Wednesday, March 4, 2015

ទី​លាន​​ធ្លាប់​តែ​ដី​ហុយបែក​ផ្សែង​​​ ​អាច​នឹង​ប្រកួត​ស៊ីហ្គេម​២០២៣​បាន

ប្រភពមកពី៖​ sabay
ក្រសួង​អប់រំ​ យុវជន និង​កីឡា​​នឹង​ចាប់​ផ្តើម​ជួសជុល​កីឡដ្ឋាន​នៅ​ក្នុង​បរិវេណ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នា​ពេល​ខាង​មុខ​នេះ​​ហើយ​ដែល​ទី​លាន​នៅ​សាកល​វិទ្យាល័យ​មួយ​នេះ​អាច​នឹង​រៀប​ចំ​ឲ្យ​មាន​ការ​ប្រកួត​កីឡា​មួយ​ចំនួន​នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​២០២៣​បាន​ ប្រសិន​បើ​កម្ពុជា​ពុំ​មាន​ទី​លាន​គ្រប់​គ្រាន់។

RUPP-9

លោក​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ កីឡដ្ឋាន​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ក្រសួង​អប់រំ​គ្រោង​នឹង​ជួសជុល​នា​ពេល​ខាង​មុខ​នេះ​ហើយ។ ទី​លាន​នៅ​សាកល​វិទ្យាល័យ​មួយ​នេះ​មាន​ដូច​ជា​ទី​លាន​បាល់ទាត់​ កន្លែង​រត់​ប្រណាំង​ជុំ​វិញ​ទី​លាន​បាល់ទាត់​ ទី​លាន​បាល់ទះ​ និង​បាល់បោះ​ជា​ដើម។ ទី​លាន​ទាំង​អស់​នេះ​នឹង​ជួសជុល​ឲ្យ​មាន​លក្ខណៈ​ស្តង់ដារ​ ហើយ​អាច​រៀប​ចំ​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​បាន។

ថ្លែង​ប្រាប់​ Sabay ក្នុង​មហា​សន្និបាត​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ​២០១៤​ និង​ដាក់​ទិសដៅ​ឆ្នាំ​២០១៥​នៅ​ទី​ស្នាក់​ការ​NOCC​ លោក​ វ៉ាត់ ចំរើន​ថា ៖«ពេល​យើង​ជួសជុល​រួច​ មាន​លក្ខណៈ​ស្តង់ដារ​ត្រឹម​ត្រូវ​ យើង​អាច​នឹង​យក​កីឡដ្ឋាន​នេះ​សម្រាប់​រៀប​ចំ​ការ​ប្រកួត​កីឡា​ផ្លូវ​ការ​មួយ​ចំនួន​បាន​ ប្រសិន​បើ​យើង​ខ្វះ​ទី​លាន​ ពេល​យើង​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​ឆ្នាំ​២០២៣​ដូច​ជា​កីឡា​បាល់ទះ​ បាល់បោះ ឬ​រត់​ប្រណាំង​ជា​ដើម»។

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​គ្រោង​ចំណាយ​ថវិកា​ចំនួន​១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដើម្បី​ជួសជុល​ទី​លាន​កីឡា​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ ក្រៅ​ពី​ទី​លាន​កីឡា​នៅ​សាកល​វិទ្យាល័យ​មួយ​នេះ​ ក្រសួង​ក៏​គ្រោង​ជួសជុល​ទី​លាន​កីឡា​នៅ​តាម​បណ្តា​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​នានា​នៅ​រាជ​ធានី​ភ្នំពេញ​ និង​ជួសជុល​កីឡដ្ឋាន​តាម​បណ្តា​ខេត្ត​ ព្រម​ទាំង​កីឡដ្ឋាន​នៅ​តាម​វិទ្យាល័យ​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ផង​ដែរ៕

RUPP-5

RUPP-6

RUPP-7

RUPP-8
អត្ថបទ៖ ជាន ចាន់រ៉ា

0 comments:

Post a Comment