Sunday, February 22, 2015

ទស្សន​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ចំពោះ​ការ​ថែរក្សា​ទន្លេ​មេគង្គ

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក លោក ចន ឃែរី (John F. Kerry) កាល​ពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ បាន​សរសេរ​អត្ថបទ​មួយ​បញ្ចេញ​ទស្សនៈ​ពី​ការ​យល់​ឃើញ​របស់​លោក​ចំពោះ​ទន្លេ​មេគង្គ។ ក្នុង​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា «​ពី​ទូក​ល្បាត​យោធា​ទៅ​ជា​ទន្លេ​មេគង្គ​ប្រកប​ដោយ​និរន្តរភាព» អតីត​ទាហាន​អាមេរិកាំង​ក្នុង​សង្គ្រាម​វៀតណាម ដែល​ធ្លាប់​ធ្វើ​ដំណើរ​តាម​ទន្លេ​មេគង្គ​រូប​នេះ​បញ្ជាក់​ថា ទន្លេ​មេគង្គ​គឺ​ជា​ផ្លូវ​ទឹក​ដ៏​សំខាន់​បំផុត​មួយ​នៅ​លើ​ពិភពលោក។ លោក​ថា គេ​ចាំបាច់​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា អនុភាព​សេដ្ឋកិច្ច​និង​បរិស្ថាន​ទន្លេ​មេគង្គ​ត្រូវ​គេ​ថែរក្សា​សម្រាប់​ទុក​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ។
ខាង​ក្រោម​នេះ គឺ​ជា​ខ្លឹមសារ​ទាំង​ស្រុង​ដក​ស្រង់​ចេញ​ពី​អត្ថបទ​របស់​លោក ចន ឃែរី៖
លោក ចន ឃែរី កាល​ពី​ជាង ៤​ទសវត្សរ៍​មុន គឺ​ជា​អនុនាវីឯក​ក្នុង​កង​នាវា​ដែល​គេ​ហៅ​ថា «Brown-Water Navy»។ រូប​លោក​និង​មិត្តភ័ក្ដិ​បាន​ធ្វើ​ដំណើរ​តាម​កប៉ាល់​យោធា​អាមេរិកាំង​មួយ​លើ​ដង​ទន្លេ​មេគង្គ។ បើ​ទោះ​ជា​ហ៊ុមព័ទ្ធ​ដោយ​សង្គ្រាម​ក៏ដោយ ប៉ុន្តែ​នៅ​ពេល​ស្ងាត់​ម្តងៗ ពួកគាត់​បាន​ជាប់​ស្នេហ៍​ទៅ​នឹង​សម្រស់​ធម្មជាតិ និង​អំណាច​របស់​ទន្លេ​នោះ ក្នុង​នោះ​នឹក​ទៅ​ដល់​សត្វ​ក្របី អាហារ​សមុទ្រ​ដែល​ពួកគាត់​បាន​ដោះដូរ​ជាមួយ​អ្នក​នេសាទ ព្រមទាំង​ព្រៃ​លិច​ទឹក​ដែល​ដុះ​តាម​បណ្ដោយ​ទន្លេ។
រយៈពេល​ជា​យូរ​មក​ហើយ ផ្លូវ​ទឹក​សម្រាប់​ធ្វើ​សង្គ្រាម​ទាំង​នោះ​បាន​ក្លាយ​ជា​ផ្លូវ​ទឹក​សន្តិភាព និង​ពាណិជ្ជកម្ម ដែល​ក្នុង​នោះ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​វៀតណាម បាន​លូតលាស់​អស់​រយៈពេល ២០​ឆ្នាំ​មក​ហើយ។
ក្នុង​ពេល​បច្ចុប្បន្ន ទន្លេ​មេគង្គ​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់​ថ្មី​និង​ប្លែក​មួយ ដែល​គំរាម​កំហែង​ដល់​ជីវិត​រស់​នៅ​របស់​មនុស្ស​ច្រើន​ពាន់​នាក់ និង​ជា​សញ្ញា​ហានិភ័យ​បម្រែបម្រួល​អាកាសធាតុ​សម្រាប់​ផែនដី​ទាំង​មូល។ ការ​អភិវឌ្ឍ និង​កំណើន​មិន​ប្រកប​ដោយ​ចិរភាព​តាម​បណ្ដោយ​ទន្លេ​ទាំង​មូល កំពុង​បង្ក​គ្រោះថ្នាក់​ដល់​សុខុមាលភាព និង​ការ​លូតលាស់​យូរ​អង្វែង​ក្នុង​តំបន់។
