ប្រភពមកពី៖ news.sabay.com.kh
ត្រុដិ ជារបាំប្រជាប្រិយដ៏ពេញនិយមក្នុងស្រទាប់ប្រជាជនខ្មែរយូរ លង់ណាស់មកហើយ។ ប្រជាជនខ្មែរតែងលើកយករបាំដ៏ចំណាស់មួយនេះមកសម្ដែងក្នុងឱកាស ឆ្លងឆ្នាំថ្មី ដើម្បីបណ្ដេញគ្រោះឧបទ្រពចង្រៃក្នុងឆ្នាំចាស់ចេញ និងជំនួសមកវិញនូវភាពសម្បូរសប្បាយប្រកបដោយសុភមង្គលសម្រាប់ ឆ្នាំថ្មី។
របាំត្រុដិ ទាក់ទាញណាស់ដោយសារវាមានសាច់រឿងប្រទាក់គ្នាបង្កប់ដោយអត្ថន័យ គួរឲ្យជក់ចិត្ត មានទាំងតួអង្គព្រាយបិសាច ព្រាន យក្ស តាមប្រមាណ ម្រឹគ និងមានទាំងតួអង្គក្ងោកសួគ៌ អមដោយតន្ត្រីបុរាណ និងចម្រៀងរៀបរាប់ដំណើរដើមទង យ៉ាងពីរោះរណ្ដំ។
ឯកសារស្ដីពីរបាំប្រជាប្រិយខ្មែររបស់ក្រុមជំនុំទំនៀមទម្លាប់ ព្រមទាំងសមាជិកឆ្លើយឆ្លងគ្រប់ខេត្តដែលរៀបរៀងដោយពុទ្ធសាសនបណ្ឌិត្យ ព.ស២៥០៧ គ.ស១៩៦៤ បានសរសេរថា របាំនេះមានតែក្នុងក្រុងសៀមរាប និងតំបន់ខ្លះនៃខេត្តបាត់ដំបង ត្រង់ភូមិភាគណាដែលនៅជាប់នឹងខេត្តសៀមរាបប៉ុណ្ណោះ។ របាំនេះ មានលេងតែនៅពេលបុណ្យចូលឆ្នាំខ្មែរប៉ុណ្ណោះ ក្នុងគោលបំណងដើម្បីប្រសិទ្ធិនូវសព្ទសាធុការពរជូនដល់អ្នកស្រុក ក្នុងឱកាសឆ្នាំថ្មី។
ឯកសារដដែលថា ពាក្យ «ត្រុដិ» ជាពាក្យដើមមកពីភាសា សំស្ក្រឹតប្រែថា ផ្ដាច់ឬកាត់ផ្ដាច់ គឺសំដៅដល់ការផ្ដាច់ឆ្នាំឬ ការផ្ដាច់ឆ្នាំចាស់ចូលទៅឆ្នាំថ្មី។ ប៉ុន្តែបើតាមទម្លាប់របស់អ្នកស្រុកខ្លះ គេមានលេងរបាំនេះនៅពេលប្រារព្ធពិធីសុំទឹកភ្លៀងនៅគ្រាស្រុកទេស មានការរាំងស្ងួតជាច្រើនថ្ងៃខែម្ដងៗដែរ។
ផ្អែក លើឯកសារនៃការស្រាវជ្រាវរបស់ក្រុមជំនុំទំនៀមទម្លាប់ខ្មែរដដែល បាន លើកឡើងទៀតថា ប្រវត្តិនិងដើមកំណើតនៃរបាំត្រុដិគឺមានប្រភពច្រើន ក្នុងនោះមានប្រភពបែបរឿងនិទាន ប្រភពបែបជំនឿអ្នកស្រុកនិងប្រភព អ្នកស្រាវជ្រាវ ។
ប៉ុន្តែបើផ្អែក លើឯកសារខ្លះទៀតថា របាំត្រុដិ មានប្រវត្តិចេញពីជនជាតិដើមភាគតិចសំរ៉ែ តាំងពីយូរយារណាស់មកហើយ។ វាជាមរតកបន្តពីជំពូកជនជាតិដើមភាគតិចមួយនេះ និងជាចំណែកមួយនៃ អារ្យធម៌អំបូរ អូស្រ្តូអាស៊ីយាង ដែលបានចាប់កំណើតនៅដែនដីប្រទេស កម្ពុជាសព្វថ្ងៃ តាំងពីបុរាណកាលរាប់ពាន់ឆ្នាំមុន។ ប្រពៃណី វប្បធម៌ដ៏យូរលង់ ក៏នៅបន្តរហូតដល់សង្គមសម័យនាបច្ចុប្បន្ន របាំ ត្រុដ តែងទទួលការពេញនិយមសម្ដែងក្នុងកម្មវិធីនានាពុនឆ្នាំថ្មីប្រពៃណីជាតិចូលមកដល់៕
ខាងក្រោមជា របាំត្រុដិ ថតដោយផលិតកម្ម VCM សម្ដែងដោយក្រុមសិល្បៈនៃមន្ទីរវិចិត្រសិល្បៈ ខេត្តតាកែវ ក្នុងបរិវេណប្រសាទបាទី។
0 comments:
Post a Comment