Wednesday, April 8, 2015

ត្រៀមរថយន្ត​​ហែ​ម្ចាស់​មេដាយ​មាស​ពិភពលោក នៅ​ទីក្រុង​ភ្នំពេញ រសៀល​នេះ

ប្រភពមកពី៖ sabay.com
រថយន្ត​សម្រាប់​ដឹក​ម្ចាស់​មេដាយ​មាស​ពិភពលោក គឺ​កីឡា​ការិនី កែ ឡេង ​របស់​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​កីឡា ​Women’s Pétanque World Championships 2013 នៅ​រសៀល​ថ្ងៃទី៩ ខែ មេសា បាន​រៀបចំ​រួចរាល់​ហើយ ដែល​កំពុង​ចត​ចាំ​នៅ​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ។
 
Car

រថយន្ត​ត្រៀម​ហែ​កីឡា​ការិនី កែ ឡេង នៅ​រសៀល​នេះ

Car 01
 
សម្ដេច​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន នឹង​បំពាក់​គ្រឿង​ឥស្សរិយយស ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​មហា​សេរី​វឌ្ឍន៍ ដល់​កីឡាការិនី កែ ឡេង នៅ​រសៀល​ថ្ងៃ​ទី ៩ ខែ មេសា នេះ មុន​រៀបចំ​ហែ​បង្ហាញ​មុខ​ដល់​មហាជន​តាម​ដង​ផ្លូវ​សំខាន់ៗ ក្នុង​រាជធានី​ភ្នំពេញ អម​ដោយ​ម៉ូតូ​នគរបាល​ ១២​គ្រឿង បើក​ផ្លូវ។
 
យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា ក្រសួងអប់រំយុវជន​និង​កីឡា និង សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា ក្បួន​ដង្ហែ​នឹង​ចេញដំណើរ​ពី​វិមាន​សន្តិភាព​ឆ្ពោះ​ទៅ​សាកលវិទ្យាល័យ​ជាតិ​​គ្រប់គ្រង​“NUM”​រួច​ឆ្ពោះទៅ​ព័ទ្ធ​វត្តភ្នំ​មួយ​ជុំ​រួច​ឆ្ពោះ​ទៅតាម​មហាវិថី​នរោត្តម​សំដៅ​ទៅ​​វិមានឯករាជ្យ បន្ត​បត់​ទៅខាង​កើត​តាមផ្លូវ​ព្រះសីហនុ ដល់​ផ្លូវ​សុធារស បត់​ត្រឡប់​វិញ​​តាមផ្លូវ ព្រះ​សុរា​ម្រឹត  ឆ្ពោះ​មកដល់​ស្តុ​ប​ពេទ្យ​ចិន បត់​ស្តាំ​ទៅតាម​មហាវិថី​មុនី​វង្ស រួច​បត់​ឆ្វេង​ស្តុ​ប BS (ផ្សាថ្មី​ជ្រុង​ផ្លូវ​កម្ពុជា​ក្រោម) ចូល​ផ្លូវ​កម្ពុជា​ក្រោម  មក​បត់​ត្រង់​ស្តុ​ប​ដេ​អិន (​បណ្ណាគារ IBC) មក​រង្វង់​មូល​អាងទឹក​អូឡាំពិក រួច​ចូល​ពហុកីឡាដ្ឋាន​ជាតិ។

ke leng

កីឡា​ការិនី កែ ឡេង ពេល​ដណ្ដើម​បាន​មេដាយ​មាស នៅ​មីយ៉ាន់ម៉ា (រូបថត៖ Kem Sovanna)

ឯកឧត្តម ថោង ខុន ប្រធាន​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា និង ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី​ក្រសួងអប់រំយុវជន​និង​កីឡា នឹង​ចូលរួម​ដង្ហែ​កីឡា​ការិនី កែ ឡេង នៅ​រសៀល​នេះ​ផង​ដែរ។
 
ឧបនាយករដ្ឋមន្រ្តី សុខ អាន ជា​ប្រធាន​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា ធ្លាប់​លើក​ឡើង​ថា៖ «មិន​មែន​ជា​រឿង​ងាយ​ទេ ដែល​កីឡា​ការិនី កែ ឡេង ធ្វើ​ឱ្យ​ពិភពលោក​បាន​ស្គាល់​ប្រទេស​កម្ពុជា កាន់​តែ​ច្បាស់​តាម​រយៈ​កីឡា​ប៉េតង់។ យើង​ត្រូវ​រៀបចំ​ការ​ហែ​នេះ​ឱ្យ​សម​នឹង​សមិទ្ធផល​របស់​គាត់​»។