​នៅ​ក្នុង​ឆ្នាំ​១៩៦៨ និង​១៩៦៩ បើ​មើល​ពី​នាវា​ល្បាត ពួកគាត់​អាច​មើល​ឃើញ​ទន្លេ​មេគង្គ​ពោរពេញ​ដោយ​ជីជាតិ ដែល​សំខាន់​សម្រាប់​ជីវិត និង​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​ក្នុង​សហគមន៍​នៅ​តាម​បណ្ដោយ​ច្រាំង​ទន្លេ។ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ច្រើន​លើក​ច្រើន​សា​ទៅ​កាន់​តំបន់​មេគង្គ ក្នុង​នាម​ជា​សមាជិក​ព្រឹទ្ធសភា និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៅ​ពេល​ក្រោយ​មក លោក​បាន​មើល​ឃើញ​សហរដ្ឋអាមេរិក និង​ប្រទេស​ក្នុង​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​បន្ត​ការ​អភិវឌ្ឍ ជំរុញ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ថែរក្សា​បរិស្ថាន។
​ទោះ​ជា​មាន​កិច្ចប្រឹងប្រែង​នេះ​ក្តី ទន្លេ​មេគង្គ​កំពុង​ឋិត​ក្រោម​ការ​គំរាម​កំហែង។ កំណើន​តម្រូវការ​ផ្នែក​ថាមពល ចំណី​អាហារ និង​ទឹក​នៅ​តាម​បណ្ដោយ​ទន្លេ​មេគង្គ​ដែល​មាន​ប្រវែង ២.៧០០ ម៉ាល (mile) ឬ​ស្មើ​ប្រមាណ ៤.៣២០​គីឡូម៉ែត្រ កំពុង​តែ​បំផ្លាញ​ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវិត​រស់នៅ​របស់​ពលរដ្ឋ ២៤០​លាន​នាក់។ ការ​អភិវឌ្ឍ​មិន​ប្រកប​ដោយ​ចិរភាព និង​កំណើន​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្រូវ​ការ​អាហារ និង​ទឹក​របស់​មនុស្ស​រាប់​រយ​លាន​នាក់​ដែល​ពឹង​ផ្អែក​លើ​ទន្លេ​មេគង្គ។
​អ្វី​ទៅ​ជា​គ្រោះថ្នាក់? នៅ​កម្ពុជា ទន្លេ​មេគង្គ​ធ្វើ​ឲ្យ​មាន​ជីវចម្រុះ​សម្បូរ​បែប​ដែល​ផ្ដល់​ប្រូតេអ៊ីន​ក្នុង​ប្រទេស​មួយ​នេះ ប្រមាណ​ជាង ៦០%។ នៅ​វៀតណាម ទន្លេ​មេគង្គ​គឺ​ជា​ប្រព័ន្ធ​ស្រោចស្រព​សម្រាប់​ដំណាំ​ស្រូវ​ដែល​ចិញ្ចឹម​សេដ្ឋកិច្ច​លូតលាស់​យ៉ាង​លឿន​រហ័ស​របស់​ប្រទេស​មួយ​នេះ។ សម្រាប់​តំបន់​ទាំង​មូល ទន្លេ​មេគង្គ​គឺ​ជា​សរសៃ​ឈាម​ដ៏​សំខាន់​មួយ​សម្រាប់​បម្រើ​ដល់​វិស័យ​ដឹក​ជញ្ជូន កសិកម្ម និង​បង្កើត​ថាមពល។
ទន្លេ​មេគង្គ​គឺ​ជា​គូប្រជែង​របស់​ទន្លេ​អាម៉ាហ្សូន​ក្នុង​ផ្នែក​ជីវចម្រុះ។ ត្រី​រាជ​យក្ស​និង​ត្រី​ផ្សោត គឺ​មាន​តែ​មួយ​គត់​នៅ​ក្នុង​ទន្លេ​មេគង្គ ហើយ​អ្នកវិទ្យាសាស្ត្រ​កំពុង​តែ​រក​ឃើញ​ប្រភេទ​រុក្ខជាតិ និង​ត្រី​ផ្សេង​ទៀត​នៅ​ទី​នោះ។ ប្រភេទ​ត្រី​ដែល​ទើប​រក​ឃើញ​ថ្មីៗ​ទាំង​អស់​នេះ​នៅ​ថ្ងៃ​ខាង​មុខ នឹង​អាច​ក្លាយ​ជា​ឱសថ​សង្គ្រោះ​ជីវិត​ថ្មី​យ៉ាង​ពិត​ប្រាកដ។
