Tuesday, April 7, 2015

ត្រួស​ៗ​ពី​អ្នក​ជំនាញ​ “ធ្វើ​ម៉េច​ឲ្យ​ Website មួយ​ដំណើរ​បាន”

ប្រភពមកពី៖ news.sabay.com.kh
សព្វ​ថ្ងៃ​មាន​គេហទំព័រ​ជា​ច្រើន​​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​ដែល​ប្រិយមិត្ត​តែង​តែ​ចូល​ទស្សនា​ព័ត៌មាន​ផ្សេង​ៗ​ដែល​កើត​មាន​ហើយ​ក៏​មាន​ការ​ងឿងឆ្ងល់​ថា​ហេតុ​អី​បាន​ជា​គេហទំព័រ​ទាំង​នោះ​អាច​មើល​បាន​ដោយ​សារ​អ្វី?

khmer view

រាល់​ចម្ងល់​ទាំង​នេះ​មាន​អ្នក​ជំនាញ​បង្ហាញ​ត្រួស​ៗ​ថា​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​គេហទំព័រ​មួយ​ដំណើរការ​បាន។

លោក​ ហេង​ សាមឌី អ្នក​ប្រឹក្សា​យោបល់​ព័ត៌មានវិទ្យា​នៃ ICS ​បាន​ឲ្យ​ដឹង​ថា ដើម្បី​ឲ្យ​គេហទំព័រ​មួយ​ដំណើរការ​បាន​លុះ​ត្រា​តែ​មាន Domain និង Hosting។ Domain និង Hosting ​មាន​ ២ គឺ មួយ​មិន​ចំណាយ​លុយ និង មួយ​ទៀត​ត្រូវ​ការ​ចំណាយ​លុយ ដើម្បី​ទិញ​ពី​ក្រុម​ហ៊ុន​ដែល​មាន​សេវាកម្ម​លក់ Domain និង Hosting។

សម្រាប់ Domain គឺ​​ប្រិយមិត្ត​អាច​ទិញ​សេវាកម្ម​នេះ​ក្នុង​ស្រុក ឬ ក្រៅ​ស្រុក​បាន តម្លៃ​ប្រហែល ១០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ដែល​អាច​សំគាល់​កន្ទុយ​ក្រោយ​ដូច​ជា (.Com) (.edu) ជា​ដើម តែ​បើ​ Domain មាន​កំណត់​សំគាល់ (.kh) គឺ​ត្រូវ​បំពេញ​បែប​បទ​សុំ​សិទ្ធ​ទិញ​នៅ​ក្រសួង​ប្រៃសណីយ៍​ផ្ទាល់​និង​ត្រូវ​ចំណាយ​លុយ​មួយ​តង់​ទៀត។ ម្យ៉ាង​ទៀត​ការ​ដែល​ចង់​បាន .kh គឺ​ជា​ការ​សំគាល់​គេហទំព័រ​មួយ​នោះ​ស្ថិត​ក្នុង​ប្រទេស​កម្ពុជា​ដូច​គេហទំព័រ​សប្បាយ​ www.sabay.com.kh។

ចំណែក Hosting វិញ​គឺ​ប្រិយមិត្ត​អាច​ទិញ​សេវាកម្ម​នេះ​ក្នុង​ស្រុក​ ឬ ក្រៅ​ស្រុក​បាន​ចំណែក​តម្លៃ​ទាប​បំផុត​ក៏​តម្លៃ ៣០ ដុល្លារ​ក្នុង​ ១ ឆ្នាំ។ Hosting គ្មាន​កំណត់​សំគាល់​ជា​អក្សរ​អ្វី​ទេ​គ្រាន់​តែ​មាន​នាទី​យក​ទិន្នន័យ​ផ្ទុក​លើ Server មួយ។ ​​​
​​​​
អ្នក​ប្រឹក្សា​រូប​នេះ​បន្ត​ថា ការ​ទិញ​ Domain និង Hosting នៅ​ក្រៅ​ស្រុក​ និង ក្នុង​ស្រុក​ខុស​គ្នា​ត្រង់​ថា​ ក្រៅ​ស្រុក​ពិបាក​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ម្យ៉ាង​ទៀត​ត្រូវ​ប្រើ Visa Card ឬ Master Card ដើម្បី​ទិញ។ សម្រាប់​ក្នុង​ស្រុក​គឺ​ប្រិយមិត្ត​ងាយ​ស្រូល​ទាក់​ទង​គ្នា​ពេល​មាន​បញ្ហា និង គ្រាន់​តែ​ទៅ​​ដល់​ក្រុមហ៊ុនផ្ទាល់​ដើម្បី​ទិញ​ ឬ​អាច​បង់​តាម​សេវាកម្ម​ក្នុង​ស្រុក​។

សាមឌី បន្ថែម​ថា សម្រាប់​គេហទំព័រ​មាន​ ២ ប្រភេទ គឺ​គេហទំព័រ​លក្ខណៈ​ជា Web blog ប្រៀប​ដូច​ទៅ​ការ​ជ្រក​នៅ​ក្រោម​ដំបូល​ផ្ទះ​គេ​ដែរ ព្រោះ​គ្មាន​ការ​ចំណាយ​លុយ , បិទ​សិទ្ធិ​មិន​ឲ្យ​រៀប​ចំ​ feature ឬ Upload រូបភាព​កន្លែង​ដែល​​អ្នក​ប្រើប្រាស់​​ចង់​បាន ជា​ពិសេស​មិន​អាច​ឲ្យ​រក​លុយ​តាម Google AdSense។

មួយ​វិញ​ទៀត​គឺ​គេហទំព័រ​ធម្មតា​ដែល​ចែក​ចេញ​ជា​ ២ គឺ​​លក្ខណៈ​ជា CMS ដូច​ជា Joomla, WordPress, Druple ជា​ដើម​ដែល​មាន​គំរូ​ឲ្យ​រើស​ស្រាប់​ៗ, កែ​កូដ​បាន, ងាយ​ស្រួល​ក្នុង​ការ​ដាក់​បញ្ចូល​រូប​ភាព។ ហើយ​មួយ​ទៀត​​គេ​ហទំព័រលក្ខណៈ​សរសេរ​កូដ​ទាំង​ស្រុង ទាម​ទារ​ឲ្យ​មាន​ការ​រចនា​តាម​កូដ​ដែល​ចង់​បាន និង​ពិបាក​ក្នុង​ការ​ដាក់​បញ្ចូល​រូបភាព។


អត្ថបទ៖ ដារ៉ាឆានី​

0 comments:

Post a Comment