ដំណើរ​ក្នុង​ការ​​ឈ្នះ​មេដាយ​ពិភពលោក​របស់​កីឡា​ការិនី កែ ឡេង៖
 
ព្រឹត្តិការណ៍​កីឡា​ប៉េតង់​លំដាប់​ពិភពលោក​សម្រាប់​ស្រ្ដី Women’s Pétanque World Championships 2013 រៀបចំ​នៅ​ទីក្រុង Montauban ប្រទេស​បារាំង ចាប់​ពី​ថ្ងៃ​ទី ៤ ដល់ ៦ តុលា ឆ្នាំ ២០១៣ ដោយ​ ​មាន​វិញ្ញាសា​ប្រកួត​ចំនួន ២ គឺ​​វិញ្ញាសា​សា​​វាយ​យក​ពិន្ទុ និង វិញ្ញាសា វាយ​​ក្រុម​៣​នាក់។ ជា​លទ្ធផល​កីឡា​ការិនី​កម្ពុជា​ដណ្ដើម​បាន​មេដាយ​មាស​ក្នុង​​​វិញ្ញាសា​​វាយ​យក​ពិន្ទុ និង មេដាយ​សំរឹទ្ធ​ក្នុង​វិញ្ញាសា វាយ​​ក្រុម​៣​នាក់។
 
កីឡា​ការិនី កែ ឡេង ជើង​ខ្លាំង​ខាង​កីឡា​ប៉េតង់​របស់​កម្ពុជា បាន​ចេញ​មុខ​​ប្រកួត​ក្នុង​វិញ្ញាសា​វាយ​​យក​ពិន្ទុ រហូត​ដណ្ដើម​បាន​មេដាយ​មាស។ ជំហាន​ដំបូង​កីឡា​ការិនី កែ ឡេង បាន​ប្រកួត​វាយ​សន្សំ​ពិន្ទុ​​ជាប់​ចំណាត់​ថ្នាក់​លេខ ៦ ខណៈ​គណៈកម្មាធិការ​ប្រកួត​ជ្រើស​យក ១៦ នាក់​ឡើង​ទៅ​ប្រកួត​វគ្គ ១ / ៨។ ចំណែក​ឯ​កីឡា​ការិនី​ជាប់​ចំណាត់​ថ្នាក់​ពី​លេខ ១៧ ដល់ ៤៣ ត្រូវ​ប្រកួត​គ្នា​ដណ្ដើម​ពាន​ចំណាត់​ថ្នាក់​ទី២ គឺ​ Coupe De Nations ឬ Nation Cup។
 
វគ្គ​ពាក់​ ៨ នាក់​​ចុង​ក្រោយ កែ ឡេង របស់​កម្ពុជា​បាន​ផ្ដួល​ កីឡា​ការិនី Simona Bagala របស់​អ៊ីតាលី ដើម្បី​យក​កៅអី​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ ចូល​ដល់​វគ្គ​ ១/២ ផ្ដាច់ព្រ័ត្រ​កីឡា​ការិនី​​របស់​កម្ពុជា​នៅ​តែ​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​ដោយ​យក​ឈ្នះ​កីឡា​ការិនី Josepha Randriamiandrisoa របស់​ប្រទេស​ Madagascar មក​ពី​ទ្វីប​អាហ្វ្រិក។ នៅ​​វគ្គ​ផ្តាច់​ព្រ័ត្រ​ កីឡា​កែ ឡេង បំបាក់​កីឡា​ការិនី Mouna Baji របស់​ប្រទេស​​ទុយណេស៊ី​ក្នុង​លទ្ធផល ៣៨ ពិន្ទុ ទល់​នឹង ២៧ ដើម្ប​ក្រសោប​បាន​មេដាយ​មាស​​ពិភព​លោក​​ជួន​ជាតិ។

Womens-Pétanque-World-Championships-2013

កែ ឡេង ពេល​ឈ្នះ​មេដាយមាស នៅ​បារំាង

សរុប​លទ្ធផល​វិញ្ញាសា​នេះ កែ ឡេង របស់​កម្ពុជា​ឈ្នះ​មេដាយ​មាស ខណៈ​មេដាយ​ប្រាក់​​បាន​ទៅ កីឡា​ការិនី Mouna Baji របស់​​ទុយណេស៊ី។ មេដាយ​សំរឹទ្ធ​ស្ទួន​បាន​ទៅ កីឡា​ការិនី Randriamiandrisoa របស់​ប្រទេស​ Madagascar ​និង កីឡា​ការិនី Muriel Hess របស់​អាល្លឺម៉ង់។
 
ចំពោះ​​វិញ្ញាសា​វាយ​ក្រុម​៣​នាក់​ ក្រុម​កីឡា​ការិនី​កម្ពុជា​​​មាន​ឱកាស​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​តែ​​បែរ​ជា​​​ភ្លាត់​​នៅ​​ក្រោម​ថ្វី​ដៃ​ជម្រើស​ជាតិ​ថៃ ក្នុង​លទ្ធផល ១៣ ពិន្ទុ ទល់ ៧ ពិន្ទុ។ ដូច្នេះ​កម្ពុជា​ និង កាណាដា ឈរ​នៅ​លេខ ៣ ស្ទួន ទទួល​បាន​មេដាយ​សំរឹទ្ធ ខណៈ​ថៃ ដណ្ដើម​បាន​មេដាយ​មាស។ ចំណែក​ម្ចាស់​ផ្ទះ បារាំង​ ខក​ចិត្ត​បាន​ត្រឹម​មេដាយ​ប្រាក់៕
 
អត្ថបទ៖ ម៉ឺន រស្មី
រូបថត៖ FB

0 comments:

Post a Comment