Tuesday, March 31, 2015

អតីត U-16 ជម្រើស​ជាតិ​ខ្មែរ​ម្នាក់ ចុះ​កុងត្រា លេងនៅ​លីក​បាល់ទាត់អាមេរិក

ប្រភពមកពី៖ news.sabay.com.kh
កីឡាករ សេន ប្រភស្សរៈ អតីត​ខ្សែ​បម្រើ​ក្នុង​ឈុត​​ជម្រើស​ជាតិ​យុវជន​ក្រោម​អាយុ ១៦ ឆ្នាំ (U-16) របស់​កម្ពុជា ឆ្នាំ ២០០៩ – ២០១០ បាន​​ចុះ​កិច្ចសន្យា​រយៈពេល ១ រដូវកាល ជាមួយ​ក្រុម Greater Lowell United FC​ ក្នុង​លីក​បាល់ទាត់ National Premier Soccer League (NPSL 2015) លំដាប់​ទី៤ របស់​សហរដ្ឋអាមេរិក។

Sen Sarak

សេន ប្រភស្សរៈ ចុះ​កិច្ចសន្យា​ជាមួយ​ក្លិប​ថ្មីកាល​ពី​សប្ដាហ៍​មុន
 
ប្រាប់ Sabay មក​ពី​ទីក្រុង Lowell រដ្ឋ Massachusetts កីឡាករ​អាយុ ២១ ឆ្នាំ​ខាង​លើ​​​ថា នេះ​ជា​ជំហាន​ដំបូង​របស់​ខ្លួន​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​​ប៉ុណ្ណោះ ដោយ​ប្រកប​អាជីព​ជាមួយ​ក្លិប​ដែល​​​មាន​ភាគហ៊ុន​​ជា​ជនជាតិ​ព័រទុយហ្គាល់ មួយ​នេះ។ គេ​ជា​កីឡាករ​អាស៊ាន តែ​ម្នាក់​គត់​ដែល​លេង​ក្នុង​ក្លិប Greater Lowell United FC​ ​ ក្រោយ​មាន​ការ​ណែនាំ​ពី​​មិត្តភ័ក្ដិ​​ម្នាក់​ជា​ជនជាតិ​អ៊ីរ៉ាក់ ដែល​​ជា​កីឡាករ​នៅ​ទីនោះ ប្រាប់​ដល់​គ្រូ​បង្វឹក រហូត​ដល់​ថ្ងៃ​​ចុះ​កិច្ចសន្យា កាល​ពី​សប្ដាហ៍​មុន តែ​ម្ដង។
 
តាម​ពិត ប្រភស្សរៈ បាន​ចេញ​ទៅ​រស់​នៅ​ជាមួយ​ឱពុក​បង្កើត​របស់​ខ្លួន​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក កាល​ពី​​សីហា ឆ្នាំ ២០១៤ កន្លង​ទៅ ក្រោយ​បញ្ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់​​របស់​គេ​​​នៅ​កម្ពុជា ជាមួយ​ក្លិប Albirex Niigata Phnom Penh។
 
និយាយ​ពី​អាជីព​បាល់ទាត់​នៅ​កម្ពុជា វិញ សេន ប្រភស្សរៈ ជា​កីឡាករ​​យុវជន​ថ្នាល​របស់​ក្លិប ព្រះខ័នរាជ (ស្វាយរៀង) មុន​ផ្ទេរ​ទៅ​ជួយ​ក្រុម​ត្រាយអាស៊ីភ្នំពេញ (Cambodian Tiger) ឡើង​ពី​ក្រប​ខណ្ឌ​ក១ ក្នុង​ឆ្នាំ ២០១៣។ ក្រោយ​មក​ទៀត​គេ​​បាន​ជាប់​ជា​សមាជិក​របស់​ក្លិប​ភ្នំពេញក្រោន មុន​ទៅ​ចូលរួម​ជាមួយ Albirex Niigata កាល​ពី​រដូវកាល​មុន។
 
កាល​ពី​អាយុ ១២ ឆ្នាំ រូប​គេ​មាន​ក្ដី​ប្រាថ្នា​ចង់​ក្លាយ​ជា​កីឡាករ​បាល់ទាត់​ខ្មែរ​ម្នាក់​លេង​នៅ​លើ​ទឹកដី​សហរដ្ឋ​អារមេរិក ហើយ​ឥឡូវ​នេះ​បាន​សម្រេច​ដូច​ក្ដី​បំណង​ហើយ។ ប៉ុន្តែ​អ្វី​ដែល​គេ​ចង់​បាន​បន្ទាប់​គឺ​ក្លាយ​ជា​សមាជិក​ក្នុង​​ក្លិប​ណា​មួយ​នៃ​លីក​បាល់ទាត់​កំពូល​អាមេរិក Major League Soccer (MLS) ក្នុង​ថ្ងៃ​អនាគត។ គោល​បំណង​សំខាន់​របស់​គេ​គឺ ​ចង់​បង្ហាញ​​ពី​អ្វី​ជា​របស់​ខ្មែរ នៅ​លើ​ទឹកដី​​អាមេរិក។

Sen Sarak 02

សេន ប្រភស្សរៈ (លេខ១០) កាល​ជាប់ជម្រើស U-16 ជម្រើស​ជាតិ
 
ខ្សែ​បម្រើ​រូប​នេះ​ដឹង​ថា​ក្លិប​​ថ្មី​របស់​គេ មិន​សូវ​ល្បី​បើ​ធៀប​នឹង​ក្លិប​ខ្លាំងៗ នៅ​អាមេរិក ប៉ុន្តែ​គេ​នឹង​ខិតខំ​បញ្ចេញ​សមត្ថភាព​ឱ្យ​បាន​ល្អ ទោះជា​ពេល​វេលា​ហ្វឹកហាត់​ជាន់​គ្នា​ជាមួយ​ការងារ​​ក្រៅ​ម៉ោង ឬ ត្រូវ​ប្រកួត​ក្រោម​​តំណក់​គ្រាប់​ព្រិល​ក៏​ដោយ។
​ 
ប្រភស្សរៈ ជា​កីឡាករ​ឈុត​ U-16 របស់​កម្ពុជា ជំនាន់ កីឡាករ ចាន់ វឌ្ឍនាកា (បឹងកេតអង្គរ), ហួយ ផល្លីន (ស្វាយរៀង) និង ប្រាក់ មុន្នីភារុណ (អគ្គស្នងការដ្ឋាន​នគរបាលជាតិ) ជាដើម ដោយ​ធ្លាប់​ចេញ​ទៅ​ប្រកួត​វគ្គ​ជម្រុះ​ពូល G នៃ​ពាន​រង្វាន់​ទ្វីប​អាស៊ី 2010 AFC U-16 Championship ជាមួយ​ ​ក្រុម កូរ៉េខាងជើង, វៀតណាម, កូរ៉េខាងត្បូង និង មីយ៉ាន់ម៉ា និង ម្ចាស់​ផ្ទះថៃ ក្រោម​ការ​ដឹកនាំ​របស់​លោក​គ្រូ​បង្វឹក​ជនជាតិ​ជប៉ុន Teshima Atsushi៕
 
អត្ថបទ៖ ម៉ឺន រស្មី
រូបថត៖ ផ្ដល់ឱ្យ

0 comments:

Post a Comment