ប្រភពមកពី៖ news.sabay.com.kh
ម្ចាស់មេដាយមាសប៉េតង់ពិភពលោក អ្នកស្រី កែ ឡេង នឹងទទួលបាននូវពិធីដង្ហែដ៏អធិកអធមមួយនៅរាជធានីភ្នំពេញវេលាម៉ោង២:៣០រសៀល ថ្ងៃស្អែក ដើម្បីជាសក្ខីភាពនៃការលើកកម្ពស់ និងអបអរសាទរចំពោះស្នាដៃដែលអ្នកស្រីទទួលបានកន្លងមកសម្រាប់មុខមាត់ប្រទេសជាតិនៅឆាកអន្តរជាតិ។
តាមរយៈ Page របស់ NOCC ថា ពិធីដង្ហែដ៏ធំនេះនឹងចាប់ផ្ដើមដំបូងនៅវេលាម៉ោង២:៣០រសៀល ថ្ងៃទី៩ ខែមេសា ចេញពីវិមានសន្ដិភាពឆ្ពោះទៅកាន់វិមានឯករាជ្យ ហើយបន្ដទៅសួរច្បារសម្ដេចតេជោ ហ៊ុន សែន មុនពេលបន្តដង្ហែទៅបញ្ចប់នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។ នៅទៅនោះក៏នឹងមានការចូលរួមពី ប្រជាពលរដ្ឋ និងលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC, លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងកីឡាករ ការិនីជាច្រើនទៀត។
ប៉ុន្តែមុន មុនកម្មវិធីដង្ហែក្បួនអបអរសារទចេញដំណើរ ម្ចាស់មេដាយមាសប៉េតង់ពិភពលោក កែ ឡេង នឹងទទួលបានការអនុញ្ញាតចូលជួបសម្តេច ហ៊ុន សែន និងអត្តពលិកពីរប្រភេទទៀតគឺកីឡាយូដូ និងសីប៉ាក់តាក្រក៏ចូលរួមដែរនៅវិមានសន្តិភាព។ សម្ដេច ហ៊ុន សែន នឹងសំណេះសំណាលជាមួយកីឡាករ-កីឡាការិនីទាំង ៣ប្រភេទ ព្រមទំាងមានកញ្ចប់ប្រាក់រង្វាន់លើកទឹកចិត្តចំនួន៦៤លានរៀល និងបំពាក់គ្រឿងឥស្សរិយយសជាតិថ្នាក់មហាសេរីវឌ្ឍន៍ដល់ កែ ឡេង។
កីឡាការិនីប៉េតង់ជម្រើសជាតិ កែ ឡេង បានឈ្នះមេដាយមាសប៉េតង់ពិភពលោកក្នុងព្រឹត្តិការណ៍អន្តរជាតិ Women’s World Championship of petanque នៅប្រទេសបារាំង កាលពីឆ្នាំ២០១៣ និងឈ្នះមេដាយលក្ខណៈអន្តរជាតិជាច្រើនទៀត។ កាលពីចុងសប្តាហ៍កន្លងទៅ អ្នកស្រីក៏ទើបឈ្នះបានមេដាយមាសពីរគ្រឿងទៀតពីព្រឹត្តិការណ៍ជើងឯកប៉េតង់អាស៊ានដែលកម្ពុជាធ្វើជាម្ចាស់។ ពិធីដង្ហែនេះរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈកម្មាធិការជាតិអូឡាំពិក និងសហព័ន្ធប៉េតង់កម្ពុជា៕
អត្ថបទ៖ ជាន ចាន់រ៉ា
0 comments:
Post a Comment