Wednesday, April 22, 2015

អ្នកជំនាញមហារីក៖ ការប្រើប្រាស់ ថ្នាំវីតាមីន ច្រើនពេក អាចធ្វើឲ្យ កើតជំងឺបេះដូង និង មហារីក

ប្រភពមកពី៖ khmerload
សុខភាព៖ មនុស្សភាគច្រើន បានប្រើប្រាស់ ថ្នាំបំប៉ន និង ថ្នាំគ្រាប់ វីតាមីនផ្សេងៗ ក្នុងការជឿជាក់ថា នឹងអាចជួយជំរុញ ឲ្យមានសុខភាពល្អ ហើយការពាររាងកាយ ប្រឆាំងទប់ទល់ ជំងឺផ្សេងៗ ។
តែយ៉ាងណាមិញ តាមប្រភពព័ត៌មាន បានឲ្យដឹងថា មានការសិក្សាថ្មីមួយ របស់អ្នកជំនាញ ផ្នែកមហារីក បានរកឃើញថា ការប្រើប្រាស់ ថ្នាំវីតាមីន សំរាប់បំប៉នសុខភាព ច្រើនហួសប្រមាណ ជារៀងរាល់ថ្ងៃ  លើសពីការណែនាំ អាចផ្តល់ជាផលប៉ះពាល់ ចំពោះសុខភាព ទៅវិញ ហើយ អាចបណ្តាលឲ្យ កើតជំងឺបេះដូង និងមហារីក ទៀតផង។
លោក វេជ្ជបណ្ឌិត Tim Byers  ជាគ្រូពេទ្យជំនាញ ផ្នែកព្យាបាលជំងឺ មហារីកម្នាក់ នៅសាកលវិទ្យាល័យ Colorado សហរដ្ឋអាមេរិក ដែលបាន ធ្វើការសិក្សា ស្រាវជ្រាវ អស់រយៈពេល ៣០ឆ្នាំ មកហើយនោះ  បានព្រមានថា ការប្រើប្រាស់នូវ ថ្នាំបំប៉ន និង ថ្នាំវីតាមីន ដូចជាវីតាមីន E ជាដើម ក្នុង ចំនួនច្រើនពេក ជារៀងរាល់ថ្ងៃ ហួសពីការណែនាំ អាចនឹងបណ្តាលឲ្យ កើតជំងឺមហារីក។ លោក វេជ្ជបណ្ឌិតរូបនេះ បានបន្តថា “យើងមិន ប្រាកដថា ហេតុអ្វី បានវាកើតឡើង បែបនេះទេ ប៉ុន្តែភស្តុតាង បានបង្ហាញថា មនុស្សដែល ប្រើថ្នាំបំប៉ន ច្រើនហួសកំរិត នឹងអាច ប្រឈម មុខខ្ពស់ នឹងការកើតជំងឺ មហារីក”  ។  
វេជ្ជបណ្ឌិត Tim បន្តថា ក្នុងរយៈពេល ពីរសតវត្ស កន្លងទៅនេះ ការស្រាវជ្រាវបាន ចង្អុលបង្ហាញថា មនុស្សដែល ពិសា ផ្លែឈើ និងបន្លែ ច្រើន  អាចនឹងកាត់បន្ថយ កំរិតនៃការ កើតមហារីក បាន ។ ដូច្នេះ វេជ្ជបណ្ឌិត Tim ក៏ធ្វើការស្រាវជ្រាវ  ថាតើ ការប្រើប្រាស់ ថ្នាំគ្រាប់ បំប៉ន ឬ វីតាមីន អាចជួយ កាត់បន្ថយ ការប្រឈម មិនឲ្យ មនុស្សកើតមហារីក បាន ដែរ ឬយ៉ាងណា។
គាត់ប្រាប់ថា ដំបូងឡើយ ក្រុមការងារគាត់ បានធ្វើតេស្ត ថ្នាំ វីតាមីនបំប៉ន ទាំងនោះជាមួយ សត្វ ហើយបានរកឃើញលទ្ធផល ចេញមក ដូចការ ប៉ានស្មានមែន ។ បន្ទាប់មក គាត់បានធ្វើការ សិក្សាតាមដាន មនុស្សរាប់ពាន់នាក់ ដែលបានប្រើប្រាស់ ថ្នាំបំប៉ន និង វីតាមីន ក្នុងរយៈពេល ១០ឆ្នាំ ជាលទ្ធផល គាត់រកឃើញថា វីតាមីន និង ថ្នាំបំប៉ន មិនមានប្រយោជន៍ ទប់ស្កាត់មហារីក នោះទេ ពីព្រោះ មនុស្សមួយចំនួន បានកើត មហារីក នៅពេល ពួកគេកំពុង ប្រើថ្នាំបំប៉ន និង វីតាមីន។
ក្នុងនោះ វេជ្ជបណ្ឌិតរូបនេះ បានលើកយក ឧទាហរណ៍ឲ្យឃើញ អំពីឥទ្ធិពលរបស់ ថ្នាំបំប៉ន បេតាការ៉ូតែន (beta-carotene) ដែលជាប្រភេទថ្នាំ ដែលជួយដល់ សុខភាពភ្នែក និងរាងកាយ មកបង្ហាញថា ការប្រើប្រាស់ថ្នាំនេះ លើសពីចំនួនកំណត់ អាចប្រឈមមុខ នឹងជំងឺ មហារីកសួត និង បេះដូង ក្នុងកំរិត ២០ភាគរយ ។
ប៉ុន្តែ ទោះបីជាយ៉ាងណា វេជ្ជបណ្ឌិត រូបនេះ បង្ហាញថា ការរកឃើញនេះ មិនមែនឲ្យ មនុស្ស ភ័យខ្លាចឈប់ ប្រើប្រាស់ ថ្នាំបំប៉ន និងវីតាមីន នោះទេ ប៉ុន្តែ គាត់ណែនាំ ឲ្យ មនុស្សគ្រប់គ្នា ត្រូវប្រើប្រាស់ ថ្នាំបំប៉ន និង វីតាមីន ក្នុងកម្រិតត្រឹមត្រូវ ដែលបានណែនាំ ពីគ្រូពេទ្យជំនាញ។ គាត់ និង អ្នកជំនាញដទៃ ក៏បានណែនាំ ថា ការពិសា អាហារ បែបធម្មជាតិ និងរបបអាហារ ត្រឹមត្រូវ ជាជម្រើសល្អ តែមួយគត់ ដើម្បីទទួលបាន សុខភាពល្អ ។
គួរបញ្ជាក់ដែរថា ការសិក្សា ដែលបានរកឃើញថ្មីនេះ ក៏ត្រូវបានលើកយក ទៅបង្ហាញ ក្នុងកិច្ចប្រជុំ ប្រចាំឆ្នាំរបស់ សហគមក្រុមស្រាវជ្រាវ ជំងឺ មហារីក អាមេរិក ប្រចាំឆ្នាំ ២០១៥ ផងដែរ ៕

ប្រភេទថ្នាំគ្រាប់វីតាមីន ផ្សេងៗ

ការពិសា អាហារ បែបធម្មជាតិ និងរបបអាហារ ត្រឹមត្រូវ ជាជម្រើសល្អ សំរាប់សុខភាពល្អ
ប្រភព Dailymail | Mirror
បកប្រែដោយ៖ ទីន

0 comments:

Post a Comment