Sunday, March 1, 2015

NOCC តែង​តាំ​អតីត​​​​អ្នក​កីឡា​កាស និង​សមាជិក​សភា​​​​ជប៉ុន​ជា​ទូត​សុឆន្ទៈ​

ប្រភពមកពី៖ sabay.com
កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ ម្សិល​មិញ​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​បាន​តែង​តាំង​សមាជិក​សភា​ និង​អតីត​កំពូល​អ្នក​កីឡា​កាស​ជប៉ុន​​លោក​ Antonio Inoki ជា​ទូត​សុឆន្ទៈ​របស់​ខ្លួន​ប្រចាំ​នៅ​ប្រទេស​ជប៉ុន​ក្នុង​គោល​បណ្តុះ​បណ្តាល និង​ផ្សព្វផ្សាយ​កីឡា​អូឡាំពិក​ដែល​ប្រទេស​ជប៉ុន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ឆ្នាំ​២០២០។

Inokiលោក វ៉ាត់ ចំរើន ប្រគល់​លិខិត​តែង​តាំង​ដល់​លោក Inoki

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​មាន​ប្រកាស​ក្នុង​ពិធី​តែង​តាំង​នោះ​ថា​ នេះ​ជា​ជំហាន​សំខាន់​មួយ​ទៀត​ដែល​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​សហការ​ជា​មួយ​អ្នក​ជំនាញ​កីឡា​ជប៉ុន​ដើម្បី​បង្កើត​ការ​ហ្វឹកហាត់​ ការ​បញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់ ការ​ផ្សព្វផ្សាយ​ និង​ការ​អប់រំ​ប្រភេទ​កីឡា​ប្រយុទ្ធ។

លោក​ថា ៖«ដឹង​ស្រាប់​ហើយ​ ជប៉ុន​នឹង​ធ្វើ​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ​២០២០​ អីចឹង​ជប៉ុន​ចង់​ជួយ​ជ្រោមជ្រែង​កម្ពុជា​ យើង​ឲ្យ​មាន​​កីឡា​ច្រើន​ប្រភេទ​បាន​ចូល​រួម​ប្រកួត។ យើង​នឹង​ខិត​ខំ​បញ្ជូន​ក្រុម​កីឡា​បែប​ប្រយុទ្ធ​របស់​យើង​​ទៅ​ហ្វឹកហាត់​នៅ​ជប៉ុន ឬ​អ្នក​ជំនាញ​ជប៉ុន​មក​បង្ហាត់​ដល់​ប្រទេស​យើង​ ហើយ​យើង​នឹង​ឲ្យ​ជប៉ុន​ជួយ​អភិរក្ស​កីឡា​ប្រយុទ្ធ​ប្រពៃណី​របស់​យើង​គឺ​ល្បុក្កតោ»។

Inoki-1លោក Inoki ប្រគល់​សម្ភារៈ​កីឡា​ដល់​លោក វ៉ាត់ ចំរើន

លោក​បាន​បន្ថែម​ថា លើស​ពី​នេះ​ទៀត​ក្រុម​អ្នក​ជំនាញ​កីឡា​ជប៉ុន​នឹង​ចុះ​មក​អប់រំ​ និង​ផ្សព្វផ្សាយ​អំពី​ទស្សនា​វិជ្ជា​អូឡាំពិក​​​ដល់​ប្រទេស​កម្ពុជា។ ​ជាក់​ស្តែង​ ចាប់​ពី​ថ្ងៃ​ទី​៣​ ខែ​មីនា​​នេះ រហូត​ដល់​ខែ​ឧសភា​ អ្នក​ជំនាញ​វ័យ​ក្មេង​ជប៉ុន​មួយ​ក្រុម​​បាន​មក​ប្រទេស​កម្ពុជា​ដើម្បី​រៀប​ចំ​ផ្សព្វផ្សាយ​អំពី​កីឡា​អូឡាំពិក​នៅ​កម្ពុជា។

ចំណែក​លោក​ ​ Antonio Inoki អាយុ​៧២​ឆ្នាំ​មាន​ប្រសាសន៍​ថា​ នេះ​ជា​កត្តា​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស​ទាំង​ពីរ​ក៏​ដូច​ជា​ប្រទេស​ទូទាំង​សាកល​លោក​ ពី​ព្រោះ​កីឡា​​នាំ​មក​នូវ​សុខភាព និង​នាំ​មក​នូវ​សន្តិភាព​ជា​សកល។ លោក​បាន​ថ្លែង​អំណរ​គុណ​ដល់​កម្ពុជា​ដែល​បាន​តែង​តាំង​លោក​ជា​ទូត​សុឆន្ទៈ​ប្រចាំ​នៅ​ប្រទេស​ជប៉ុន។

លោក​ Inoki ​បច្ចុប្បន្ន​ជា​សមាជិក​សភា​ជប៉ុន​ជា​អតីត​កំពូល​អ្នក​កីឡា​កាស​ពិភព​លោក​​ដែល​ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក​ជា​ច្រើន​ និង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ស្មើ​នឹង​ស្តេច​ប្រដាល់​សាកល​ Mohamad Ali៕

អត្ថបទ៖ ជាន ចាន់រ៉ា

0 comments:

Post a Comment