បញ្ហា​ប្រឈម​គឺ​មាន​ជាក់​ច្បាស់។ តំបន់​មេគង្គ​ទាំង​មូល​ត្រូវ​អនុវត្ត​យុទ្ធសាស្ត្រ​ទូលំទូលាយ​ដែល​ធានា​ថា កំណើន​នៅ​ថ្ងៃ​អនាគត​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្យល់​បរិសុទ្ធ ទឹក​ស្អាត និង​ប្រព័ន្ធ​អេកូឡូស៊ី​ប្រកប​ដោយ​ផាសុកភាព​នោះ​ឡើយ។
ជោគវាសនា​នៃ​តំបន់​នេះ ក៏​នឹង​ផ្ដល់​ផលប្រយោជន៍​ដល់​ប្រជាជន​ដែល​រស់​នៅ​ឆ្ងាយ​ផង​ដែរ។ ឧទាហរណ៍ ពាណិជ្ជកម្ម​របស់​អាមេរិក​ជាមួយ​ប្រទេស​ក្នុង​តំបន់​កើន​ឡើង​ចំនួន ៤០% ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៤។ និន្នាការ​នេះ​មាន​ន័យ​ថា បង្កើត​ការងារ​បន្ថែម​សម្រាប់​ពលរដ្ឋ​អាមេរិក និង​កំណើន​សេដ្ឋកិច្ច​ចេះ​តែ​បន្ត​សម្រាប់​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍។
ប្រឈម​នឹង​បញ្ហា​នេះ ទាមទារ​ឲ្យ​យើង​ធ្វើការ​ជាមួយ​ប្រទេស​ទាំង​អស់​ក្នុង​តំបន់ ដើម្បី​ដោះស្រាយ​នូវ​តម្រូវការ​អភិវឌ្ឍន៍​ពិត​ប្រាកដ ស្រប​ពេល​ដែល​យើង​ត្រូវ​ធ្វើការ​ដើម្បី​និរន្តរភាព​បរិស្ថាន។ វា​ទាមទារ​ឲ្យ​មាន​ទិន្នន័យ​ច្បាស់លាស់​សម្រាប់​ធ្វើ​ការ​វិភាគ​ត្រឹមត្រូវ និង​ការ​ធ្វើ​ផែនការ ការ​វិនិយោគ​ប្រកប​ដោយ​ភាព​ឆ្លាត​វៃ មេដឹកនាំ​ខ្លាំង និង​ស្ថាប័ន​ប្រសិទ្ធភាព ដើម្បី​គ្រប់គ្រង​ធនធាន​សំបូរ​បែប​សម្រាប់​បម្រើ​ដល់​ផល​ប្រយោជន៍​របស់​មនុស្ស​គ្រប់​គ្នា​ក្នុង​តំបន់។
ប្រភពមកពី៖ http://www.rfa.org/khmer/news/health
ក្នុង​ន័យ​នេះ អាមេរិក​ចូល​រួម​ជាមួយ​ប្រទេស​កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និង​វៀតណាម បង្កើត​ការ​ផ្ដួចផ្ដើម​គំនិត​សម្រាប់​ទន្លេ​មេគង្គ​ក្រោម។ គោលដៅ​នៃ​ការ​ផ្ដួចផ្ដើម​គំនិត​នេះ គឺ​បង្កើត​ទស្សនៈ​រួម​អំពី​កំណើន និង​ឱកាស​ដែល​ទទួល​ស្គាល់​តួនាទី​របស់​ទន្លេ​មេគង្គ ថា​ជា​ម៉ាស៊ីន​ជំរុញ​សេដ្ឋកិច្ច និង​ជា​កន្លែង​មួយ​សម្រាប់​បរិស្ថាន។
