Sunday, March 8, 2015

សមត្ថកិច្ច ប្រើពេល ជាច្រើនម៉ោង រំដោះប្រពន្ធ ពីការវាយធ្វើបាប របស់ប្តីញៀនថ្នាំ នៅស្រុកមេមត់

ប្រភពមកពី៖ khmerload.com
ត្បូងឃ្មុំ៖ កម្លាំងចម្រុះស្រុកមេមត់ កាលពីយប់មិញនេះ បានឃាត់ខ្លួនបុរសម្នាក់ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោយពេលបង្ខាំងប្រពន្ធនៅក្នុងផ្ទះ ហើយធ្វើទារុណកម្មវាយធ្វើបាបយ៉ាងដំណំ, នេះបើតាម លោក ព្រំ វុទ្ធី មេបញ្ជាការអាវុធហត្ថស្រុកមេមត់ បានប្រាប់ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥នេះ ។
បុរសជាប្តីដែលបានប្រើអំពើហិង្សាធ្ងន់ធ្ងរ ដល់ភរិយានេះមានឈ្មោះ ក្រី ភ័ន អាយុ៣៣ឆ្នាំ ជាជនញៀនថ្នាំ ចំណែកប្រពន្ធ ឈ្មោះ ឡេង ដានី អាយុ៣១ឆ្នាំ ។ តាមសមត្ថកិច្ចបានឱ្យដឹងថា នៅព្រឹកថ្ងៃទី៧ មីនា ម្សិល មិញនេះ បុរសខាងលើ បានវាយដំប្រពន្ធយ៉ាងដំណំ ហើយត្រូវប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ច ។ លុះកម្លាំងអាវុធហត្ថបានទៅដល់ផ្ទះកើតហេតុ ប្តីរូបនេះបានប្រាប់ឱ្យសមត្ថកិច្ច ដកកម្លាំងទៅវិញ ហើយថា ខ្លួនត្រូវរ៉ូវគ្នាជាមួយប្រពន្ធវិញហើយ ។
រហូតដល់ពេលថ្ងៃត្រង់ ទើបសាច់ញាតិរបស់ស្រ្តីជាប្រពន្ធ បានមកប្តឹងសមត្ថកិច្ចម្តងទៀតថា ប្តីនៅបន្ត វាយប្រពន្ធ ធ្ងន់ធ្ងរ ទើបកម្លាំងសមត្ថកិច្ច ចម្រុះ ចុះទៅដល់កន្លែងកើតហេតុ ហើយទម្លុះទ្វាររំដោះនារី រងគ្រោះតែម្តង ទាំងមានឈាមស្រោចពេញក្បាល ។ ភ្លាមៗនោះ បុរសជាប្តីបាន ព្យាយាម រត់គេចខ្លួន តាមវាលស្រែ ប៉ុន្តែត្រូវបាន កម្លាំងអាវុធហត្ថស្រុក សហការជាមួយសមត្ថកិច្ចអង្គភាពផ្សេងទៀត ចាប់ខ្លួនបាន៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល

0 comments:

Post a Comment