Friday, February 27, 2015

ជើង​ខ្លាំង​ហ្វីលីពីន​ប្រាប់​ Sabay ជុំ​វិញ​ការ​ប៉ះ​ ចាន់ រតនា​ ក្នុង​ទ្រុង​ខែ​មីនា​

ប្រភពមកពី៖ http://news.sabay.com.kh/
ទោះ​ជា​មិន​សូវ​ល្បី​ឈ្មោះ​ទៅ​កាន់​ក្រៅ​ប្រទេស​ ក៏​ជើង​ខ្លាំង​ហ្វីលីពីន​ Roman Gonzalez ជា​ម្ចាស់​ខ្សែក្រវាត់​ខ្មៅ Kyokoshin​ និង​ធ្លាប់​ប្រកួត​ក្នុង​ទ្រុង​នៅ​ហ្វីលីពីន​១៣​ឈ្នះ​ទាំង​អស់។ រូប​គេ​ត្រូវ​ប្រឈម​នឹង​អ្នកលេង​ល្បុក្កតោ​ខ្មែរ​ ចាន់ រតនា​ក្នុង​ព្រឹត្តិការណ៍​ ONE Championship: Age of Champions នា​ថ្ងៃ​សុក្រ ទី​១៣ ខែ មិនា​ ឆ្នាំ​២០១៥​ខាង​មុខ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ផ្សាយ​បន្ត​ផ្ទាល់​ដោយ​ទូរទស្សន៍ MYTV។

sam ang dunចាន់ រតនា (ខៀវ) ប្រកួត​នឹង សំអាង ឌុន កាល​ពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៤

Sabay ៖ តើ​លោក​​អាច​ប្រាប់​​ពី​ប្រវត្តិ​ខ្លះៗ​​របស់​លោក​ពាក់​ព័ន្ធ​នឹង​អាជីព​ប្រដាល់​បាន​​ទេ​?​
Roman ៖ ខ្ញុំ​ជា​ម្ចាស់​ខ្សែក្រវាត់​ខ្មៅ​ Kyokoshin របស់​ជប៉ុន។ ខ្ញុំ​បាន​ហាត់​ការ៉ាតេ​តាំង​ពី​អាយុ​១៤​មក​ម្ល៉េះ ហើយ​​បាន​ក្លាយ​ជា​ជើង​ឯក​ថ្នាក់​ជាតិ​​ក្នុង​ប្រភេទ​កីឡា​នេះ។ បន្ទាប់​មក​ខ្ញុំ​បាន​ចាប់​ផ្ដើម​ហ្វឹក​ហាត់​MMA លើក​ដំបូង​​ក្នុង​ឆ្នាំ​២០០៩ តែ​ខ្ញុំ​ឈប់​សម្រាក​មួយ​រយៈ​ ហើយ​ក៏​បន្ត​ក្នុង​ឆ្នាំ​២០១៤។ ការ​ប្រកួត​ MMA ស្ម័គ្រ​ចិត្ត​កន្លង​មក​៨​ដង​ ខ្ញុំ​ឈ្នះ​ទាំង​អស់​គឺ​អត់​ដែល​ចាញ់​ទេ។

Sabay ៖ លោក​​អាច​បង្ហាញ​ពី​ទិដ្ឋភាព​កីឡា​គុន​ចម្រុះ​ (MMA)​ខ្លះ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​បាន​ទេ?
Roman ៖ ​បាទ​ ក្បាច់​គុន​ចម្រុះ​នៅ​ហ្វីលីពីន ពិត​ជា​ល្បី​ល្បាញ​ខ្លាំង។ ប្រជាជន​ ហ្វីលីពីន ​ស្រលាញ់​ MMA ​ហើយ​ចាត់​ទុក​​វា​ជា​កីឡា​ពិសេស​មួយ​ ពី​ព្រោះ​ជា​ក្បាច់​គុន​ដែល​អាច​ឲ្យ​យើង​​រួម​បញ្ចូល​ក្បាច់​គុន​គ្រប់​ប្រភេទ។ ជា​ពិសេស​ពេល​ព្រឹត្តិការណ៍​ ONE​ Championship ​ចូល​មក​រៀប​ចំ​​នៅ​ហ្វីលីពីន​ ធ្វើ​ឲ្យ​ប្រទេស​យើង​កាន់​តែ​ចាប់​អារម្មណ៍​ និង​គាំទ្រ​ខ្លាំង​ឡើង។

