Sunday, March 8, 2015

និស្សិត​ខ្មែរ​ម្នាក់​ជាប់​អាហារូបករណ៍​ទៅ​​អូស្ត្រាលី​ដោយសារ​មិត្តភ័ក្ដិ​ប្រាប់ ​​

ប្រភពមកពី៖ sabay.com.kh
អតីត​និស្សិត​នៃ​វិទ្យាស្ថាន​ភាសា​បរទេស លោក ស ​សុវណ្ណ បាន​ជាប់​អាហារូបករណ៍​ទៅ​ប្រទេស​អូស្ត្រាលី នៅ​សាកល​វិទ្យាល័យ​កង់​បេ​រ៉ា ​កម្រិត​អនុបណ្ឌិត​ដោយ​ចៃដន្យ​មែន​ទែន ដោយសារ​មិត្តភ័ក្ដិ​ដែល​ធ្លាប់​រៀន​ជាមួយ​គ្នា បាន​ប្រាប់​ដំណឹង​ពី​អាហារូបករណ៍​នេះ ទាំង​ដែល​សុវណ្ណ​មិន​បាន​ដឹង​ទាល់​តែ​សោះ។ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​ លោក ស សុវណ្ណ។

scholarship student

b

មិត្តភ័ក្ដិ​ម្នាក់​ដែល​ជាប់​អាហារូបករណ៍​​មុន​ សុវណ្ណ ​ប្រហែល​កន្លះ​ឆ្នាំ បាន​ផ្ញើ​ ​link តាម​បណ្ដាញ​សង្គម​មក​ឲ្យ​។ តាម​ពិត​សុវណ្ណ​តែង​ចង់​បាន​អាហារូបករណ៍ តែ​មិន​ដឹង​ថា​ ត្រូវ​ស្វែង​រក​ដំណឹង​ទាំង​នោះ​ដោយ​របៀប​ណា ហើយ​ពេល​នោះ​ក៏​មិន​សូវ​តាំង​ចិត្ត​ខ្ពស់​ប៉ុន្មាន​ដែរ ព្រោះ​គិត​ថា ​មាន​អ្នក​ខ្លាំង​ច្រើន។ សំណាង​ល្អ​បាន​មិត្តភ័ក្ដិ​ដែល​ឈ្មោះ​កក្កដា​ប្រាប់​ពី​អាហារូបករណ៍​នោះ ព្រម​ទាំង​ណែនាំ​ និង​ ចែក​រំលែក​ពី​របៀប​ដាក់​អាហារូបករណ៍​​ឲ្យ​ទទួល​បាន​ជោគ​ជ័យ​ដល់​សុវណ្ណ​ទៀត​ផង។ សុវណ្ណ និយាយ។

សុវណ្ណ​ បន្ដថា៖ “ដំបូង​គេ​ឲ្យ​ផ្ញើរ​ពិន្ទុ IELTS ដែល​តម្រូវ​អោយ​មាន​ពិន្ទុ​យ៉ាង​តិច 6.5 ហើយ​ខ្ញុំ​បាន 7.0 ។ បន្ទាប់​មក​ទើប​ផ្ញើ​រ​សំណុំ​អាហារូបករណ៍​ទៅ​សាលា​ដែល​បាន​រើស បើ​សាលា​សម្រេច​រើស​យក​យើង​ហើយ យើង​អាច​ចូល​រៀន​តែ​ម្ដង​ដោយ​មិន​ចាំ​បាច់​ប្រលង​អ្វី​ទៀត​ឡើយ”។  ក្រោយ​មក សុវណ្ណ​ទទួល​ដំណឹង​ថា​ ជាប់​អាហារូបករណ៍​ ដោយ​សិក្សា​នៅ​ទី​នោះ​ចំណាយ​ពេល​១​​ឆ្នាំ​កន្លះ។

d

e

នៅ​ក្នុង​ថ្នាក់​ចម្រុះ​ដោយ​ជាតិ​សាសន៍​ជា​ច្រើន រី​ឯ​ ការ​សិក្សា​ទៀតសោត​ក៏​មាន​លក្ខណៈ​ប្លែក​ដែរ។​ មុន​ពេល​ចូល​រៀន​គេ​ឲ្យ Course outline មក ដោយ​ប្រាប់​ពី​កាល​វិភាគ​ប្រលង និង​ ពេល​ត្រូវ​ប្រគល់ Assignment ។ គេ​បែង​ចែក​ការ​រៀន​ជា​ពីរ គឺ​ តាម ​Lecture និង tutorial ដែល​ម៉ោង ​Lecture មិន​អនុញ្ញាត​ឲ្យ​សិស្ស​សួរ​ឡើយ​អំឡុង​ពេល​រៀន តែ​អាច​សួរ​នៅ​ចុង​ម៉ោង​ ប៉ុន្តែ ​ផ្ដល់​ឲ្យ​សិស្ស​តែ​ពីរ​ឬ​បី​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ អាច​ណាត់​ជួប​គ្រូ​តាម Email ឬ​និស្សិត​ពូកែ​ៗ​នៅ​ចាំ​ជួយ​ពន្យល់​នៅ​បណ្ណាល័យ​ចំពោះ​អ្នក​មាន​ចម្ងល់ ឬ ​រៀន​មិន​សូវ​ទាន់។ ឯ​ម៉ោង tutorial គេ​បែង​ចែក​សិស្ស​ជា​ក្រុម​មាន​គ្នា​ប្រហែល ​២៥ នាក់ ហើយ​ឲ្យ​ជជែក​ពិភាក្សា​ពី​មេរៀន។ សុវណ្ណ និយាយ​ដូច្នេះ។