ដោយសារ​កត្តា​នេះ​ហើយ ទើប​នៅ​ក្នុង​សប្ដាហ៍​នេះ គឺ​នៅ​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​កុម្ភៈ រដ្ឋាភិបាល​អាមេរិក និង​ឡាវ ធ្វើ​ជា​សហ​ប្រធាន​នៃ​កិច្ចប្រជុំ​ដ៏​ធំ​មួយ​សម្រាប់​មន្ត្រី​ជាន់​ខ្ពស់​មក​ពី​ប្រទេស​ទាំង​៥ នៃ​ទន្លេ​មេគង្គ​ក្រោម​ពី​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប។ កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​នៅ​ទីក្រុង​ប៉ាក់សេ ប្រទេស​ឡាវ កន្លែង​ដែល​ទន្លេ​មេគង្គ និង​ទន្លេ​សេដន (Xe Don) ប្រសព្វ​គ្នា។ កិច្ច​ប្រជុំ​នេះ​ក៏​នឹង​មាន​ការ​ចូលរួម​ដោយ​តំណាង​វិស័យ​ឯកជន និង​ម្ចាស់​ជំនួយ ដូចជា​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ដើម្បី​ពិភាក្សា​លើ​ផែនការ​សម្រាប់​និរន្តរភាព​នៅ​ថ្ងៃ​អនាគត។
ក្នុង​កិច្ច​ប្រជុំ​នោះ យើង​នឹង​ដាក់​ចេញ​នូវ​គម្រោង​មួយ​ហៅ​ថា ការ​ផ្ដួចផ្ដើម​គំនិត​ថាមពល​ទន្លេ​មេគង្គ​ប្រកប​ដោយ​ចិរភាព។ គម្រោង​នេះ​លើក​ទឹក​ចិត្ត​ប្រទេស​ក្នុង​តំបន់​ឲ្យ​អភិវឌ្ឍន៍​កម្មវិធី​ដែល​នឹង​តម្រង់​ទិស​វិនិយោគ​របស់​ពួកគេ​ឆ្ពោះ​ទៅ​កាន់​ការ​បង្កើត​ថាមពល​ថ្មី និង​ធនធាន​ដទៃ​ទៀត​ដែល​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន។
នេះ​មិន​មែន​ជា​ការ​ចង្អុល​បង្ហាញ​ផ្លូវ​អភិវឌ្ឍន៍​សម្រាប់​ប្រទេស​ទាំង​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ វា​ជា​រឿង​ដែល​សហរដ្ឋអាមេរិក និង​ប្រទេស​ដទៃ​ទៀត​ត្រូវ​ធ្វើការ​ជាមួយគ្នា​ជា​ដៃគូ ដើម្បី​បង្កើត​គោលការណ៍​ណែនាំ​ស្ដីពី​ការ​អភិវឌ្ឍន៍ និង​ការ​វិនិយោគ​ដែល​មាន​លក្ខណៈ​ស៊ី​គ្នា ដើម្បី​ធានា​ឲ្យ​មាន​សេដ្ឋកិច្ច​និង​បរិស្ថាន​ល្អ​តាម​បណ្ដោយ​ដង​ទន្លេ។
ភាពជា​ដៃគូ​នេះ គឺ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​នៃ​កិច្ច​ប្រឹងប្រែង​របស់​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) និង​រដ្ឋបាល​របស់​គាត់​ទាំង​មូល ក្នុង​ការ​គាំទ្រ​ប្រជាជន​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​ជា​សញ្ញា​បន្ថែម​ទៀត​នៃ​ការ​ប្ដេជ្ញា​ចិត្ត​របស់​អាមេរិក ដើម្បី​ជួយ​ដល់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រស់​រវើក និង​ជា​ប្រទេស​ប្រជាធិបតេយ្យ​ដែល​កំពុង​តែ​រះ។
​សម្រាប់​ប្រជាជន​អាមេរិក និង​ប្រជាជន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ក្នុង​ជំនាន់​លោក ទន្លេ​មេគង្គ​គឺ​ជា​និមិត្តរូប​នៃ​ជម្លោះ ប៉ុន្តែ​ក្នុង​ពេល​បច្ចុប្បន្ន វា​អាច​ជា​និមិត្តរូប​នៃ​កំណើន​ចិរភាព និង​ការ​គ្រប់គ្រង​ល្អ៕

0 comments:

Post a Comment