ប្រភពមកពី៖ news.sabay.com.kh
ស្ត្រីវ័យ ៥២ ឆ្នាំ ម្នាក់បានប្រើពេល ១០ ម៉ោង អាចរកប្រាក់ចំណូលបាន ២ ម៉ឺនរៀល ពីការលក់ដំឡូង និង ត្រាវ នៅរាជធានីភ្នំពេញ។
“ខ្ញុំក្រោកតាំងពីម៉ោង ២ ព្រឹក ដើម្បីស្ងោដំឡូង និង ត្រាវ ចំនួន ២០ គីឡូ ហើយម៉ោង ៤ ព្រឹកចេញដំណើរមកដល់ភ្នំពេញ ហើយដំឡូង និង ត្រាវខ្ញុំលក់អស់ប្រហែលម៉ោង ១២ ផាត់ដើមហើយខ្ញុំចំណេញប្រហែល ២ ម៉ឺនរៀល តែពេលខ្លះសល់តែ១ម៉ឺនរៀលព្រោះត្រូវឲ្យថ្លៃឡាន”។ នេះជាការរៀបរាប់ពីជីវិតប្រចាំថ្ងៃ ដោយអ្នកស្រី ដែន ថាច រស់នៅភូមិ-ឃុំ ព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
វីដេអូ អ្នកស្រី ដែន ថាច ផ្ដល់សម្ភាសន៍ជាមួយ Sabay វេលាម៉ោង ៥:៥៥ នាទី ព្រឹកថ្ងៃទី ២៤ កក្កដា នេះ
អ្នកស្រី ដែន ថាច បានបញ្ជាក់ប្រាប់ Sabay ថា រថយន្ដឈ្នួល គឺរៀងរាល់ម៉ោង ៤-៥ ព្រឹក មកដល់ផ្ទះ ហើយចេញពីផ្ទះមកដល់ភ្នំពេញទំនងជាម៉ោង ៦ ព្រឹក ហើយឡានឈ្នួលគេយក ១ ម៉ឺនរៀល ទៅវិញទៅមក។ “អ្នកបើកតាក់ស៊ីនឹងសុទ្ធតែស្គាល់គ្នាទេ អីចឹងពេលមកគាត់មកយកដល់ផ្ទះ ហើយដល់ម៉ោងទៅវិញគេហ្នឹងមកខ្ញុំនៅម្ដុំកាល់ម៉ែត្រហ្នឹងហើយ”។
ការធ្វើដំណើរ ពីភូមិព្រែកពោធិ៍ មកលក់-ដូរ នៅភ្នំពេញនេះ គឺអ្នកស្រី ដែន ថាច មិនមែនជិះរថយន្ដឈ្នួលទាំងកង់ និង មនុស្សនោះទេ តាមពិតទៅ អ្នកលក់ដំឡុង និង ត្រាវរូបនេះ តែងតែផ្ញើកង់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ហើយនៅពេលចេញពីផ្ទះមក គឺមានតែល្អី ថាស និង ដំឡូង-ត្រាវ ប៉ុណ្ណោះ ដោយចុះពីលើឡានភ្លាម មកយកកង់ភ្លែត រៀបចំរួចរាល់ជិះកង់លក់នៅជុំវិញកាល់ម៉ែត្រ បឹងកក់ និង បរិវេណទួលគោក ជាដើម។ ដែន ថាច និយាយ។
បើទោះបីជាចំណាយពេលជិត ១០ ឆ្នាំ ក្នុងការលក់ដំឡូង-ត្រាវ នៅភ្នំពេញបែបនេះក្ដី ក៏ស្ថានភាពជីវភាព ដែន ថាច នៅតែមានការខ្វះខាតដដែល។ ប៉ុន្តែ ទ្រឹស្ដីមួយដែលអ្នកស្រីចាំក្នុងជីវិតនោះគឺ “បើខ្ញុំមិនរកប្រាក់ ១ ម៉ឺន ២ ម៉ឺន ក៏គ្មានដែរ”។
ដែន ថាច ដែលមានកូន ២ នាក់ គឺ ប្រុស ១ ស្រី ១ ដោយកូនបងអាយុ ១៥ ឆ្នាំ និង កូនពៅអាយុ ១០ ឆ្នាំ បាននិយាយប្រាប់គេហទំព័រ Sabay ថា ជីវិតជាការតស៊ូ ហើយធ្លាប់ភ្លក់រសជាតិលំបាកលំបិនតាំងពីដើមរហូតមកទល់នឹងពេលនេះ ដូច្នេះ មិនចង់ឃើញកូនៗលំបាកដូចខ្លួននោះទេ។ “ខ្ញុំប្រឹងរកប្រាក់ខ្ញុំនឹងព្យាយាមឲ្យកូនខ្ញុំរៀនសូត្រ កុំឲ្យល្ងង់ដូចខ្ញុំទៀត សង្ឃឹមថា វាមានការងារល្អ”។
ស្ត្រីវ័យ ៥២ ឆ្នាំខាងលើ បាននិយាយទៀតថា៖ “ដឹងថា លំបាកប៉ុន្ដែចេះតែរកទៅ បើមិនរកបានអីហូប បើគ្មានចំណូល គឺមានតែខ្ចីលុយគេចាយ នរណាឲ្យយើង បើខ្ចីគេក៏លំបាកដែរហ្នឹង អីចឹងតិចក្ដីច្រើនក្ដី ត្រូវតែប្រឹងរក វាគឺជាមុខរបររបស់យើងកុំឲ្យតែធ្វើអំពើមិនល្អបានហើយ”៕
0 comments:
Post a Comment