សុវណ្ណ និយាយ​បន្ថែម​ថា ការ​រៀន​ទី​នោះ​ទាម​ទារ​ខ្ពស់​ពី​សិស្ស គឺ​គេ​ផ្ដោត​លើ​គុណភាព និង​ ស្វ័យ​សិក្សា​ច្រើន​ដូច្នេះ​យ៉ាង​តិច​ណាស់​មួយ​មុខ​វិជ្ជា​ក៏​ត្រូវ​អាន​ប្រហែល​ជាង​ ១០​ ក្បាល​ដែរ ដែល​នៅ​មិន​ទាន់​គិត​ទាំង​សៀវភៅ​គោល​ដែល​គ្រូ​បាន​បញ្ចូល​ក្នុង library online ដែល​ពាក់ព័ន្ធ​នឹង​ការងារ Assignment។ ក្រៅ​ពី​សិក្សា សុវណ្ណ​ បាន​រក​ការងារ​ធ្វើ​ក្រៅ​ម៉ោង​ផង​ដែរ ដើម្បី​ទទួល​បាន​បទពិសោធន៍​ផង និង​ កម្រៃ​ព្រោះ​ចង់​សន្សំ​លុយ​មួយ​ចំនួន​ជួយ​កុមារ​ក្រី​ក្រ​នៅ​ជនបទ​ពេល​មក​លេង​កម្ពុជា។

អ្នក​កើត​នៅ​ភ្នំពេញ ​តែ​រស់​នៅ​តាខ្មៅ​ និយាយ​ទៀត​ថា សុវណ្ណ​ ចិញ្ចឹម​ចិត្ត​ចង់​ជួយ​កុមារ​តាំង​ពី​យូរ​ហើយ ដោយ​សារ​កាល​នៅ​ក្មេង មាន​អង្គការ​ជប៉ុន​មួយ​បាន​យក​អំណោយ​ជា​សម្ភារៈ​សិក្សា​មក​ចែក​សិស្ស​នៅ​តាខ្មៅ​ក្នុង​តំបន់​ដែល​សុវណ្ណ​រស់​នៅ​ មាន​ដូច​ជា​ប៊ិច សៀវភៅ ខ្មៅដៃ។ សុវណ្ណ​បញ្ជាក់​ថា អំណោយ​ទាំង​នោះ​វា​អាច​មិន​ស្ថិតស្ថេរ តែ​ទឹកចិត្ត​ដែល​គេ​ជួយ​ជា​រឿង​មួយ​មិន​អាច​បំភ្លេច​បាន ប្រៀប​បាន​ជា​ការ​លើក​ទឹក​ចិត្ត​ថា ក្មេង​ៗ​នៅ​ជនបទ​មិន​ត្រូវ​បាន​គេ​បំភ្លេច​ចោល​ទេ នៅ​មាន​អ្នក​គិត​អី​ពី​គាត់ ធ្វើ​ឲ្យ​គាត់​មិន​ចង់​បោះ​បង់​សាលា​ព្រោះ​ក្មេង​ៗ​នៅ​តាម​ជនបទ​ច្រើន​គិត​ថា ក្រោយ​រៀន​ចប់​មិន​ដឹង​យក​ចំណេះ​ទៅ​ធ្វើ​អ្វី។

f
សុវណ្ណនៅពេលចុះចែកសម្ភារសិក្សានៅសាលាបឋមសិក្សាភូមិថ្មី

សុវណ្ណ ​បាន​ជួយ​ជា​សម្ភារៈ​សិក្សា​ដល់​កុមារ​នៅ​សាលា​បឋមសិក្សា​ភូមិ​ថ្មី ដែល​សាលា​នោះ ​មាន​សិស្ស​ប្រហែល ​១១០០ ​នាក់ ហើយ​ប្រាក់​ដែល​ជួយ​កុមារ មួយ​ចំណែក​បាន​ពី​គ្រួសារ​ និង​ សុវណ្ណ​ផ្ទាល់ មួយ​ចំណែក​បាន​ពី​មិត្តភ័ក្ដិ​ដែល​គាត់​មាន​បំណង​ចូល​រួម​ជួយ ហើយ​សុវណ្ណ​សង្ឃឹម​ថា​ នឹង​មាន​ឱកាស​បាន​ចូល​រួម​ជួយ​ដល់​កុមារ​បន្ត​ទៀត។

យុវជន​ដែល​ត្រូវ​បញ្ចប់​ការ​សិក្សា​នៅ​ខែ​មិថុនា​ខាង​មុខ​នេះ លើក​ទឹក​ចិត្ត​ដល់​អ្នក​ដែល​ចង់​ទៅ​រៀន​នៅ​ប្រទេស​អូស្ត្រាលី​ថា ​បើ​ចង់​បាន​អាហារូបករណ៍ ត្រូវ​ជឿ​ជាក់​លើ​ខ្លួនឯង ​ព្យាយាម និង ​មាន​សមត្ថភាព​អាច​ប្រើ​ភាសា។ សិស្ស​ភាគ​ច្រើន​មិន​សូវ​មាន​ទំនុក​ចិត្ត​ថា ​នឹង​អាច​ទទួល​បាន​អាហារូបករណ៍​ទេ គាត់​តែង​គិត​ថា​ មាន​អ្នក​ផ្សេង​ដែល​ពូកែ​ជាង​គាត់ ប៉ុន្តែ ​តាម​​ពិត បើ​ខំ​ព្យាយាម​ដោយ​មិន​បោះ​បង់ នោះ​នឹង​ទទួល​បាន​អាហារូបករណ៍​មិន​ខាន​ទេ៕

 
អត្ថបទ៖ លឹម សុ​នា

0 comments:

Post a Comment