Wednesday, April 8, 2015

អុជ​ធូប​ប៉ុន្មាន​សរសៃ​​ដើម្បី​ឲ្យ​​ត្រូវ​ក្បួន​ពេល​ទទួល​ទេវតា​ឆ្នាំ​ថ្មី?

ប្រភពមកពី៖ sabay
ជា​រៀង​រាល់​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ប្រជាជន​ខ្មែរ​តែង​តែ​មាន​ទំនៀម​ទម្លាប់​អុជ​ធូប​​​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ និង​បន់​ស្រន់​សុំ​សេចក្ដី​សុខ​ចម្រើន​ ​ប៉ុន្តែ​​​​យុវវ័យ​ខ្លះ​បែរ​ជា​​ងឿង​ឆ្ងល់​ថា​​មិន​ដឹង​ត្រូវ​អុជ​ធូប​ប៉ុន្មាន​សរសៃ​​ឲ្យ​ត្រឹម​ត្រូវ​ឡើយ​ គឺ​ដឹង​​តែ​​​អុជ​​​តាម​តែ​ចិត្ត​​​។

«​ខ្ញុំ​​ពុំ​សូវ​ដឹង​ច្បាស់​ពី​ការ​អុជ​ធូប​​ហ្នឹង​ដែរ​​​​ ប៉ុន្តែ​ពេល​​ចូល​ឆ្នាំ​គឺ​អុជ​ដើម្បី​អបអរសាទរ​​ទេវតា​ឆ្នាំ​ថ្នី»​។ នេះ​ជា​ការ​លើក​ឡើង​​របស់​​​យុវជន​ ធារិទ្ធិ និស្សិត​ឆ្នាំ​ទី៤​ នៃ​សាកលវិទ្យាល័យ​ន័រតុន។

​ងាក​ទៅ​​កញ្ញា​​​ វ៉ាន់ណេង និស្សិត​ឆ្នាំ​ទី​១​នៃ​សាកល​វិទ្យាល័យ​អាស៊ី អឺរ៉ុប​ក៏​បាន​លើក​ឡើង​ស្រដៀង​គ្នា​​​ដែរ​ថា៖ «”​​ចូល​ឆ្នាំ​ថ្មី​ គឺ​ខ្ញុំ​អុជ​ធូប​ទទួល​ទេវតា​ឆ្នាំ​ថ្មី គឺ​​​មិន​​ដឹង​ច្បាស់​ពី​ទំនៀម​ទម្លាប់​នៃ​ការ​អុជ​ធូប​នេះ​​ទាល់​តែ​សោះ​​»​។

​ដើម្បី​​ស្រាយ​ចម្ងល់​​នេះ​​​ភិក្ខុ​សង្ឃ ​អួង​ សុខ​អេង​ ​​គង់​នៅ​វត្ត​មហា​មន្រ្តី​​មាន​សង្ឃដីកា​​ថា​​ ការ​អុជ​ធូប  ទទួល​ទេវតា​ ​មិន​ប្រកាន់​ថា​ត្រូវ​អុជ​ប៉ុន្មាន​សរសៃ​នោះ​ទេ។ ប៉ុន្តែ​តេជគុណ​​មាន​ដីកា​ថា​​​​ការ​អុជ​ធូប​គឺ​អាស្រ័យ​លើ​​​ការ​ឧទ្ទិស​របស់​អ្នក​បន់​ស្រន់ ដូច​​​អុជ​ធូប​បី​សរសៃ​សំដៅ​លើ​ ការ​ឧទ្ទិស​ដល់​ព្រះ​ពុទ្ធ​ ព្រះធម៌​ និង​ព្រះ​សង្ឃ។ ចំណែក​អុជ​ធូប​៥​សរសៃ​​​​ឧទ្ទិស​ដល់​ព្រះពុទ្ធ​រូប​៥ ព្រះអង្គ ​ឬ​ឋាន​ទាំង​៥។ ឯ​​​អុជ​ប្រាំពីរ​សរសៃ​​វិញ គឺ​ឧទ្ទិស​ដល់​ញាតិកា​ប្រាំពីរ​សន្តាន​។

