉ាក Today ពណ៌.ស ពាក់ស្លាកលេខ ភ្នំពេញ 1DB-2964 (របួសធ្ងន់) ។ រីឯខាងរថយន្តមួយគ្រឿងរងការខូចខាត គឺម៉ាកតាកូម៉ា ពាក់ស្លាកលេខភ្នំពេញ2E-2151 ។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌទួលគោកធ្វើការឃាត់ខ្លួនអ្នកបើកបរខាងលើ និងត្រួតពិនិត្យកន្លែងកើតហេតុ ហើយនឹងត្រូវបញ្ជូនទៅដោះស្រាយបន្តនៅការិយាល័យជើងគោក រាជធានីភ្នំពេញ ៕







ផ្តល់សិទ្ធដោយ កោះសន្តិភាព
0 comments:
Post a Comment