Tuesday, April 7, 2015

គិត​ស្រួល​បួល​មុន​សម្រេច​ចិត្ត​​រើស Laptop ឬ​ Tablet

ប្រភពមកពី៖ news.sabay.com.kh
វិស័យ​បច្ចេកវិទ្យា​ចេះ​តែ​រីក​ចម្រើន​ទៅ​ជា​លំដាប់​ ដោយ​បាន​ផ្ដល់​ភាព​ងាយ​ស្រួល​ជា​ច្រើន​ដល់​ប្រជាជន​ទូទាំង​ពិភព​លោក​​។ ដូច​ជា​កុំព្យូទ័រ​ Desktop​ ជា​ដើម​ ពី​មុន​អាច​ប្រើ​បាន​តែ​នៅ​លើ​តុ​មួយ​កន្លែង​តែ​ប៉ុណ្ណោះ​ តែ​ឥលូវ​មាន ​Laptop ​ដែល​អាច​ប្រើ​ប្រាស់​ផ្លាស់​ទី​បាន​គ្រប់​ទី​កន្លែង​។ ស្រប​គ្នា​នេះ​ដែរ​ក្រុម​ហ៊ុន​ធំៗ​មួយ​ចំនួន​ក៏​បាន​បង្កើត​ Tablet ដែល​កាន់​តែ​មាន​រូប​រាង​តូច​ជាង​Laptop​ទៅ​ទៀត​ ចំណែក​ឯ​មុខ​ងារ​វិញ​ស្ទើរ​តែ​ដូច ​Laptop ទៅ​ហើយ​។

73

បើ​ដូច្នេះ ​តើ​រវាង Laptop និង​Tablet យុវវ័យ​ចូល​ចិត្ត​ប្រើ​ប្រាស់​មួយ​ណា​ជាង​?

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ខាង​លើ​ យុវជន​ មាន​ រតនា និស្សិត​ឆ្នាំ​ទី​២ នៃ​វិទ្យាស្ថាន​អភិវឌ្ឍន៍​និស្សិត​ ផ្នែក​អក្សរ​សាស្ត្រ​អង់គ្លេស​ បាន​រៀប​រាប់​ប្រាប់​ Sabay ថា​ខ្លួន​ចូល​ចិត្ត​ប្រើ​ប្រាស់ Laptopជាង​ Tablet ។

យុវជន​ដែល​ប្រើ​ប្រាស់​ Laptop រាល់​ថ្ងៃ​ប្រាប់​ថា​៖ “ថ្វី​ត្បិត​តែ​ Tablet អាច​ធ្វើ​ការ​បាន​ស្ទើរ​តែ​​ដូច​​ Laptop​មែន​ តែ​ Laptop​ វា​មាន​សមត្ថភាព​ខ្ពស់​ជាង ហើយ​ការ​ប្រើប្រាស់​ក៏​ងាយស្រួល​ជាង​”។

ស្រដៀង​គ្នា​នេះ​ដែរ​យុវជន​ ព្រីង សុភានី​ ជា​និស្សិត​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៃ​សកល​វិទ្យាល័យ​ន័រតុន​បាន​លើក​ឡើង​ថា​៖ ” ខ្ញុំ​រៀន​ខាង​ផ្នែក ​IT ប្រាកដ​ជា​ចូល​ចិត្ត​ប្រើ​Laptop ​ជាង​ហើយ​” ។

យុវជន​រូប​នេះ​បញ្ជាក់​ថា​ បើ​គិត​ពី​តម្លៃ Laptop និង Tablet តម្លៃ​អាច​ប្រហាក់​ប្រហែល​ប៉ុន្តែ​សមត្ថភាព​ការ​ប្រើប្រាស់​មិន​ដូច​គ្នា​ទេ។ Laptop មាន​សមត្ថភាព​ខ្ពស់​ជាង​ អាច​ផ្ទុក​ទិន្នន័យ​បាន​ច្រើន ងាយស្រួល​ក្នុង​ការ​បញ្ចូល​កម្ម​វិធី​នានា​សម្រាប់​ការ​ប្រើប្រាស់។

តែ​ទោះ​បី​ជា​យ៉ាង​ណា​បុគ្គលិក​នៅ​ក្រុម​ហ៊ុន​ឯកជន​មួយ​បែរ​ជា​ចាប់​អារម្មណ៍​ Tablet ជា​ជម្រើស​ក្នុង​ការ​ទិញ​ប្រើប្រាស់​។

កញ្ញា ម៉ាលីដា​ បាន​ឲ្យ​ដឹង​ថា សម្រាប់​ការ​ធ្វើការ​រាល់​ថ្ងៃ​ត្រឹម​តែ Word និង Excel គិត​ថា​ Tabletគ្រប់គ្រាន់​ហើយ អាច​បំពេញ​តម្រូវ​ការ​ប្រើប្រាស់​បាន​។ ណា​មួយ​​វា​តូច​ ស្រាល​ងាយ​ស្រួល​បំផុត​ក្នុង​ការ​យក​តាម​ខ្លួន​ ចំណែក​តម្លៃ​ក៏​សមរម្យ​ផង​ដែរ។

ដោយ​ឡែក​អ្នកនាង នារី អ្នក​គ្រប់​គ្រង​ទូទៅ​ប្រចាំ​ហាង​លក់​កុំព្យូទ័រ​ចន្រ្តា​ បាន​មាន​ប្រសាសន៍​ប្រាប់​Sabay ​ថា៖ “Tablet មិន​អាច​យក​ឈ្នះ​Laptop​បាន​ទេ សម្រាប់​ទីផ្សារ​ទិញ​ប្រើប្រាស់។

ម្ចាស់​ហាង​រូប​នេះ​បញ្ជាក់​ថា Laptopអាច​ប្រើប្រាស់​បាន​ទូលំទូលាយ​ជាង ដោយសារ​វា​មាន​សមត្ថភាព​ផ្ទុក​ទិន្នន័យ​បាន​ធំ​ ងាយស្រួល​ក្នុង​ការ​ដំឡើង​កម្ម​វិធី​នានា ជាពិសេស​សម្រាប់​ការ​ប្រើប្រាស់​ក្នុង​ការ​បំពេញ​ការងារ​នានា​ជំនួស​ឲ្យ Desktop។ មួយ​វិញ​ទៀត​តម្លៃ​របស់ Tablet ហាក់​មាន​ថ្លៃ​ជាង​ Laptop​។​

ចំពោះ​ប្រិយ​មិត្ត​វិញ​តើ​ពេញ​ចិត្ត​មួយ​ណា​ជាង​ ?

អត្ថបទ៖ ហៃ សុខ​ហេង

0 comments:

Post a Comment