ពិភពអ៊ីនធឺណិតមានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ហើយភាពជឿនលឿនថ្មីៗបានលេចឡើងក្នុងឆ្នាំ ២០១៤ នេះ។ ដោយឡែក នៅឆ្នាំ ២០១៥ ខាងមុខរឿងរ៉ាវមួយចំនួនដែលអ្នកមិនបានឃើញក្នុងឆ្នាំនេះអាចនឹងលេចចេញជារូបរាងពិតប្រាកដក៏មិនដឹង។ នេះជាការទស្សន៍ទាយ ១០ យ៉ាងពីលោក Ben Schachter មកពីក្រុមហ៊ុន Macquarie Securities ពីរឿងធំៗដែលនឹងកើតមានក្នុងពិភពអ៊ីនធឺណិតឆ្នាំ ២០១៥ ខាងមុខ។
១. ស្ទើរគ្រប់យ៉ាងនឹងភ្ជាប់ជាមួយអ៊ីនធឺណិត
នៅពេលខាងមុខវត្ថុជាច្រើននឹងភ្ជាប់ជាមួយអ៊ីនធឺណិត។ អ៊ីនធឺណិតនឹងមានវត្តមានលើវត្ថុប្រើប្រាស់ប្រចាំថ្ងៃជាច្រើនតាំងពីសម្ភារៈប្រើប្រាស់ក្នុងផ្ទះ មធ្យោបាយធ្វើដំណើរ និងការថែរក្សាសុខភាព។
២. កន្លែងស្តុកទិន្នន័យកាន់តែធំ
ខណៈដែលទីផ្សារបច្ចេកវិទ្យាកាន់តែរីកធំ អ្វីដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗមិននៅស្ងៀមគឺការពង្រីកកន្លែងផ្ទុកទិន្នន័យរបស់ខ្លួនដើម្បីឲ្យការប្រើប្រាស់ដំណើរការដោយរលូន។
៣. បច្ចេកវិទ្យាពាក់បាន
ត្រៀមខ្លួនឲ្យហើយ ដើម្បីទទួលយកបច្ចេកវិទ្យាពាក់បានថ្មីៗបន្ថែមទៀត។ ឆ្នាំ ២០១៤ នេះអ្នកបានឃើញបច្ចេកវិទ្យាពាក់បានមួយចំនួនរួចហើយ ដូចជាខ្សែដៃសុខភាព FitBit Smartband, SmartWatch, Google Glass ដូច្នេះឆ្នាំ ២០១៥ អាចនឹងមានអ្វីដែលថ្មី ក៏ដូចជាការវិវឌ្ឍឲ្យកាន់តែអស្ចារ្យនៃបច្ចេកវិទ្យាដែលមានស្រាប់។
៤. ល្បឿនអ៊ីនធឺណិតកាន់តែលឿន
Google និង Facebook កំពុងបង្កើនល្បឿនអ៊ីនធឺណិតរបស់ខ្លួនឲ្យកាន់តែលឿន និងទៅដល់គោលដៅមិនធ្លាប់មានជុំវិញពិភពលោក។ នៅឆ្នាំ ២០១៥ អ្នកអាចឃើញគម្រោងធំៗរបស់ក្រុមហ៊ុនទាំងនេះដូចជា Loon and Google Fiber និង Facebook’s Internet.org ជាដើម។
៥. ក្រុមហ៊ុនធំៗងាកមកផ្ដោតលើកន្លែងស្តុកទិន្នន័យនៅលើអនឡាញ Cloud
ការរីកលូតលាស់យ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន Amazon ធ្វើឲ្យ Google និង Microsoft មិនអាចនៅស្ងៀមឡើយ ហើយឆ្នាំខាងមុខក្រុមហ៊ុនបច្ចេកវិទ្យាទាំងពីរអាចនឹងងាកមកផ្ដោតលើកំណែប្រែ Cloud របស់ខ្លួនឲ្យកាន់តែប្រសើរមិនឲ្យចាញ់ Amazon។
៦. ការទូទាត់ប្រាក់
ឆ្នាំនេះ Apple បានណែនាំវិធីទូទាត់ប្រាក់ដ៏ងាយស្រួលតាមរយៈសេវាកម្ម Apple Pay របស់ខ្លួនតាមរយៈ Smartphone ស៊េរីក្រោយ iPhone 6/6 Plus។ បើទោះជាមានការរិះគន់ពីភាពអាចទុកបានរបស់វា គេជឿជាក់ថាឆ្នាំក្រោយនេះការទូទាត់ប្រាក់តាមវិធីដ៏ងាយស្រួលនេះនឹងមានការអភិវឌ្ឍឲ្យកាន់តែប្រសើរ និងងាយស្រួលជាមិនខាន។
៧. ការប្រកួតប្រជែងផ្នែក E-Commerce ក្នុងចំណោមក្រុមហ៊ុនធំ
ឆ្នាំនេះ Amazon រកចំណូលបានច្រើនជាងគេបំផុតពី E-Commerce ប្រហែល ៩១ ពាន់លានដុល្លារ។ តែឆ្នាំក្រោយក្រុមហ៊ុនធំៗផ្សេងទៀតដូចជា Google, Alibaba និង eBay ប្រាកដជាមិននៅឈរឱបដៃឲ្យគូប្រជែងរបស់ខ្លួនបន្តរីកទៅមុខស្រួលៗនោះទេ ដូច្នេះការប្រកួតប្រជែងទីផ្សារ E-Commerce នឹងកាន់តែក្ដៅគគុកដោយខានមិនបាន។
៨. ការផ្សព្វផ្សាយនៅលើអ៊ីនធឺណិតកាន់តែសម្បូរបែប
វេទិកាផ្សព្វផ្សាយនៅលើបណ្ដាញអ៊ីនធឺណិតនឹងកាន់តែធំទូលាយ និងសម្បូរបែប។ បច្ចេកវិទ្យាផ្សព្វផ្សាយថ្មីៗ រាប់បញ្ចូលទាំងវីដេអូផងនឹងកាន់តែអភិវឌ្ឍជឿនលឿនឡើង។
៩. ការកំណត់គោលដៅផ្សព្វផ្សាយកាន់តែច្បាស់ជាងមុន
ការផ្សព្វផ្សាយលើអ៊ីនធឺណិតបច្ចុប្បន្ន មានខ្លះមិនសូវត្រូវនឹងចំណូលចិត្តរបស់អ្នកប៉ុន្មានឡើយ។ តែនៅឆ្នាំខាងមុខ ក្រុមហ៊ុនមួយចំនួននឹងប្រមូលទិន្នន័យអ្នកប្រើប្រាស់ដើម្បីដាក់ផ្ទាំង Ad នានាឲ្យស្របទៅតាមចំណង់ចំណូលចិត្តអ្នកជៀសវាងភាពធុញទ្រាន់។
១០. បច្ចេកវិទ្យាមើលឃើញដូចពិត (Virtual Reality)
Oculus និង Google ជាក្រុមហ៊ុនល្បីជាងគេលើបច្ចេកវិទ្យាមើលឃើញដូចពិត (Virtual Reality) តាមរយៈវ៉ែនតាដ៏ទំនើបរបស់ខ្លួន។ ឆ្នាំ ២០១៥ ខាងមុខ ការអភិវឌ្ឍថ្មីនេះនឹងកាន់តែធ្វើឲ្យទំនាក់ទំនងកាន់តែប្រសើរជាងមុន ហើយអាចមានក្រុមហ៊ុនផ្សេងនឹងចូលរួមក្នុងផ្នែកនេះដែរ។
0 comments:
Post a Comment