​លោក អ៉ឹម បូរិន ​​មន្ត្រី​ទទួល​បន្ទុក​ផ្នែក​រៀប​ចំ​បុណ្យ​ជាតិ​និង​អន្តរជាតិ​​ ក៏​ស្រាយ​បំភ្លឺ​​​មិន​ខុស​ពី​តេជគុណ​ អួង សុខអេង ដែរ។ លោក​ថា​​ ការ​អុជ​ធូប​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ គឺ​មិន​​បាន​​កំណត់​ថា​​​មាន​​​​​​ចំនួន​ធូប​​ប៉ុន្មាន​សរសៃ​​​នោះ​ឡើយ។ ​លោក​ថា​ក្បូន​អុជ​​ គេ​​​អាច​អុជ​១​សរសៃ​ដល់​៩សរសៃ​។ ​ប៉ុន្តែ​​អ្វី​ដែល​​សំខាន់​គឺ​ការ​ឧទ្ទិស​​បន់ស្រន់​​ សុំ​សុខ​ចម្រើន​​ប៉ុណ្ណោះ។ ​លោក​ពន្យល់​ថា​​​​ថា​​ធូប​៣​សរសៃ​​គឺ​​ឧទ្ទិស​ដល់​ព្រះ​ពុទ្ធ​ ព្រះធម៌​ និង​ព្រះ​សង្ឃ។៥​សរសៃ​តំណាង​ដល់  ព្រះពុទ្ធ​រូប​៥ ព្រះអង្គ និង​៩​សរសៃ​តំណាង​ឲ្យ​ភព​ផ្កាយ​ព្រះ​គ្រោះ​។


family_shrine4
រូបភាព៖ alisoninasia
អ្វី​ដែល​រៀប​រាប់​ខាង​លើ តេជគុណ អួង សុខអេង រួម​ទាំង​លោក អ៉ឹម បូរិន ​សុទ្ធ​តែ​​​​​​​មាន​សង្ឃ​ដីកា​និង​​បក​ស្រាយ​​ថា​អុជ​ធូប​ទទួល​ទេវតា​​ គឺ​​មិន​កំណត់​ថា​ប៉ុន្មាន​សរសៃ ហើយ​​​ក៏​​​ពុំ​​​​បាន​​បញ្ជាក់​ថា​ត្រូវ​អុជ​ប៉ុន្មាន​សរសៃ​ឲ្យ​ច្បាស់​លាស់​ទេ​​​។ ប៉ុន្តែ​បើ​យោង​​តាម​សៀវភៅ​​មហា​សង្ក្រាន​ឆ្នាំ​ថ្មី​​ ថា​​ចំណោម​​គ្រឿង​រណ្ដាប់​​​ផ្សេង​ៗ​ ​គឺ​ត្រូវ​មាន​រៀប​ធូប​ប្រាំ​សរសៃ​និង​ទៀន​​ប្រាំ​ដើម​ផង​សម្រាប់​ថ្វាយ​ទេវតា​ឆ្នាំ​ថ្មី។

នា​សម័យ​ព្រហ្មញ្ញសាសនា ​គេ​ប្រើ​ភ្លើង​ដើម្បី​បូជា​គ្រឿង​​ដង្វាយ​​ទៅ​ដល់​​ទេវរាជ​​​ ​ដោយ​មាន​ជំនឿ​ថា​ផ្សែង​ភ្លើង​នឹង​អាច​ហោះ​ហើរ​ ដល់​ឋាន​សួគ៌។​​ លុះ​ក្រោយៗ​មក​​គេ​ប្រើ​ផ្សែង​ធូប​ជា​តំណាង​វិញ។ លុះ​ខ្មែរ​យើង​ត្រលប់​មក​កាន់​ព្រះពុទ្ធ​សាសនា ​ក៏​ជាប់​មក​ទំនៀម​ទម្លាប់​នេះ​រហូត​មក​ដល់​សព្វ​ថ្ងៃ៕

អត្ថបទ៖ មាន រតនា

0 comments:

Post a Comment