Sabay ៖ ខាង​មុខ​នេះ​លោក​គ្រោង​នឹង​ប្រកួត​ជា​មួយ​កីឡាករ​ខ្មែរ តើ​លោក​មាន​ដឹង​ក្បាច់​គុន​ខ្មែរ​​ ឬ​ក៏​​ MMA​នៅ​កម្ពុជា​ខ្លះ​ទេ​?
Roman ៖ ខ្ញុំ​​អត់​ដឹង​អី​ច្រើន​ពី​គុន​ខ្មែរ​ទេ ​វា​ជា​សិល្បៈ​នៃ​ការ​តស៊ូ​តាម​បែប​ប្រពៃណី​ក្នុង​ប្រទេស​កម្ពុជា​ ​​វា​ស្រដៀង​នឹង​Muaythai ​ដែរ​​ ហើយ​វា​​ជា​ប្រភេទ​កីឡា​ឈរ​វ៉ៃ​ មិន​ដូច ​MMA​ទេ។ ខ្ញុំ​ដឹង​ថា​ ប្រទេស​កម្ពុជា​មាន​​កីឡាករ​ប្រដាល់​ក្នុង​ទ្រុង​ច្រើន​ និង​ល្អ​ ៗ ព្រោះ​ពូក​គេ​ប្រឹងប្រែង​ហ្វឹកហាត់​ដែរ។

Sabay ៖ និយាយ​ពី​ដៃ​គូ​របស់​លោក​គឺ​កីឡាករ​ ចាន់ រតនា តើ​លោក​យល់​ឃើញ​យ៉ាង​ណា​ដែរ?
Roman ៖ ខ្ញុំ​បាន​កត់​សំគាល់​​ឃើញ​ថា​ ចាន់ រតនា ​​ជា​អ្នក​ប្រយុទ្ធ​ម្នាក់​ដែល​ទៀង​ទាត់​ ហើយ​មាន​ទម្រង់​ប្រកួត​ល្អ​កាល​​ប្រកួត​ ONE Championship កន្លង​មក។ គាត់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ត្រៀម​ខ្លួន​ខ្ពស់​មួយ​ ហើយ​ខ្ញុំ​កំពុង​​ចង់​ជួប​គាត់​ខ្លាំង​មែន​ទែន​ ពិសេស​ខ្ញុំ​នឹង​តាំង​ចិត្ត​​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

Sabay ៖ តើ​លោក​មាន​សង្ឃឹម​ទេ​ក្នុង​ការ​តទល់​ជាមួយ​អ្នក​ប្រដាល់​កម្ពុជា​រូប​នេះ​?
Roman ៖ អ្វី​ក៏​អាច​កើត​ឡើង​បាន​ដែរ​ក្នុង​ការ​ប្រកួត​ MMA នោះ​ ដូច​នេះ​វា​ពិបាក​និយាយ​ណាស់។ ខ្ញុំ​មាន​យុទ្ធសាស្ត្រ​របស់​ខ្ញុំ​ តែ​លើក​​នេះ​អាច​ប្រែប្រួល​ ​ខ្ញុំ​ចង់​ឲ្យ​អ្នក​គាំទ្រ​​រង់ចាំ​តាម​ដាន​​ការ​ប្រកួត​ដោយ​ខ្លួន​ឯង​​ថា​នឹង​មាន​អ្វី​ខ្លះ​កើត​ឡើង៕

one championship

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​​​​​​​​​​​​​​​​​​
​​

0 comments:

Post a Comment