ប្រភពមកពី៖ sabay.com
កាលពីល្ងាចថ្ងៃអាទិត្យ ម្សិលមិញ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)បានតែងតាំងសមាជិកសភា និងអតីតកំពូលអ្នកកីឡាកាសជប៉ុនលោក Antonio Inoki ជាទូតសុឆន្ទៈរបស់ខ្លួនប្រចាំនៅប្រទេសជប៉ុនក្នុងគោលបណ្តុះបណ្តាល និងផ្សព្វផ្សាយកីឡាអូឡាំពិកដែលប្រទេសជប៉ុនធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២០។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រកាសក្នុងពិធីតែងតាំងនោះថា នេះជាជំហានសំខាន់មួយទៀតដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានសហការជាមួយអ្នកជំនាញកីឡាជប៉ុនដើម្បីបង្កើតការហ្វឹកហាត់ ការបញ្ជូនកីឡាករទៅហ្វឹកហាត់ ការផ្សព្វផ្សាយ និងការអប់រំប្រភេទកីឡាប្រយុទ្ធ។
លោកថា ៖«ដឹងស្រាប់ហើយ ជប៉ុននឹងធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០ អីចឹងជប៉ុនចង់ជួយជ្រោមជ្រែងកម្ពុជា យើងឲ្យមានកីឡាច្រើនប្រភេទបានចូលរួមប្រកួត។ យើងនឹងខិតខំបញ្ជូនក្រុមកីឡាបែបប្រយុទ្ធរបស់យើងទៅហ្វឹកហាត់នៅជប៉ុន ឬអ្នកជំនាញជប៉ុនមកបង្ហាត់ដល់ប្រទេសយើង ហើយយើងនឹងឲ្យជប៉ុនជួយអភិរក្សកីឡាប្រយុទ្ធប្រពៃណីរបស់យើងគឺល្បុក្កតោ»។
លោកបានបន្ថែមថា លើសពីនេះទៀតក្រុមអ្នកជំនាញកីឡាជប៉ុននឹងចុះមកអប់រំ និងផ្សព្វផ្សាយអំពីទស្សនាវិជ្ជាអូឡាំពិកដល់ប្រទេសកម្ពុជា។ ជាក់ស្តែង ចាប់ពីថ្ងៃទី៣ ខែមីនានេះ រហូតដល់ខែឧសភា អ្នកជំនាញវ័យក្មេងជប៉ុនមួយក្រុមបានមកប្រទេសកម្ពុជាដើម្បីរៀបចំផ្សព្វផ្សាយអំពីកីឡាអូឡាំពិកនៅកម្ពុជា។
ចំណែកលោក Antonio Inoki អាយុ៧២ឆ្នាំមានប្រសាសន៍ថា នេះជាកត្តាដ៏សំខាន់មួយសម្រាប់ប្រទេសទាំងពីរក៏ដូចជាប្រទេសទូទាំងសាកលលោក ពីព្រោះកីឡានាំមកនូវសុខភាព និងនាំមកនូវសន្តិភាពជាសកល។ លោកបានថ្លែងអំណរគុណដល់កម្ពុជាដែលបានតែងតាំងលោកជាទូតសុឆន្ទៈប្រចាំនៅប្រទេសជប៉ុន។
លោក Inoki បច្ចុប្បន្នជាសមាជិកសភាជប៉ុនជាអតីតកំពូលអ្នកកីឡាកាសពិភពលោកដែលឈ្នះខ្សែក្រវាត់ពិភពលោកជាច្រើន និងមានកេរ្តិ៍ឈ្មោះល្បីល្បាញស្មើនឹងស្តេចប្រដាល់សាកល Mohamad Ali៕
អត្ថបទ៖ ជាន ចាន់រ៉ា
0 comments:
Post a Comment