Monday, March 16, 2015

សមត្ថកិច្ច នគរបាលខេត្តតាកែវ ប្រើអំពើហិង្សា លើស្រ្តីម្នាក់ យ៉ាងសាហាវព្រៃផ្សៃ

មា​នប្រភពមកពី៖ khmerload
តាកែវ៖ ស្រ្តីម្នាក់ត្រូវបាន មន្រ្តីនគរបាល ខេត្តតាកែវ ពាក់ស័ក្តិបីម្នាក់ រួមនឹងបងប្អូន បីនាក់ផ្សេងទៀត បានព្រួតគ្នាប្រើ អំពើហិង្សា យ៉ាងសាហាវ ព្រៃផ្សៃជាទីបំផុត ដោយយកខ្សែគោចងដៃ និងវ៉ៃរហូត ទាល់តែសន្លប់ ស្ដូកស្ដឹង ។
ហេតុការណ៍ នៃការប្រើអំពើហិង្សានេះ បានកើតឡើង កាលពីថ្ងៃអាទិត្យ ទី១៥ ខែមីនា បន្ទាប់ពីស្រ្តី រងគ្រោះឈ្មោះ អេង វិបុល អាយុ៣៧ឆ្នាំ បានរារាំងបុរស៤នាក់ បងប្អូនខាងលើ មិនឲ្យរុះរើផ្ទះនៅក្នុងភូមិតុំ សង្កាត់ករកាក្រៅ ក្រុង ដូនកែវ ដែលផ្ទះនេះ គាត់បានរស់នៅជាង ៣០ឆ្នាំមកហើយ ។
យោងតាមស្រ្តីរងគ្រោះ បានប្រាប់ឲ្យដឹងថា ការនាំគ្នាមករុះរើផ្ទះ របស់គាត់គឺ ពុំមានការជូនដំណឹង ពីអាជ្ញាធដែនដី ឬ តុលាការនោះទេ ពោលគឺជនដៃដល់ ទាំង៤នាក់ បងប្អូនដែលក្នុង ចំណោមពួកគេ ទាំងអស់នោះ មានម្នាក់ឈ្មោះ ខាត់ ចន្ធី មានតួនាទីជា នគរបាល ពាក់ស័ក្តិបី នៃស្នងការដ្ឋាន នគរបាលខេត្តតាកែវ បាននាំគ្នាយកខ្សែគោ មកចងគាត់ ហើយ បានវ៉ៃគាត់ រហូតដល់សន្លប់ និងបានរុះរើផ្ទះ គាត់ឡើងខ្ទេចខ្ទី ហើយព្រមទាំង បានបាត់បង់ ទ្រព្យសម្បត្តិ នៅក្នុងផ្ទះអស់ មួយចំនួនធំ ថែមទៀតផង ។
បើតាមសាក្សី ជាប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅពេលដែល ជនដៃដល់ ប្រើអំពើហិង្សាដាក់ ស្រ្តីជនរងគ្រោះ និងបាននាំគ្នារុះរើផ្ទះ គេឃើញកម្លាំង នគរបាលប៉ុស្តិ៍ សង្កាត់រកាក្រៅពីរ រួមនឹងលោក មេប៉ុស្តិ៍រកាក្រៅ អ៊ូច ថុល ក៏បានមកដល់ ក៏ប៉ុន្តែលោក ម៉េប៉ុស្តិ៍មិនបានឃាត់ ជនដៃដល់ មិនឲ្យប្រើអំពើហិង្សា លើស្រ្តីជនរងគ្រោះ នោះទេ។ ពោលគឺគ្រាន់តែ មកមើលមួយភ្លែត ក៏ចេញទៅវិញបាត់ ដោយទុកឲ្យជនដៃដល់ ធ្វើអំពើរំលោភច្បាប់ យ៉ាងអាក្រក់ជាទីបំផុត ។
ពាក់ព័ន្ធទៅនឹងការ ប្រើអំពើហិង្សានេះ អ្នកស្រី ឯក គ្រី ជាម្ដាយរបស់ ស្រ្តីរងគ្រោះ បាននាំកូនស្រី ទៅដាក់ពាក្យបណ្ដឹង នៅតុលាការ ខេត្តតាកែវ ដោយប្ដឹងឈ្មោះ ខាត់ ចន្ធី ជាមន្រ្តីនគរបាល ខេត្តតាកែវ និងឈ្មោះ ខាត់ ចន្ថា ជាគ្រូពេទ្យ ព្រមទាំងបក្ខពួក ពីរនាក់ទៀត ដែលបានប្រើ អំពើហិង្សាមកលើ កូនស្រីរបស់គាត់ ដោយយកខ្សែគោ ចងស្លាបសេក និងវាយដំយ៉ាង សាហាវយង់ឃ្នង ។
ពាក្យបណ្ដឹងក៏បាន សំណូមពរ ឲ្យលោកស្រីប្រធាន សាលាដំបូងខេត្តតាកែវ មេត្តារកយុត្តិធម៌ និងផ្ដន្ទាសទោស ជនដៃដល់ទៅ តាមច្បាប់ផងដែរ ។
ពាក់ព័ន្ធទៅនឹង ការចោទប្រកាន់នេះ លោក ខាត់ ចន្ធី មន្រ្តីនគរបាល ខេត្តតាកែវ មិនអាចសុំការ បំភ្លឺបានទេនៅថ្ងៃនេះ។ លោក អ៊ុក សំណាង ស្នងការនគរបាល ខេត្តតាកែវ បានប្រាប់ឲ្យជនរងគ្រោះ មកដាក់ពាក្យបណ្ដឹង នៅការរិយាល័យ បុគ្គលិក នៃស្នងការដ្ឋាន នគរបាលខេត្តតាកែវ ហើយសមត្ថកិច្ច និងចាត់វិធានការ ដោយកសាងសំណុំរឿង បញ្ជូនទៅ តុលាការ ដើម្បីចាត់ការ ទៅតាមនីតិវិធីច្បាប់ ៕

0 comments:

Post a Comment